កីឡាជាតិ
ជាតិ
កីឡាអាស៊ី៖ ក្រុមបាល់ទះកម្ពុជា ត្រូវប៉ះឥណ្ឌា ក្នុងជំនួបបើកឆាកពូល C ថ្ងៃទី១៩ ខែកញ្ញា
18, Sep 2023 , 10:48 am        
រូបភាព
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ទៅដល់ប្រទេសចិន ត្រៀមប្រកួតកីឡាអាស៊ីលើកទី១៩។ រូបភាព៖ ហ្វេសប៊ុកលោក អាំង សិរីពិសិដ្ឋ
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ទៅដល់ប្រទេសចិន ត្រៀមប្រកួតកីឡាអាស៊ីលើកទី១៩។ រូបភាព៖ ហ្វេសប៊ុកលោក អាំង សិរីពិសិដ្ឋ
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាក្នុងសាលបុរស នឹងត្រូវជួបឥណ្ឌា ក្នុងការប្រកួតបើកឆាកពូល C ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games 2022 នៅថ្ងៃទី១៩ ខែកញ្ញា វេលាម៉ោង៦ល្ងាច [ម៉ោងនៅកម្ពុជា]។ នេះជាការបង្ហាញខ្លួយលើកដំបូង របស់ក្រុមបាល់ទះបុរសកម្ពុជា ក្នុងកីឡាប្រចាំទ្វីបអាស៊ី ក្រោយខកខាន៥៣ឆ្នាំ។


លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា បានដឹកនាំប្រតិភូកីឡាបាល់ទះកម្ពុជា ទៅដល់ប្រទេសចិនមុនគេក្នុងចំណោមអត្តពលិកកម្ពុជាទាំងអស់ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២ នៅប្រទេសចិន។ 
 
ជាក្រុមកម្ពុជា ដែលទៅដល់ភូមិកីឡារបស់ម្ចាស់ផ្ទះចិនមុនគេ ដោយសារវិញ្ញាសាបាល់ទះក្នុងសាល ត្រូវចាប់ផ្តើមប្រកួតមុនគេចាប់ពីថ្ងៃទី១៩ ខែកញ្ញាតទៅ ពោលគឺមុនពិធីបើកការប្រកួតផ្លូវការ៤ថ្ងៃ។ កីឡាអាស៊ី ឆ្នាំ២០២២ ក្រុងហានចូវ រៀបចំពិធីបើកផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា និងពិធីបិទនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
  


ក្រុមបាល់ទះបុរសកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូល C ទល់ឥណ្ឌានៅថ្ងៃទី១៩ ខែកញ្ញា វេលាម៉ោង៦ល្ងាច។ ជំនួបទី២ទល់កូរ៉េខាងត្បូង នឹងធ្វើនៅថ្ងៃទី២១ ខែកញ្ញា នៅវេលាម៉ោង ១និង៣០នាទីថ្ងៃត្រង់ [ម៉ោងនៅកម្ពុជា]។
 
នេះជាលើកដំបូងហើយសម្រាប់ក្រុមកីឡាបាល់ទះបុរសកម្ពុជា ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី ក្រោយខកខាន៥៣ឆ្នាំ។ ក្រុមបាល់ទះបុរសកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធលើកចុងក្រោយពីកីឡាអាស៊ី ក្នុងឆ្នាំ១៩៧០ ដែលរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ។
  


ក្រុមបាល់ទះក្នុងសាលកម្ពុជា ចាប់ផ្តើមលេចធ្លោខ្លាំងឡើងវិញ ចាប់តាំងពីដណ្តើមបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ និងមេដាយប្រាក់ជាប្រវត្តិសាស្ត្រ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣កន្លងទៅ។
 
វិញ្ញាសាបាល់ទះបុរសក្នុងសាល មាន១៩ប្រទេសចូលរួមប្រកួតប្រជែងក្នុងកីឡា Asian Games លើកទី១៩ នៅចិននេះ។ ទាំង១៩ប្រទេស ត្រូវចែកជា៦ពូលពី A ដល់ F ដោយក្នុង១ពូលមាន៣ក្រុម លើកលែងពូល F ដែលមាន៤ក្រុមច្រើនជាងគេ។ ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូលចំនួន៦ និងលេខ២ល្អបំផុតចំនួន២ក្រុម នឹងបន្តទៅវគ្គ៨ក្រុមចុងក្រោយ។ អ៊ីរ៉ង់ជាម្ចាស់ការពារតំណែងជើងឯកវិញ្ញាបាល់ទះបុរស់ ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី។
 
-ពូល A មានម្ចាស់ផ្ទះចិន, កៀហ្ស៊ីស៊ីស្ថាន និង កាហ្សាក់ស្ថាន
-ពូល B មានម្ចាស់ការពារជើងឯកអ៊ីរ៉ង់ នេប៉ាល់ និងបារ៉ែន
-ពូល C មានកម្ពុជា កូរ៉េខាងត្បូង និងឥណ្ឌា
-ពូល D មានចិនតៃប៉ិ ប៉ាគីស្ថាន និងម៉ុងហ្គោលី
-ពូល E មានកាតា ថៃ និងហុងកុង
-ពូល F មាន ជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងអាហ្វហ្គានីស្ថាន៕

Tag:
 Asian Games
  បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com