កីឡាជាតិ
ជាតិ
AFC Cup៖លោក Oleg ជឿជាក់ភ្នំពេញក្រោន នឹងដណ្តើម៣ពិន្ទុពីក្រុម Dynamic ក្នុងជំនួបបើកឆាក
19, Sep 2023 , 2:29 pm        
រូបភាព
កីឡាករ និងមន្ដ្រីក្លិបភ្នំពេញក្រោន ធ្វើដំណើរទៅត្រៀមខ្លួនប្រកួត នៅហ្វីលីពីន រូបពី Cambodian Premier League
កីឡាករ និងមន្ដ្រីក្លិបភ្នំពេញក្រោន ធ្វើដំណើរទៅត្រៀមខ្លួនប្រកួត នៅហ្វីលីពីន រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ជឿជាក់លើកូនក្រុមខ្លួន នឹងដណ្តើមបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះហ្វីលីពីន Dynamic Herb Cebu FC ក្នុងជំនួបបើកឆាកពូល F ពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ នៅថ្ងៃទី២១ ខែកញ្ញា។

 
ម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនហើយនៅយប់ថ្ងៃទី១៨ ខែកញ្ញា ដើម្បីត្រៀមជួយ Dynamic  Herb Cebu FC។
 
លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា រូបលោក រួមទាំងកូនក្រុម ពិតជាទន្ទឹងចាំ ការប្រកួតដ៏សំខាន់ ក្នុងព្រឹត្តិការណ៍ AFC Cup នេះ ស្របពេល ភ្នំពេញក្រោន បានត្រៀមខ្លួនរួចស្រេចសម្រាប់ប្រកួតដំបូង ក្នុងពូល F ជាមួយក្រុម Dynamic នៅថ្ងៃទី២១ ខែកញ្ញា នៅកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX ក្នុងក្រុងម៉ានីល វេលាម៉ោង៧យប់ [ម៉ោងនៅកម្ពុជា]។ 
  


គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ ជឿជាក់ថា កូនក្រុម អាចដណ្ដើមបាន ៣ពិន្ទុ ពីជំនួបដំបូងនេះ។ ការរំពឹងទុកបែបនេះ មិនមែនមានន័យថា លោក Oleg មើលស្រាលដៃគូទេ ប៉ុន្តែគ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ ចាត់ទុកថា Dynamic Herb Cebu FC មិនមែនជាក្រុមខ្លាំងដាច់គេ នៅក្នុងប្រទេសហ្វីលីពីនឡើយ។ Dynamic ជាក្រុមរងជើងឯក លីគកំពូលហ្វីលីពីន រដូវកាល ២០២២។
 
«យើង ជាជើងឯកលីគកំពូលកម្ពុជា ហើយយើងប្រកួតជាមួយជើងