កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន សោកស្តាយចំពោះអវត្តមាន ខាន់ ចេសា និងសាលី អ៊ូមើត ពីកីឡាអាស៊ីនៅចិន
18, Sep 2023 , 6:06 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពី ខាន់ ចេសា ប្រកាសមិនចូលរួមកីឡាអាស៊ីលើកទី១៩ Asian Games 2022 នៅចិន។ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា របស់ម្ចាស់មេដាយមាសកីឡាជឺជិតស៊ូ Asian Games 2018 ដោយសារបញ្ហាសុខភាព និងជាប់ការប្រកួត MMA នៅប្រទេសសិង្ហបុរី។ នេះជាការបាត់បង់បេក្ខភាពជម្រើសជាតិកម្ពុជាសំខាន់ពីររូប បន្ទាប់ពី សាលី អ៊ូមើត ក៏មានមានឈ្មោះទៅចិនដែរ ព្រោះម្ចាស់ផ្ទះមិនដាក់វិញ្ញាកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍នេះឡើយ។



ក្នុងកិច្ចប្រជុំមហាសន្និបាទសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានៅរសៀលថ្ងៃទី១៨ ខែកញ្ញាលោក វ៉ាត់ ចំរើន បានបង្ហាញពីការសោកស្ដាយសម្រាប់កម្ពុជា ចំពោះអវត្តមានកីឡាការិនី ខាន់ ចេសា ដែលជាអត្ដពលិកឆ្នើម ដែលត្រូវការពារមេដាយមាសរបស់ខ្លួននៅកីឡាអាស៊ី។ អគ្គលេខាធិការ NOCC បានប្រាប់ហេតុផងថា ម្ចាស់មេដាយកីឡាជឺជិតស៊ូកម្រិតពិភពលោកនេះ មិនបានចូលរួមប្រកួត ព្រោះតែបញ្ហាសុខភាព និងការប្រកួតប្រកៀកប្រកិតពេលវេលា ជាមួយសង្វៀន MMA នៅប្រទេសសិង្ហបុរី។ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានសម្របសម្រួល និងដោះស្រាយដែរ ប៉ុន្ដែ នេះ គឺជាការសម្រេចចិត្តរបស់កីឡាការិនីផ្ទាល់ ក្នុងការមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games។
 
«យើង មានការសោកស្ដាយដែរ កីឡាការិនីខាន់ ចេសា មិនបានចូលរួមប្រកួត ដោយសារមានបញ្ហាសុខភាព និងការប្រកួតជាន់គ្នាជាមួយ MMA នៅសង្វៀន ONE Championship ប្រទេសសិង្ហបុរី។ អ៊ីចឹង រឿងនេះ ក៏មានការទទួលខុសត្រូវមួយដែរ ដោយយើងបានទំនាក់ទំនងជាប់ជាមួយគ្នា ប៉ុន្ដែនេះ ជាការសម្រេចចិត្តរបស់សាមីខ្លួនផ្ទាល់ មិនមានការអីប៉ះពាល់ ដល់ដំណើរការចូលរួមនេះទេ គ្រាន់តែយើងមានការសោកស្ដាយ»។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ដូច្នេះ។
 
លោក វ៉ាត់ ចំរើន ក៏បានបង្ហាញពីការសោកស្ដាយ ចំពោះអវត្តមាន ម្ចាស់មេដាយមាសកីឡាម៉ូតូទឹក កីឡាករ សាលី អ៊ូមើត ផងដែរ ព្រោះម្ចាស់ផ្ទះចិន មិនបានដាក់ប្រភេទកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍នេះទេ។ មន្ដ្រីជាន់ខ្ពស់ NOCC រូបនេះ ប្រាប់ថាបើទោះជាកីឡាកម្រិតពិភពលោក របស់កម្ពុជា មិនបានចូលរួម ប៉ុន្ដែ កម្ពុជា នឹងជំរុញស្មារតីអត្ដពលិកកីឡានានា ប្រឹងអស់ពីសមត្ថភាព ដើម្បីដណ្ដើម យកជ័យលាភីជូនជាតិ។ «យើង នឹងខិតខំប្រឹងប្រែងឲ្យកីឡាផ្សេងៗទៀត ចូលរួមការប្រកួតនេះ ឲ្យខំអស់ពីសមត្ថភាព។ យើង ដឹងថាកីឡា ដែលមានកម្រិតពិភពលោករបស់យើង មិនត្រូវបានដាក់ប្រកួតខ្លះ ដូចជាកីឡាម៉ូតូទឹកអី មិនមានប្រកួតនៅទីនោះ។ យើង ចង់ឲ្យរក្សាតម្លៃនៃការប្រកួតមុនៗ។ លោក វ៉ាត់ ចំរើន បាននិយាយប្រាប់ដូច្នេះ។
 
កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិកចំនួន ១១៤នាក់ ទៅប្រជែងមេដាយកីឡាអាស៊ីនៅចិន លើ១៧ប្រភេទកីឡា ដែលនឹងចាប់ផ្តើមផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា។ 
 
អត្ដពលិកកម្ពុជា ១១៤នាក់ នឹងត្រូវប្រកួតលើ ១៧ ប្រភេទកីឡានោះមាន៖
 
១-កីឡាហែលទឹក អត្ដពលិក ៤ នាក់
២-អត្ដពលកម្ម អត្តពលិក ១០ នាក់
៣-វាយសី អត្ដពលិក ២ នាក់
៤-បាល់បោះ (៣ទល់៣) អត្ដពលិក ៤ នាក់
៥-គ្រីកឃីត អត្ដពលិក ១៥ នាក់
 
៦-ទូកនាគ អត្ដពលិក ១៤ នាក់
៧-គុនដាវ អត្ដពលិក ២ នាក់
៨-យូដូ អត្ដពលិក ២ នាក់
៩-ជឺជិតស៊ូ អត្ដពលិក ២ នាក់
១០-ការ៉ាតេ អត្ដពលិក ១០ នាក់
 
១១-អុកចិន អត្ដពលិក ២ នាក់
១២-ទូកក្ដោង អត្ដពលិក ៣ នាក់
១៣-តេក្វាន់ដូ WT អត្ដពលិក ៦ នាក់
១៤-សូហ្វតិន្នីស អត្ដពលិក ១០ នាក់
១៥-ទ្រីយ៉ាត្លុង អត្ដពលិក ២ នាក់
១៦-បាល់ទះក្នុងសាល (បុរស) អត្ដពលិក ១២ នាក់
១៧-ចំបាប់ អត្ដពលិក ១៤ នាក់។
 
ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩ នៅប្រទេសចិន ( 19th Asian Games) ចាប់ប្រកួតពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែក ពីធីបើកព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hang Zhou ប្រទេសចិន៕
 

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com