សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
យន្តហោះចិន C919 ទទួលបានការបញ្ជាទិញច្រើនជាង១ពាន់គ្រឿង
13, Sep 2023 , 9:59 pm        
រូបភាព
យន្តហោះC919 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ។ រូបថត ៖ China News Service ។
យន្តហោះC919 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ។ រូបថត ៖ China News Service ។
សាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac) បាននិយាយថា ខ្លួនទទួលបានការបញ្ជាទិញចំនួន១០៦១គ្រឿងសម្រាប់យន្តហោះប្រភេទ C919 និងបានចែកចាយយន្តហោះចំនួន ២គ្រឿងរួចមកហើយដែលកំពុងប្រតិបត្តិការដឹកអ្នកដំណើរនាពេលបច្ចុប្បន្ន​ ។

 
ព័ត៌មានខាងលើត្រូវបានប្រធានក្រុមហ៊ុន Comac លោក He Dongfeng ថ្លែងក្នុងវេទិកាមួយនៅទីក្រុងសៀងហៃកាលពីថ្ងៃទី១០ ខែកញ្ញា ដែលជាយន្តហោះផលិតដោយប្រទេសចិនផ្ទាល់តែម្តង។
 
បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល១៤ឆ្នាំ យន្តហោះប្រភេទ Comac C919 ត្រូវបានហោះហើរសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០២២ ។ ជាយន្តហោះ​រាង​តូច​ល្មមអាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី១៥៨ ទៅ១៦៩នាក់ C919  អាចហោះហើរបានចម្ងាយ​​ជាង៥៥០០ គីឡូម៉ែត្រ។ យន្តហោះ C919 មានសមត្ថភាពអាចប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus 320។
 
កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines បានក្លាយជាអតិថិជនដំបូងគេដែលបានទទួលយន្តហោះ C919។ យន្តហោះប្រភេទនេះ បានដាក់ឱ្យដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចាប់ពីចុងខែឧសភា ឆ្នាំ២០២៣។ យន្តហោះ C919 ចំនួន ២គ្រឿងបច្ចុប្បន្នបានហោះហើរទៅមកលើផ្លូវអាកាស Shanghai - Chengdu ។
 
ទីក្រុងប៉េកាំងសង្ឃឹមថា C919 នឹងជួយចិនកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ រដ្ឋាភិបាលរបស់ប្រទេសនេះមានគោលបំណងឱ្យ C919 មានចំណែកប្រមាណ ១០ភាគរយនៃទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៥ ។
 
យន្តហោះ C919 ត្រូវបានផ្តើមគំនិតឡើងដោយប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីឆ្នាំ២០១៧ ។ លោកបានហៅវាថាជាកម្លាំងជំរុញនៅពីក្រោយនៃគំរូអភិវឌ្ឍន៍ថ្មីរបស់ចិន រួមជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត។ យន្តហោះ C919 ក៏ជួយឲ្យចិនស្ថិតក្នុងបញ្ជីប្រទេសមួយចំនួនដែលអាចរចនា និងផលិតយន្តហោះផ្ទាល់ខ្លួនបានរួមមានអាម៉េរិក រុស្ស៊ី ប្រេស៊ីល កាណាដា អង់គ្លេស បារាំង និងអាល្លឺម៉ង់។
 
Comac ក៏បានផលិតយន្តហោះប្រភេទ ARJ21 ដែរ។ បច្ចុប្បន្ន ARJ21 ប្រហែល ១១២គ្រឿងកំពុងដំណើរការ។ ចំនួននៃការបញ្ជាទិញដែលទទួលបានដោយ Comac សម្រាប់យន្តហោះប្រភេទនេះមានចំនួ ៧៧៥គ្រឿង។
 
ឥណ្ឌូណេស៊ី គឺជាអតិថិជនអន្តរជាតិដំបូងគេរបស់ ARJ21 ដែលប្រទេសនេះបានអះអាងថា ​មិន​ត្រឹម​តែ​ប្រតិបត្តិការ​ក្នុង​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ហោះហើរ​អន្តរជាតិ​ទៅ​កាន់​​ម៉ាឡេស៊ី និង​សិង្ហបុរី​ផង​ដែរ។ រហូតមកដល់ពេលនេះ ARJ21 បានដឹកជញ្ជូនអ្នកដំណើរចំនួន ៨,៦លាននាក់។
 
Comac បានបង្ហើបថា បច្ចុប្បន្នពួកគេមានយន្តហោះជាច្រើនប្រភេទ ចាប់ពីយន្តហោះតូច តួតូចចង្អៀត ហោះហើរចម្ងាយខ្លី និងមធ្យម ដល់យន្តហោះតួធំទូលាយ ហោះហើរចម្ងាយឆ្ងាយ។ ក្រុមហ៊ុន​កំពុង​រចនា​យន្តហោះ C929 សម្រាប់​ការ​ហោះហើរ​អន្តរទ្វីប ដោយ​មាន​កៅអី​អង្គុយ​ចំនួនពី ២៥០ ទៅ៣៥០កៅអី និង​សមត្ថភាព​ហោះហើរ​បាន​ចម្ងាយ ១២ ០០០ គីឡូម៉ែត្រ៕
 

Tag:
 ចិន
  អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com