ជាតិ
ឆ្លៀតពីមើលកូន អ្នកស្រី ម៉ែន ណាច លក់បបរគ្រឿង ដើម្បីសម្រួលបន្ទុកប្ដីដែលរកស៊ីនេសាទ
18, Sep 2023 , 6:59 pm        
រូបភាព
ក្រចេះ៖ ក្រោយពីសម្រាលកូនរួច អ្នកស្រី ម៉ែន ណាច មិនអាចចេញទៅនេសាទត្រីនៅលើផ្ទៃទន្លេមេគង្គ បានទៀតនោះទេ។ ដោយជីវភាពខ្វះខាត ហើយប្ដីរកត្រីពុំសូវបាន អ្នកស្រី ម៉ែន ណាច ក៏បានសម្រេចបង្កើតកន្លែងលក់បបរតូចមួយនៅមុខផ្ទះ ដែលរកចំណូលបានសមល្មម សម្រាប់ផ្គត់ផ្គង់គ្រួសារ ជាជាងបង្ខំឱ្យប្ដីទៅរកត្រី តែម្នាក់ឯង។



រស់នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ អ្នកស្រី ម៉ែន ណាច បានចាប់យករបរលក់បបរគ្រឿងប្រមាណពីរឆ្នាំហើយ ពោលគឺក្រោយពេលសម្រាលកូនបានប្រហែល៣ខែ។ មូលហេតុ ដែលនាំឱ្យអ្នកស្រី បើកកន្លែងលក់បបរក្នុងភូមិ ដោយសារតែមិនចង់ឃ្លាតឆ្ងាយពីកូន ខណៈរបរកំប៉ិកកំប៉ុកមួយនេះក៏អាចផ្ដល់ចំណូលសមល្មម ដែលជួយសម្រួលបន្ទុកប្ដីដែលរកស៊ីនេសាទត្រី តែម្នាក់ឯងដែរ។ 
 
ស្រ្តីកូន៣ក្នុងបន្ទុករូបនេះ អាចបានចំណូលប្រមាណ២ទៅ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ ពីការលក់បបរគ្រឿង។ របរនេះ ក៏អាចបំពេញការហូបចុកពេលព្រឹក ក្នុងគ្រួសារ ផងដែរ។ ចំណូលបានពីការនេសាទ ត្រូវបានសន្សំទុក ហើយការចាយវាយប្រចាំថ្ងៃ ត្រូវយកប្រាក់ចំណេញពីការលក់បបរទៅទប់ទល់។ នេះជាការលើកឡើងរបស់ អ្នកស្រី ម៉ែន ណាច ដោយបន្ថែមដូច្នេះថា៖« បានលក់បបរនេះហើយ ដែលជួយដល់ការចាយប្រចាំថ្ងៃ ដូច្នេះ នៅគាត់(ប្ដី) រកត្រីបាន លុយទាំងនោះគឺនៅសល់។ ខ្ញុំមិនអាចឈប់លក់បបរបានទេ ព្រោះរបរនេះ ខ្ញុំអាចរ៉ាប់រងថ្លៃចំណាយប្រចាំថ្ងៃបាន ដូចជាទិញម្ហូប និងកូនរៀន»។ 
 
ពីមុន អ្នកស្រី ម៉ែន ណាច ក៏ចេញទៅនេសាទត្រីជាមួយប្ដីដែរ ប៉ុន្តែ ដោយសារមានកូនជាបន្ទុក មិនអាចដើរចោលបាន ទើបធ្វើឱ្យអ្នកស្រី ចាប់យករបរលក់បបរគ្រឿងវិញ។ លក់បបរគ្រឿង ងាយស្រួលជាងរកត្រី ប៉ុន្តែ ចំណូលក៏បានតិចដែរ បើធៀបនឹងការនេសាទត្រីក្នុងមួយយប់អាចរកបាន២០ ទៅ៣០ម៉ឺនរៀល។ 
 
ដ្បិតបានចំណូលច្រើន តែការនេសាទ គឺជារបរមួយដែលប្រឈមអាយុជីវិតខ្លាំង ព្រោះត្រូវឆ្លងកាត់ព្យុះ ភ្លៀង និងបាតុភូតធម្មជាតិ ជាច្រើន។ នាពេលកន្លងមក អ្នកស្រី ណាច ក៏ធ្លាក់លិចទូកកណ្ដាលទន្លេពីរនាក់ប្ដី ទាំងយប់ ផងដែរ។ 
 
អ្នកស្រី រៀបរាប់ដូច្នេះថា៖«ខ្ញុំគិតថា​ លក់បបរ ក៏វាស្រួលម្យ៉ាងដែរ  ព្រោះវាមិនប្រឈមនឹងខ្យល់ព្យុះ ភ្លៀងដូចនេសាទ ដ្បិតយើងរកបានតិចៗមែន តែក៏អាចទប់ការចំណាយមួយថ្ងៃៗដែរ។ ខ្ញុំប្រាប់ចុះ នៅពេលទៅបណ្ដែតសន្ទូចនៅទន្លេ ជួបបញ្ហាយ៉ាងម៉េចក៏មាន ជាពិសេស រឿងលិចទូកក៏មានដែរ ព្រោះទឹកខ្លាំង ហើយគួចយើងទៅតែម្ដង»។ 
 
ស្រ្តីវ័យ៤២ឆ្នាំរូបនេះ ក៏មានបំណងផ្លាស់ប្ដូរមុខរបរពីការនេសាទ ទៅលក់ដូរវិញដែរ ប៉ុន្តែ ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នលំបាក ទើបអ្នកស្រីស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត៕ 

Tag:
 ម៉ែន ណាច
  ការនេសាទ
  ភូមិសំភិន
  ស្រុកសំបូរ
© រក្សាសិទ្ធិដោយ thmeythmey.com