អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃចង់រស់នៅវិមានរដ្ឋាភិបាល ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ 
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី ។ រូបភាពពី AFP ។
×![]()
នាយករដ្ឋមន្ត្រីថៃថ្មី លោក សេដ្ឋា ថាវីស៊ីន កំពុងពិចារណាចង់ទៅរស់នៅវិមានរដ្ឋាភិបាល ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ការផ្លាស់ទីនេះ នឹងជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ក្បួនរថយន្ត និងសន្សំសំចៃប្រេង។
នៅថ្ងៃទី១៨ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃថ្មីលោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងអនុវត្តគោលនយោបាយថ្មីជាបន្តបន្ទាប់នៅចុងឆ្នាំនេះ ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការកាត់បន្ថយតម្លៃអគ្គិសនី និងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ។
ទន្ទឹមនេះ លោក សេដ្ឋា ក៏បានប្រកាសពីគម្រោងផ្លាស់ប្តូរការរស់នៅ និងធ្វើការរបស់ខ្លួននៅវិមានរដ្ឋាភិបាលតែម្តង។ លោកពន្យល់ថា ដោយសារតែផ្ទះរបស់លោកស្ថិតនៅចំកណ្តាលទីក្រុងបាងកក ក្បួនរថយន្តដឹកលោកទៅមកជារៀងរាល់ថ្ងៃអាចធ្វើឲ្យចរាចរណ៍ដ៏មមាញឹកស្រាប់រឹតតែកកស្ទះថែមទៀត។
បើតាមការអះអាងរបស់លោក សេដ្ឋា ការផ្លាស់ទៅរស់នៅវិមានរដ្ឋាភិបាលនេះ នឹងជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ក្បួនរថយន្ត និងសន្សំសំចៃប្រេង។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Watcharong បានលើកឡើងថា នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានស្នើឱ្យសមាជិកគណៈរដ្ឋមន្ត្រីកាត់បន្ថយការចំណាយលើការធ្វើដំណើរដោយប្រើថវិកា ក៏ដូចជាកាត់បន្ថយចំនួន និងទំហំនៃម៉ូតូដើម្បីកម្រិតផលប៉ះពាល់អវិជ្ជមាន។
ចាប់តាំងពីមុនចូលកាន់តំណែង លោក សេដ្ឋា ត្រូវបានគេលើកឡើងថា មានបំណងចង់ជួសជុលបន្ទប់មួយចំនួននៃអគាររដ្ឋាភិបាល ដើម្បីប្រែក្លាយបន្ទប់ទាំងនោះទៅជាកន្លែងសម្រាក។
លោក សេដ្ឋា ថាវីស៊ីន មានអាយុ ៦១ឆ្នាំ ត្រូវបានសភាបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់ថៃកាលពីថ្ងៃទី ២២ ខែសីហា ដោយបានបញ្ចប់ភាពជាប់គាំងក្នុងប្រទេសអស់រយៈពេលជាច្រើនខែបន្ទាប់ពីការបោះឆ្នោតសកលកាលពីខែឧសភា។ លោកបានស្បថចូលកាន់តំណែងនៅថ្ងៃទី៥ ខែកញ្ញា ដោយសន្យាភក្តីភាពចំពោះរបបរាជានិយម៕
© រក្សាសិទ្ធិដោយ thmeythmey.com