សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សារការងារជប៉ុនមាននិន្នាការទៅរកការប្រើបច្ចេកវិទ្យា ស្របពេលកង្វះពលកម្មកើនខ្ពស់
19, Sep 2023 , 9:09 am        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ទីផ្សារការងាររបស់ជប៉ុនទំនងជានឹងធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែមានកង្វះខាតកម្មកររាប់លាននាក់ ហើយអត្រាកម្លាំងពលកម្មដែលមានវ័យចំណាស់មានការកើនឡើងខ្ពស់។ ទន្ទឹមនេះ ក្រុមហ៊ុនជាច្រើនកំពុងទទួលអត្ថប្រយោជន៍ពីការប្រើប្រាស់ស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ត (AI) ។

 
ការស្ទង់មតិរបស់វិស័យឯកជននៅជប៉ុនបង្ហាញថា កង្វះកម្លាំងពលកម្មកាន់តែមានស្ថានភាពអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ការសិក្សាមួយបានប៉ាន់ប្រមាណថា ការខ្វះខាតនឹងមានកម្មករច្រើនជាង ១១លាននាក់នៅឆ្នាំ២០៤០ ខណៈខែកក្កដាឆ្នាំនេះ ជប៉ុនមានកម្មករប្រហែល ៦៧លាននាក់។ នេះបើតាមសារព័ត៌មានជប៉ុន The Japan Times ។ 
 
សម្រាប់រយៈពេលខ្លី កង្វះកម្លាំងពលកម្មត្រូវបានបង្ហាញឱ្យឃើញនៅក្នុងវិស័យសេវាកម្ម បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជាការសេវាកកម្មថែទាំ និងសំណង់កំពុងជួបការលំបាក។
 
រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជប៉ុនបានឃើញកំណើនស្ត្រី និងមនុស្សចាស់កាន់តែច្រើនឡើងចូលរួមក្នុងកម្លាំងពលកម្ម។ ក្រុមហ៊ុននៅក្នុងប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្មករវ័យចំណាស់។ កាលពីឆ្នាំមុន អាជីវកម្មជិត ៤០ភាគរយបានអនុញ្ញាតឱ្យបុគ្គលិកធ្វើការរហូតដល់អាយុ ៧០ឆ្នាំឬចាស់ជាងនេះ។
 
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុននៅឆ្នាំ ២០២២ អត្រានៃក្រុមហ៊ុនដែលមានកម្មវិធីជ្រើសរើសមនុស្សដែលមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ បានកើនឡើងច្រើនជាងពីរដងធៀបមួយទសវត្សរ៍កន្លងមក ។ បច្ចុប្បន្ន អត្រានៃអាជីវកម្មដែលមានអាយុចូលនិវត្តន៍ជាកាតព្វកិច្ចចាប់ពី ៦៥ឆ្នាំឡើងទៅក៏បានកើនឡើង ១២ភាគរយដល់ ២៥ភាគរយផងដែរ។
 
ក្រោយធ្វើវិសោធនកម្មច្បាប់ឆ្នាំ ២០១៣ ក្រុមហ៊ុននានាត្រូវបានតម្រូវឱ្យជ្រើសបុគ្គលិករហូតដល់អាយុ ៦៥ឆ្នាំ ប្រសិនបើពួកគេចង់បាន។ ដំបូងៗ ក្រុមហ៊ុនជាច្រើនបានជំទាស់ដោយបារម្ភការចំណាយខ្ពស់ជាង ប៉ុន្តែក្រោយមក​ពួក​គេ​ប្រជែង​គ្នា​ជួល​កម្មករ​វ័យ​ចំណាស់​ដើម្បី​ទប់ទល់​នឹង​ការ​ខ្វះខាត​បុគ្គលិក​ធ្ងន់ធ្ងរ។
 
កាលពីឆ្នាំមុន មនុស្សដែលពេញអាយុធ្វើការមានចំនួន ៥៩ភាគរយនៃចំនួនប្រជាជនជប៉ុន ធ្លាក់ចុះ ៩ភាគរយធៀបនឹងឆ្នាំ២០០០។ យោងតាមក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងកាលពីឆ្នាំមុន ចំនួនអ្នកធ្វើការដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅមានចំនួន ៦,៣៩លាននាក់ដែលជាអត្រាខ្ពស់ស្មើរនឹង ១០,៦ភាគរយនៃចំនួនកម្មករនិយោជិតសរុប។
 
វិស័យដែលមានអត្រាមនុស្សចាស់ធ្វើការច្រើនក៏ប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។ តួយ៉ាងវិស័យសំណង់ និងថែទាំមនុស្សចាស់មានច្រើនជាង ១៥ភាគរយគឺជាមនុស្សចាស់ ហើយច្រើនជាង ១០ភាគរយនៅក្នុងវស័យដឹកជញ្ជូន។ ប្រហែល ៣០ភាគរយនៃអ្នកបើកបរតាក់ស៊ី និងរថយន្តក្រុងក្នុងវិស័យដឹកជញ្ជូនមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
 
