ជាតិ
កម្ពុជា រំពឹងជោគជ័យលើការនាំចេញសម្បុកត្រចៀកកាំទៅចិន នៅចុងឆ្នាំនេះ
09, Sep 2023 , 10:19 pm        
រូបភាព
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកាំខ្មែរ។ រូបភាព៖ ហ្វេសប៊ុករបស់លោក
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកាំខ្មែរ។ រូបភាព៖ ហ្វេសប៊ុករបស់លោក
ភ្នំពេញ៖ កម្ពុជា រំពឹងបានជោគជ័យលើការនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិនដោយ ផ្ទាល់ នៅចុងឆ្នាំ២០២៣។ ការបើកចំហទីផ្សាររបស់ចិន នឹងធ្វើឱ្យសម្បុកត្រចៀកកាំកម្ពុជា ទទួលបានតម្លៃខ្ពស់ និងការបញ្ជាទិញច្រើន ព្រោះថា ប្រទេសមហាអំណាចសេដ្ឋកិច្ច អាស៊ី មួយនេះមានចំនួនអ្នកប្រើប្រាស់ច្រើន។


 
 លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកាំខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែកញ្ញាថា នៅចុងឆ្នាំ២០២៣នេះ ចិននឹងរៀបចំឱ្យមានការនាំចូលសម្បុក ត្រចៀកកាំពី កម្ពុជាដោយផ្ទាល់។ ចំណែក នីតិវិធី ឬលក្ខខណ្ឌតម្រូវ លោកមិនទាន់អាចបញ្ជាក់បាន នៅឡើយទេ ដោយសារភាគីទាំងពីរកំពុងធ្វើការលើរឿងនេះ។ 
 
សម្បុកត្រចៀកកាំ ត្រូវបានចាត់ចូលជាទំនេញអាទិភាពមួយក្នុងចំណោមទំនិញជាច្រើនរបស់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារចិន។ ទំនេញនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចរចាគ្នាជាយូរមកហើយ ប៉ុន្តែមិនទាន់បានសម្រេច ដោយសារតែទំហំនៃការផលិតរបស់កម្ពុជាតិច ខណៈកង្វះទិន្នន័យ ជាឧបសគ្គធំ ដែលធ្វើឱ្យអ្នកទិញ ព្រមទាំងអ្នកវិនិយោគ រារែក។
ដ្បិតដំណើរនាំចេញសម្បុកត្រចៀកកាំមានភាពស្មុគស្មាញ ប៉ុន្តែ លោក ស៊ុយ កុកធាន សង្ឃឹមថា កម្ពុជានឹងសម្រេចបានជោគជ័យក្នុងការចរចានាំទៅចិន ពោលគឺក្រោយពេល សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅទស្សនកិច្ចនៅចិន នាពាក់កណ្ដាលខែកញ្ញានេះ។ 
 
លោក ប្រាប់ដូច្នេះ៖« ខ្ញុំសង្ឃឹមថា ការនាំចេញនេះនឹងជោគជ័យ នៅពេលប្រមុខរដ្ឋាភិបាលថ្មី សម្ដេច ហ៊ុន ម៉ាណែត អញ្ជើញទៅទស្សនកិច្ចនៅចិន ពាក់កណ្ដាលកញ្ញានេះ។ ក្នុងដំណើរនោះ ខ្ញុំគិតថានឹងអាចមានព័ត៌មានល្អៗច្រើនពាក់ព័ន្ធនឹងការបើកទីផ្សារផលិតផលខ្មែរ ទៅទីផ្សារចិន»។ 
 
សម្បុកត្រចៀកកាំកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជាថៃ និងវៀតណាម។ ចំពោះ ចិនវិញ កម្ពុជាក៏បាននាំចូលទៅមួយចំនួនផងដែរ ប៉ុន្តែក្នុងក្របខណ្ឌក្រៅផ្លូវការ។ សមាគមត្រចៀកកាំខ្មែរ មានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងជួយឱ្យកម្ពុជារឹងមាំ និងអាចកាត់បន្ថយការពឹងពាក់ទៅលើ ថៃនិងវៀតណាម។ 
 
លោក កុកធាន បន្ថែមដូច្នេះថា៖« កន្លងមក យើងនាំតាមរយៈថៃ តាមរយៈវៀតណាម គឺជាទីផ្សាររបស់យើង។ ចំណែក ការនាំទៅចិនតិចតួចទេ ជាលក្ខណៈក្រៅផ្លូវការ។ ប៉ុន្តែ នៅពេលយើងបើកទីផ្សារពេញលក្ខណៈ យើងអាចនាំទៅចិនដោយស្មើមុខ ស្មើមាត់ ដោយអត់ចាំបាច់ពឹងផ្អែកលើប្រទេសជិតខាង»។
 
បច្ចុប្បន្ន សម្បុកត្រចៀកកាំ បានធ្លាក់ថ្លៃប្រមាណ ១៥ភាគរយ ខណៈការផលិតមានកើនឡើង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ មូលហេតុនៃការធ្លាក់ថ្លៃ ដោយសារតែពាណិជ្ជកម្មរវាងចិន និងវៀតណាម មានការរឹតបន្តឹង ដែលធ្វើឱ្យការនាំចេញមានការកកស្ទះ ខណៈកម្ពុជា ត្រូវពឹងផ្អែកវៀតណាម ដើម្បីបាននាំចេញទៅចិន។ បន្ថែមពីលើនេះ វិបត្តិសេដ្ឋកិច្ច ក៏ធ្វើឱ្យពលរដ្ឋចិន កាត់បន្ថយការប្រើប្រាស់ផងដែរ។
 
បើតាមសមាគមត្រចៀកកាំខ្មែរ សព្វថ្ងៃ សំបុកត្រចៀកកាំមានតម្លៃ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសំបុកល្អមានតម្លៃរហូតដល់ជាង ៧០០ដុល្លារក្នុងមួយគីឡូក្រាម។ 
ជាមួយគ្នានេះ លោក ស៊ុយ កុកធាន បានណែនាំឱ្យកសិករពង្រឹងស្តង់ដារ និងគុណភាពផលិតសម្បុកត្រចៀកកាំ ដើម្បីងាយស្រួលចាប់ឱកាសនាំចេញទៅទីផ្សារចិន ដែលមានតម្លៃខ្ពស់។ ដើម្បីបង្កភាពងាយស្រួលអ្នកភាគីចិន ដែកជាបញ្ជាទិញ លោក ស្នើឱ្យអ្នកចិញ្ចឹមទាំងអស់ចូលរួមជាមួយសមាគមត្រចៀកកាំខ្មែរ ផ្ដល់ទិន្នន័យពីចំនួនផ្ទះ និងសម្បុក។ ទិន្នន័យទាំងនេះ គឺជាតម្រូវការរបស់អ្នកវិនិយោគ៕

Tag:
 សំបុកត្រចៀកកាំ
  សមាគមត្រចៀកាំខ្មែរ
  ស៊ុយ កុកធាន
© រក្សាសិទ្ធិដោយ thmeythmey.com