សេដ្ឋកិច្ចអន្តរជាតិ
អាស៊ាន
វៀតណាមចុះកិច្ចព្រមព្រៀង​រាប់​ពាន់​លាន​ដុល្លារ ​អំឡុង​ទស្សនកិច្ច​ប្រធានាធិបតី​អាម៉េរិក
12, Sep 2023 , 11:38 am        
រូបភាព
 តំណាងក្រុមហ៊ុន Vietnam Airlines និង Boeing បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 Max ។ រូបភាពពី VNA ។
តំណាងក្រុមហ៊ុន Vietnam Airlines និង Boeing បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 Max ។ រូបភាពពី VNA ។
ធុរកិច្ចវៀតណាមជាច្រើនបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយសាជីវកម្មអាម៉េរិកធំៗក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន។

 
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន នៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា គឺជាឱកាសសម្រាប់ប្រទេសទាំងពីរជំរុញទំនាក់ទំនងក្នុងវិស័យវិនិយោគ នវានុវត្តន៍ បច្ចេកវិទ្យា បន្ទះឈីប គ្រឿងអេឡិចត្រូនិក និងការដឹកជញ្ជូន។
 
កិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការវិនិយោគជាច្រើនត្រូវបានចុះហត្ថលេខាដោយធុរកិច្ចវៀតណាម និងអាម៉េរិក សំដៅសម្រេច និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ តួយ៉ាងអនុស្សរណៈនៃការយោគយល់គ្នាដែលមានតម្លៃ ១០ពាន់លានដុល្លារក្នុងវិស័យសេវាកម្មអាកាសចរណ៍រវាងក្រុមហ៊ុន Vietnam Airlines និង Boeing ដើម្បីទិញយន្តហោះ 737 Max ចំនួន ៥០គ្រឿង។ យន្តហោះ​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ជូនមកវៀតណាម​នៅឆ្នាំ ២០២៧ ដល់​ឆ្នាំ ២០៣០។
 
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភយន្តហោះដែលមានតម្លៃ ៥៥០ លានដុល្លារជាមួយក្រុមហ៊ុន Carlyle ដែលជាក្រុមហិរញ្ញវត្ថុដ៏ធំរបស់អាម៉េរិក។ 
 
ក្រុមហ៊ុន Carlyle Aviation Partners ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងការជួលយន្តហោះសកលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ។ ក្រុមហ៊ុននេះកំពុងគ្រប់គ្រងយន្តហោះចំនួន ៣៩៦គ្រឿងក្នុងចំណោម ៥៩ប្រទេសជុំវិញពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបរហូតដល់ ១៥,៩៨លានដុល្លារ។
 
លើសពីនេះ Vietjet និង Boeing បានយល់ព្រមប្រគល់និងទទួលយន្តហោះដំបូងដល់ក្រុមហ៊ុនអាកាសចរណ៍តាមការបញ្ជាទិញយន្តហោះ B737 Max ចំនួន២០០គ្រឿង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៦ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសវៀតណាម។ ការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿងនាពេលនោះ មានតម្លៃជាង ២៥ពាន់លានដុល្លារនឹងត្រូវបានអនុវត្តក្នុងរយៈពេល ៥ឆ្នាំខាងមុខចាប់ពីពេលនេះ  ដោយយន្តហោះ ១២គ្រឿងដំបូងត្រូវបានប្រគល់នៅឆ្នាំ ២០២៤ ។
 
នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ កាលពីថ្ងៃទី ១០ ខែកញ្ញា VPBank បានប្រកាសថា ខ្លួនបានទទួលប្រាក់កម្ចីទ្វេភាគីចំនួន ៣០០លានដុល្លារជាមួយនឹងរយៈពេល ៧ឆ្នាំផ្តល់ដោយ DFC Group ដើម្បីពង្រឹងមូលដ្ឋានមូលធនរបស់ខ្លួន និងលើកកម្ពស់សកម្មភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ប្រាក់កម្ចីស្រដៀងគ្នានេះចំនួន ១០០លានដុល្លារក៏ត្រូវបានផ្តល់ដោយ DFC ដល់ធនាគារ TPBank ផងដែរ។
 
ប្រាក់កម្ចីទាំងនេះនឹងជួយឱ្យធនាគារទាំងពីរខាងលើបន្តប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរួមទាំងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនតូចដែលជាស្ត្រីជាម្ចាស់កម្មសិទ្ធ និងការផ្លាស់ប្តូរផលប័ត្រវិនិយោគរបស់ពួកគេទៅជាសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងបច្ចេកវិទ្យាបញ្ចេញកាបូនទាប។
 