Ukita Sangyo Kotsu ជាប្រតិបត្តិកររថយន្តតាក់ស៊ីនៅ Akita ភាគខាងជើងប្រទេសជប៉ុន ជួលអ្នកបើកបរប្រហែល ២៥នាក់ ដែលភាគច្រើនមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ។ លោក Tadakatsu Ukita ប្រធាន​ក្រុមហ៊ុន​បាន​និយាយ​ថា មាន​មនុស្ស​ក្មេងតែ​ម្នាក់​បាន​ដាក់​ពាក្យ​សម្រាប់​ការងារ​នេះ​ក្នុង​រយៈពេល​ពីរ​ខែ។ 
លោក​បាន​ថ្លែង​ថា​៖ «​ជាមួយនិន្នាការ​យុវជន​ដែល​ចាក​ចេញ​ពី​ខេត្ត យើង​មិន​អាច​រស់​បាន​ដោយ​គ្មាន​កម្មករ​ចាស់​នោះ​ទេ​។ ក្នុងចំណោមខេត្តចំនួន ៤៧របស់ជប៉ុន Akita មានអត្រាខ្ពស់បំផុតនៃចំនួនប្រជាជនដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ»។
 
យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ មនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅមាន ៧ភាគរយនៃកម្លាំងការងារនៅអាម៉េរិក និង ៤ភាគរយនៅអាល្លឺម៉ង់ ទាបជាងច្រើនបើធៀបជប៉ុន១០,៦ភាគរយ។ នៅពេលដែលចំនួនកម្មករវ័យចំណាស់កើនឡើង គ្រោះថ្នាក់ការងារក៏កើនឡើងផងដែរ។
 
បើយោងតាមសារព័ត៌មាន Nikkei ជប៉ុនកំពុងបើកទូលាយសម្រាប់ទទួលយកពលករបរទេសកាន់តែច្រើន ប៉ុន្តែក្រុមហ៊ុនជាច្រើនហាក់ដូចជាមានជម្រើសតិចតួច ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េននាពេលថ្មីៗនេះធ្វើឱ្យការជួលកម្មករបរទេសកាន់តែលំបាក ។
 
បញ្ហា​ប្រឈម​ដ៏​ធំ​របស់​​ជប៉ុន ​គឺ​តម្រូវ​ការ​ការងារ​កំពុង​កើន​ឡើង ប្រាក់​ឈ្នួល​នៅ​ទ្រឹង ។ នៅប្រទេសនេះប្រព័ន្ធការងារផ្អែកលើអតីតភាពការងារ ផលិតភាពទាប និងការស្ទាក់ស្ទើររបស់មនុស្សជាច្រើនក្នុងការផ្លាស់ប្តូរការងារបានរក្សាកំណើនប្រាក់ឈ្នួលយឺតអស់រយៈពេលជាច្រើនឆ្នាំ។
 
ដូច្នេះ រដ្ឋាភិបាល​កាន់តែ​យកចិត្ត​ទុកដាក់​លើ​កំណែទម្រង់ ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការបណ្តុះបណ្តាល​ឡើងវិញ និង​លើកកម្ពស់​ភាពចល័ត​ក្នុង​ទីផ្សារ​ការងារ​។ លោក Takuya Hoshino សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi បាននិយាយថា ប្រសិនបើមនុស្សកាន់តែច្រើនផ្លាស់ទីពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ក្រុមហ៊ុនជាច្រើននឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ដើម្បីទាក់ទាញកម្មករវ័យក្មេងដែលមានជំនាញខ្ពស់។
 
ការយកចិត្តទុកដាក់ត្រូវបានផ្តោតកាន់តែខ្លាំងទៅលើនិរន្តរភាពនៃកំណើនប្រាក់ឈ្នួល ដែលកំពុងបង្កើនល្បឿនដ៏លឿនបំផុតក្នុងរយៈពេលបីទសវត្សរ៍។ នាយករដ្ឋមន្ត្រី Fumio Kishida ចង់ឃើញការដំឡើងប្រាក់ឈ្នួលជាភាគរយខ្ពស់ជាងអត្រាអតិផរណា។
 
ទន្ទឹមនេះ ខណៈពេលដែលវិស័យមួយចំនួនកំពុងទទួលបានអត្ថប្រយោជន៍ពីស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ត (AI) ក្រុមហ៊ុននានាគ្រោងនឹងបង្កើនការវិនិយោគលើវិស័យទាំងនេះ ស្របពេលដែលមានភាពមិនប្រាកដប្រជាក្នុងការធ្វើឱ្យមានស្ថេរភាពនូវផលប៉ះពាល់រយៈពេលវែងលើទីផ្សារការងារ។
 
វិទ្យាស្ថានស្រាវជ្រាវ Mitsubishi ប៉ាន់ប្រមាណថា ការងារ ៩,៧លាននឹងត្រូវបាត់បង់នៅឆ្នាំ ២០៣៥ ដោយសារតែឥទ្ធិពលនៃឌីជីថលនីយកម្មរួមទាំង AI ។ យ៉ាងណាមិញ កម្លាំងពលកម្មនឹងនៅតែខ្វះខាតនៅឆ្នាំនោះ ដោយសារកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរពណ៌បៃតង និងឌីជីថលក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឧស្សាហកម្មសឺមីកុងអុចទ័រ។ 
 
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសន្តិសុខសេដ្ឋកិច្ចជាតិ ជប៉ុនមានបំណងស្តារឡើងវិញនូវវិស័យផលិតបន្ទះឈីប។ យោងតាមការប៉ាន់ប្រមាណដោយវិទ្យាស្ថានស្រាវជ្រាវ Mitsubishi ចំនួនវិស្វករអាជីពនឹងត្រូវកើនឡើងយ៉ាងខ្លាំងសម្រាប់ប្រទេសនេះ ដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួនទ្វេដងនៅក្នុងឧស្សាហកម្មសឺមីកុងឌុចទ័ររហូតដល់ ១៥ភាគរយនៅឆ្នាំ ២០៣៥៕
 

Tag:
 ជប៉ុន
  ការងារ
  ពលករ
  កម្លាំងពលកម្ម
  AI
© រក្សាសិទ្ធិដោយ thmeythmey.com