ជាតិ
យុវសិស្ស២០នាក់ នៃសាលាជំនាន់ថ្មី បង្កើតរ៉ូបូត ៥ប្រភេទសម្រាប់ប្រកួតប្រជែង
10, Sep 2023 , 9:19 am        
រូបភាព
ភ្នំពេញ៖ យុវសិស្សចំនួន២០នាក់ នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បានចូលរួមប្រកួតប្រជែងផលិតរ៉ូបូត ដោយផលិតរ៉ូបូតចំនួន៥ប្រភេទផ្សេងៗគ្នា។ កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា។

 
កម្មវិធីប្រកួតប្រជែងផលិតរ៉ូបូត ជាផ្នែកមួយនៅក្នុងគម្រោងបង្កើតការបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជា ក្រោមការជួយគាំទ្រពី KOICA ក្នុងគោលបំណងលើកកម្ពស់ការអប់រំមុខវិជ្ជាស្ទែម និងសហគ្រិនភាពដោយប្រើរ៉ូបូត ។ 
 
ក្នុងការប្រកួតនៅសាលាជំនាន់ថ្មីនេះ មានយុវសិស្សចំនួន ២០នាក់ មកពី៥ក្រុមផ្សេងគ្នា ដោយបានបង្កើតរ៉ូបូតចំនួន ៥ប្រភេទផ្សេងទៀត។ ការប្រកួតប្រជែងនេះ បានបែងចែកជា២វគ្គ ដោយ  វគ្គទី១ តម្រូវឲ្យសិស្សតាមក្រុមនីមួយៗធ្វើបទបង្ហាញ ពីរបៀបនៃការតំទ្បើងរ៉ូបូត។ ដោយឡែក វគ្គទី២ គឺជាការប្រកួតប្រជែងពីល្បឿនរ៉ូបូត នៅលើ Roadmap។ 


ម្ចាស់ជ័យលាភីលេខ១ គឺ Team Formula F3
 
សម្រាប់សមាសភាពបេក្ខជនចូលរួមមានដូចជា Team Loy រួមមាន យុវសិស្ស ហ៊ាង ម៉ាលីហ័ង, រិទ្ធចរិយា សានតា, ព្រី គឹមលាភ និងហាន គីមហេង។ ចំណែក Minion Team មានដូចជា យុវជន សុក សម្បូរ, ហាក់ ជីម៉ី, អៀ ម៉ុងហួរ និងពូន វីៈសក្តា។ រីឯ Team Formula F3  មានដូចជា យុវសិស្ស ង៉ុក ស្រីមាស, ផូ តេជរស្មី, ឈួ សុធារីសា និងឯកចិន្តា សុណារិទ្ធ។ 
 
ចំពោះ Team Robotic មានយុវសិស្ស សៅ បូទុមវត្តី, សាយ ឬទ្ធីយុទ្ធ, ឈឹមដារិន សំណាងរស្មី និងសម្ផស្ស ពេជ្រវឌ្ឍនៈ។ Team Rabbit មានដូចជា យុវសិស្ស ចែវ លីម៉េង, ស៊ាប សុខឃាង, វិសាល សុគន្ធវិភូ និង ឈឿន រតនៈសំបូរ។ 
 
ជាមួយគ្នានេះ ក្រុមដែលទទួលបានជ័យលាភីលេខ១ មានឈ្មោះ Team Formula F3, ក្រុមទទួលជ័យលាភីលេខ២ គឺ Minion Team និងជ័យលាភីលេខ៣ គឺ Team Loy។
 
សូមជម្រាបថា កម្មវិធីប្រកួតនេះ បានរៀបចំនៅតាមបណ្តាសាលាជំនាន់ថ្មីចំនួន៥កន្លែង ក្នុងនោះរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ , វិទ្យាល័យព្រែកលៀប ( ភ្នំពេញ) វិទ្យាល័យព្រែកអញ្ចាញ (កណ្តាល) វិទ្យាល័យពាមជីកង (កំពង់ចាម) និង វិទ្យាល័យគោកព្រីង(ស្វាយរៀង) ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣៕
 

ម្ចាស់ជ័យលាភីលេច២គឺ Team Minion


ម្ចាស់ជ័យលាភីលេខ ៣ គឺជា Team Loy
 

Tag:
 រ៉ូបូត
  សាលាជំនាន់ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com