កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន ម៉ាណែត នឹងជួបអត្តពលិកកម្ពុជា មុនចេញទៅកីឡាអាស៊ីនៅចិន
19, Sep 2023 , 10:25 am        
រូបភាព
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកញ្ញា នឹងជួប ប្រតិភូ ថ្នាក់ដឹកនាំគ្រូបង្វឹក និង អត្តពលិក សរុប៩៩នាក់ ដែល មិនទាន់ចេញទៅព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅប្រទេសចិន។


កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិកចំនួន ១១៤នាក់ ទៅប្រជែងមេដាយកីឡាអាស៊ីលើកទី១៩ នៅក្រុងហាងចូល ប្រទេសចិន លើ១៧ប្រភេទកីឡា ដែលនឹងចាប់ផ្តើមផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា។
 
មកទល់ពេលនេះ ប្រតិភូ អត្តពលិក កម្ពុជាបានទៅដល់ចិនមួយចំនួនហើយ និងមួយចំនួនទៀត នឹងត្រូវធ្វើដំណើរចេញពីកម្ពុជាជាបន្តបន្ទាប់ ទៅតាមប្រភេទកីឡា។
 
បើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងមានការជួបគ្នារវៀង សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រតិភូ អត្តពលិក ចំនួន៩៩នាក់ មុនចាកចេញទៅចិន ដែលគ្រោងធ្វើនៅអគាវិមានសន្តិភាព ថ្ងៃទី២០ ខែកញ្ញា វេលាម៉ោង៣រសៀល។ 
 
ជុំវិញជំនួបនេះ អគ្គលេខាធិការ NOCC ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំមហាសន្និបាទសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានៅរសៀលថ្ងៃទី១៨ ខែកញ្ញា ថាទំនងជាសម្តេច ហ៊ុន ម៉ាណែត ដែលទើបត្រឡប់ពីទស្សនកិច្ចនៅចិន ចង់បង្ហាញការគួរសម និងផ្តល់ការណែនាំមួយចំនួន ដល់កីឡាករ-ការិនី គ្រូបង្វឹក និងប្រតិភូ ក្នុងការទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ដ៏ធំក្នុងទ្វីបអាស៊ីនេះ។
 
អត្តពលិកកីឡាកម្ពុជាទាំង១១៤នាក់ ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅចិន មាន១៧ប្រភេទកីឡា ក្នុងនោះរួមមាន កីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រីឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក ក្ដោង, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ។
 
កីឡាអាស៊ីលើកទី១៩ ដែលមានប្រទេសចូលរួម៤៥ នឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញាតទៅ ដោយ មាន៤០ប្រភេទកីឡា ក្នុងនោះមាន៤៨១វិញ្ញាសា ដើម្បីប្រកួតប្រជែងគ្នាក្នុងទីក្រុងហាងចូល ប្រទេសចិន៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com