មិន​ត្រឹម​តែ​ទទួល​បាន​លំហូរ​មូលធន​ពី​អាម៉េរិកនោះ​ទេ អាជីវកម្ម​វៀតណាម​ក៏​បាន​បង្កើន​ការ​វិនិយោគ​នៅអាម៉េរិកវិញ​ដែរ ។ ប្រធាន FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់វៀតណាមលោក Truong Gia Binh កាលពីថ្ងៃទី១១ ខែកញ្ញា បានឲ្យដឹងថា លោកគ្រោងនឹងវិនិយោគ ១០០លានដុល្លារ និងធនធានមនុស្សជិត ១ពាន់នាក់នៅអាម៉េរិកនាចុងឆ្នាំនេះ។ ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ FPT រំពឹងថានឹងបង្កើតការងារជាង ៣ពាន់កន្លែងនៅឆ្នាំ២០២៨ និងសម្រេចបានប្រាក់ចំណូលចំនួន ១ពាន់លានដុល្លារពីទីផ្សាអាម៉េរិកនៅឆ្នាំ ២០៣០។
 
ទន្ទឹមនឹងផែនការវិនិយោគនេះ ក្រុមហ៊ុន​ FPT ក៏បានប្រកាសអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយ LandingAI ដែលជាក្រុមហ៊ុនក្នុងវិស័យបញ្ញាសិប្បនិមិត្តនៅ Silicon Valley  ដើម្បីពន្លឿនដំណើរការនៃការនាំយក AI ចូលទៅក្នុងការបណ្តុះបណ្តាលដែលត្រូវបានបង្កើតឡើងនៅប្រព័ន្ធអប់រំ FPT Education នៅវៀតណាម .
 
នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាម៉េរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអគ្គលេខាបក្ស ង្វៀន ហ៊្វូ ជុង និងប្រធានាធិបតី ចូ បៃដិន បានឯកភាពគ្នាបង្កើតលក្ខខណ្ឌអំណោយផល និងបើកទូលាយថែមទៀតនូវទីផ្សារសម្រាប់ទំនិញនិងសេវាកម្មរបស់ប្រទេសនីមួយៗ ព្រមទាំងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាដូចជា ឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារតាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្ម និងការវិនិយោគ។
 
មេដឹកនាំទាំងពីរគាំទ្រការបន្តពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមិនមានការរើសអើង ដោយផ្អែកលើច្បាប់ដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើរតួនាទីស្នូល។
 
អាម៉េរិកប្តេជ្ញាបង្កើនការគាំទ្រសម្រាប់វៀតណាមក្នុងវិស័យផលិតកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថលដែលមានគុណភាពខ្ពស់ ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ កសិកម្មប្រកបដោយនិរន្តរភាព និងឆ្លាតវៃ ក៏ដូចជាគាំទ្រការចូលរួមរបស់វៀតណាមយ៉ាងស៊ីជម្រៅ និងនិរន្តរភាពទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ ប្រទេសនេះក៏ប្តេជ្ញាបង្កើនការគាំទ្រដល់វៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍កម្លាំងពលកម្មដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់។
 
ប្រទេសទាំងពីរបានប្រកាសពីការចាប់ផ្តើមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសឺមីកុងឌុចទ័រ ដែលក្នុងនោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយឥតសំណងដំបូងដែលមានតម្លៃ ២លានដុល្លារទៅលើការជួយឧបត្ថម្ភដល់រដ្ឋាភិបាលវៀតណាម និងផ្នែកឯកជននាពេលអនាគត។
 
ទំនាក់ទំនងវៀតណាម - អាម៉េរិកមានលក្ខណៈធម្មតាឡើងវិញនៅខែកក្កដា ឆ្នាំ ១៩៩៥ និងបានធ្វើឱ្យប្រសើរឡើងដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងខែកក្កដា ឆ្នាំ ២០១៣។ ពាណិជ្ជកម្មវៀតណាម-អាម៉េរិកឈានដល់ជិត ១២៤ ពាន់លានដុល្លារកាលពីឆ្នាំមុនកើនឡើង ២៧៥ដងបើធៀបរយៈពេល ២៧ ឆ្នាំ។
 
អាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទីពីរ។ ចំណែកវៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៧​របស់​អាម៉េរិក​ក្នុង​ពិភពលោក និង​ធំ​ជាង​គេ​នៅ​អាស៊ាន៕
 

Tag:
 វៀតណាម
  សេដ្ឋកិច្ច
  អាម៉េរិក
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com