សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់យ៉េនផ្តើមឡើងថ្លៃវិញ ក្រោយជប៉ុនគ្រោងបញ្ចប់អត្រាការប្រាក់អវិជ្ជមាន
11, Sep 2023 , 9:59 pm        
រូបភាព
មនុស្ស​ដែល​ងាយ​នឹង​ឈឺ​គឺ​តែងតែមាន​ទម្លាប់​បែបនេះ​
មនុស្ស​ដែល​ងាយ​នឹង​ឈឺ​គឺ​តែងតែមាន​ទម្លាប់​បែបនេះ​
រូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុនបានកើនឡើងធៀបនឹងប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសនេះបានលើកឡើងពីលទ្ធភាពនៃការបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។

 
នៅថ្ងៃទី១១ ខែកញ្ញា ប្រាក់យ៉េនបានកើនឡើងជិត០,៨ភាគរយធៀបនឹងដុល្លារអាម៉េរិក ដល់ ១៤៦,៦យ៉េនក្នុងមួយដុល្លារអាម៉េរិក។ ការឡើងថ្លៃមកវិញនៃប្រាក់យ៉េនដោយសារការអត្ថាធិប្បាយកាលពីចុងសប្តាហ៍មុនដោយលោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) ថាអាចបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ប្រសិនបើគោលដៅអតិផរណា ២ភាគរយជិតនឹងសម្រេចបាន។
 
អត្រាការប្រាក់អវិជ្ជមានគឺជាគោលនយោបាយរូបិយវត្ថុពិសេសដែលអនុវត្តដោយរដ្ឋាភិបាលនៅពេលដែលអត្រាការប្រាក់ធ្លាក់ចុះក្រោមសូន្យភាគរយ និងវិបត្តិសេដ្ឋកិច្ចកើតឡើង។ បច្ចុប្បន្ន អត្រាការដែលធនាគារកណ្តាលរបស់ជប៉ុនបានកំណត់ស្ថិតនៅអត្រា -០,១ភាគរយ។  
 
នៅក្នុងបទសម្ភាសមួយនៅក្នុងកាសែតជប៉ុន Yomiuri លោក Kazuo Ueda បាននិយាយថា ចន្លោះពេលនេះដល់ចុងឆ្នាំ BOJ អាចមានទិន្នន័យគ្រប់គ្រាន់ដើម្បីវាយតម្លៃថាតើវានឹងបញ្ចប់អត្រាការប្រាក់អវិជ្ជមានឬអត់?
 
រយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រាក់យ៉េនបានស្ថិតនៅក្រោមសម្ពាធធៀបនឹងប្រាក់ដុល្លារអាម៉េរិក នៅពេលដែលគោលនយោបាយអត្រាការប្រាក់របស់អាម៉េរិក និងជប៉ុនមានភាពផ្ទុយគ្នា។ ​អាម៉េរិក​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​ដើម្បី​ទប់​ស្កាត់​អតិផរណា ស្របពេលដែលជប៉ុន​នៅ​តែរក្សា​អត្រា​ការ​ប្រាក់​អវិជ្ជមាន។ នេះបណ្តាលឱ្យវិនិយោគិនលក់ប្រាក់យ៉េនដើម្បីប្តូរទៅរូបិយប័ណ្ណផ្សេងទៀតដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។
 
លោក Takeshi Ishida អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណនៅធនាគារ Resona បាននិយាយថា ៖« គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ជប៉ុននឹងបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ លោក Ueda អាចនឹងចាប់ផ្តើមលើកទឹកចិត្តទីផ្សារឱ្យធ្វើតាមសេណារីយ៉ូនេះ»។
 
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកនៅតែលើសពី៤ភាគរយ លោក Ishida ជឿជាក់ថានិន្នាការរបស់ប្រាក់យ៉េននឹងមានការលំបាកខ្លាំងណាស់ក្នុងការដើរបញ្ច្រាស់ដោយការរំពឹងទុកអំពីលទ្ធភាពនៃការផ្លាស់ប្តូរគោលនយោបាយ។
 
លើសពីនេះ ប្រាក់ដុល្លារអាម៉េរិកបានចាប់ផ្តើមកើនថ្លៃបន្តិចៗ ក្រោយបាត់បង់តម្លៃធៀបនឹងរូបិយប័ណ្ណផ្សេងទៀតក្នុងរយៈពេលយូរ។ កាល​ពី​សប្តាហ៍​មុន រូបិយប័ណ្ណ​នេះ​ក៏​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល ៣ខែ​បើ​ធៀប​នឹង​ប្រាក់​អឺរ៉ូ និង​ប្រាក់​ផោន៕
 

Tag:
 ជប៉ុន
  ប្រាក់យ៉េន
© រក្សាសិទ្ធិដោយ thmeythmey.com