កីឡាជាតិ
ជាតិ
CPL៖ ព្រះខ័នរាជស្វាយរៀង រក្សាភាពមិនចាញ់ ក្រោយឈ្នះអង្គរថាយហ្គឺរ ៥-២ សប្តាហ៍ទី៥
17, Sep 2023 , 11:59 am        
រូបភាព
ព្រះខ័នរាជស្វាយរៀង នៅតែរក្សាភាពខ្លាំងរបស់ខ្លួននៅរដូវកាល ២០២៣-២៤ ដោយបន្តយកឈ្នះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៥-២ ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) នៅថ្ងៃទី១៦ ខែកញ្ញា។ កងយោធពខេមរភូមិន្ទ ឈ្នះព្រៃវែង​ ៣-០។



ចូលដល់ការប្រកួតសប្តាហ៍ទី៥ ព្រះខ័នរាជស្វាយរៀងនៅតែដណ្តើមបានជ័យជម្នះបន្ថែមទៀត បន្ទាប់ពីពួកគេអាចយកបាន១២ពិន្ទុ ពីការប្រកួត៤លើកកន្លងមក។ ក្នុងជ័យជម្នះ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង ៥គ្រាប់របស់ម្ចាស់ផ្ទះសម្រេចបានដោយ គឹម សុខយុទ្ធ, សារ៉េត គ្រីយ៉ា, Reyo Fujil, Marcus Warren Haber និងកីឡាករឡាវ Bounkong Bounphacham។ ២គ្រាប់របស់អង្គរថាយហ្គឺរ ធ្វើបានដោយ Nugent Ben William និង Blasco LLorens Victor។
 
តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង នៅរក្សាចំណាត់ថ្នាក់កំពូលតារាង CPL និងរក្សាភាពមិនចាញ់ និងស្មើថែមទៀត។ ឆ្លងកាត់ការប្រកួត៥លើក ម្ចាស់ជើងឯកលីគកំពូល២សម័យរកបាន១៥ពិន្ទុពេញ។
  


អង្គរថាយហ្គឺរ នៅតែធ្វើពុំសូវបានល្អនៅរដូវកាលនេះ ក្រោយឆ្លងកាត់ការប្រកួត៥លើក រកបានជ័យជម្នះ១លើកប៉ុណ្ណោះ ក្រៅពីនោះចាញ់។ ក្រុមអ្នកមានអ្នកជំនួញជប៉ុនជាម្ចាស់ ស្ថិតនៅចំណាត់ថ្នាក់ទី៨បណ្តោះអាសន្នដោយរកបាន៣ពិន្ទុ។
 
ក្រុមកងយោធពខេមរភូមិន្ទ ក្រោមការដឹកនាំរបស់លោក ភា សុភក្ត្រា រកបានជ័យជម្នះទី២របស់ខ្លួនក្នុងចំណោម៥ប្រកួតចុងក្រោយ។ នៅជំនួបសប្តាហ៍ទី៥នៅកីឡដ្ឋានស្តាតចាស់ ក្រុមទ័ព បានយកឈ្នះព្រៃវែង​ ៣-០ ដោយ៣គ្រាប់សម្រេចបានដោយកីឡាករបរទេសទាំងអស់ រួមមាន Tetsuaki Msawa, Srayut Sompim និង Toshiya Tkagi។
  


ក្រុមទ័ព កើនបាន៧ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាង CPL ដដែល ស្របពេលព្រៃវែង ធ្លាក់មកលេខ៥វិញ ដោយមាន៧ពិន្ទុ ក្រោយឆ្លងកាត់៥ប្រកួតដូចគ្នា។
 
ជំនួប៣គូ នៅថ្ងៃទីអាទិត្យ ទី១៧ ខែកញ្ញា រួមមាន អាយ អេស អាយ ដង្កោសែនជ័យ ជួបណាហ្គាវើលដ៍, បឹងកេត ស្វាគមន៍គិរីវង់សុខសែនជ័យ និងធំប្រចាំសប្តាហ៍ វិសាខា បើកទ្វាកីឡដ្ឋានព្រីនស៍ ស្វាគមន៍ម្ចាស់ការពារជើងឯកភ្នំពេញក្រោន៕
 

Tag:
 CPL
  ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com