ជាតិ
កម្ពុជា ស្នើកូរ៉េខាងត្បូងជួយជំរុញទេសចរខ្លួនមកលេងកម្ពុជា ឱ្យដូចមុនវិបត្តិកូវីដ-១៩
10, Sep 2023 , 6:59 pm        
រូបភាព
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងថតថ្ងៃរះ នៅប្រាសាទអង្គរវត្ត។ រូបភាព៖ ស៊ុល រ៉វី
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងថតថ្ងៃរះ នៅប្រាសាទអង្គរវត្ត។ រូបភាព៖ ស៊ុល រ៉វី
ភ្នំពេញ៖ កម្ពុជាបានស្នើដល់រដ្ឋាភិបាលកូរ៉េ ឱ្យជំរុញភ្ញៀវទេសចរមកលេងកម្ពុជា កាន់តែ ច្រើន ដូចមុនវិបត្តិកូវីដ-១៩។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាង លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក គីម ជីន ព្យូ ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា។

 
ក្រៅតែពីការចង់បានភ្ញៀវទេសចរ កម្ពុជាក៏ជំរុញឱ្យកូរ៉េ បង្កើនការនាំចូលផលិតផលពី កម្ពុជា ជាពិសេសកសិកម្ម និងកសិផលកែច្នៃ, ជំរុញការរវិនិយោគផ្ទាល់ឱ្យកាន់តែច្រើន និងជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យាឌីជីថលដល់សភាកម្ពុជា ដើម្បីមានធនធានគ្រប់គ្រាន់ ឈានទៅអភិវឌ្ឍខ្លួនឱ្យក្លាយជាសភាឌីជីថលដែរ។
 
ជាការឆ្លើយតប កូរ៉េបានសន្យាជួយគាំទ្រកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យនៃយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកសិកម្ម អព្យាក្រឹតកាបូន និងទេសចរណ៍។
 
ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការកសាងសមត្ថភាព ការអភិវឌ្ឍ ធនធានមនុស្ស ភាពប្រទាក់ក្រឡាគ្នានៃសន្តិសុខទឹក ថាមពល និងស្បៀង ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំង ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីផ្សេងៗទៀត។
 
លើសពីនេះ កម្ពុជា-កូរ៉េ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នា ការជឿ ទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ 
 
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ២.៥លាន កើនឡើង៤០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ 
Relate, 129474

Tag:
 ទេសចរ
  ឃួន សុដារី
  Kim Jin Pyo
© រក្សាសិទ្ធិដោយ thmeythmey.com