អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម និងអាម៉េរិកដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
11, Sep 2023 , 10:43 am        
រូបភាព
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ចាប់ដៃជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ហ្វ៊ូ ជុង ។ រូបភាពបណ្តាញសង្គម X / President Biden ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ចាប់ដៃជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ហ្វ៊ូ ជុង ។ រូបភាពបណ្តាញសង្គម X / President Biden ។
វៀតណាមនិងអាម៉េរិកបានប្រកាសពីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅរដ្ឋធានីហាណូយនៅថ្ងៃទី១០ ខែកញ្ញា។

 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​​វៀតណាម​ពី​ថ្ងៃ​ទី១០ ដល់ថ្ងៃទី១១ ខែ​កញ្ញាតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ៊្វូ​ ជុង ។ នេះជាលើកដំបូងដែលមេដឹកនាំអាម៉េរិកទៅវៀតណាមតាមការអញ្ជើញរបស់ប្រមុខបក្សកម្មុយនីស្តវៀតណាម។
 
មេដឹកនាំទាំង២ បានប្រកាសដំឡើងកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មេដឹកនាំទាំងពីរក៏បានឯកភាពថា កត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាម៉េរិក គឺការគោរពពេញលេញចំពោះគោលការណ៍ជាមូលដ្ឋានដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានទាំងការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។
 
ក្រោមទំនាក់ទំនងថ្មីនេះ សេតវិមានបានប្រកាសថា ភាគីទាំង២នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យមួយចំនួនដូចជា នវានុវត្តន៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច អាកាសធាតុ ថាមពល បរិស្ថាន សុខភាព សន្តិសុខ និងវិស័យដែលរងផលប៉ះពាល់ដោយសង្គ្រាម និងការលើកកម្ពស់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសទាំងពីរ។
 
ជាពិសេស អាម៉េរិកគ្រោងនឹងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងការបន្សាបជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa និងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់បែកដែលខ្លួនបានទម្លាក់ក្នុងអំឡុងសង្រ្គាមជាមួយវៀតណាមដោយពង្រីកទំហំកម្មវិធីដើម្បីជួយដល់ជនពិការ។ អាមេរិកក៏​គ្រោង​នឹង​ជួយ​លើក​កម្ពស់​សមត្ថភាព​របស់​វៀតណាម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។
 
ការពង្រឹងទំនាក់ទំនងនេះ ត្រូវមើលឃើញថា ជាការរៀបចំដើម្បីប្រឈមមុខចិនផងដែរ ប៉ុន្តែលោក បៃឌិន និយាយរឿងអាម៉េរិកមិនឡោមព័ទ្ធចិនឡើយខណៈដែលមហាអំណាចទាំងពីរប្រឈមមុខនឹងការបែកបាក់កាន់តែខ្លាំងលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងសិទ្ធិមនុស្ស។
 
«ខ្ញុំមិនចង់ហ៊ុមចិនទេ។» លោក បៃឌិន និយាយបែបនេះក្រោយជំនួបជាមួយមេដឹកនាំវៀតណាម។ 
 
ការបង្ហាញជំហរគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនជាមួយវៀតណាម គឺជាការពង្រឹងបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង។
 
អាម៉រិកបានវិនិយោគយ៉ាងច្រើនក្នុងការកសាងសម្ព័ន្ធភាពជាផ្នែកនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន រួមទាំងកិច្ចសន្ទនាសន្តិសុខ Quad ជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន និងកិច្ចព្រមព្រៀង AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី។
 
ទំនាក់ទំនងវៀតណាម - អាម៉េរិកត្រូវបានធ្វើឲ្យប្រសើរឡើងវិញនៅខែកក្កដា ឆ្នាំ១៩៩៥ និងបានធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយកាលពីខែកក្កដា ឆ្នាំ២០១៣ ដោយមានដំណើរទស្សនកិច្ចកម្រិតកំពូលទៅវិញទៅមកជាច្រើនរូបរបស់មេដឹកនាំប្រទេសទាំងពីរ។ ភាគីទាំងពីរសហការគ្នាលើគ្រប់វិស័យរាប់ចាប់ពីនយោបាយ-ការទូត សេដ្ឋកិច្ច អប់រំ រហូតដល់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ-សន្តិសុខ។
 
ទំហំពាណិជ្ជកម្មវៀតណាម - អាម៉េរិកបានកើនដល់ជាង ១២៣,៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ១១ភាគរយបើធៀបនឹងឆ្នាំ ២០២១។ អាម៉េរិកជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទីពីរ ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៧ របស់អាម៉េរិកលើពិភពលោក និងធំជាងគេនៅអាស៊ាន។
 
វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួនបួនជុំវិញពិភពលោករួមមាន ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ , ២០១២, ២០១៦ និង ២០២២ រៀងគ្នា៕
 

Tag:
 អាម៉េរិក
  វៀតណាម​
  យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
© រក្សាសិទ្ធិដោយ thmeythmey.com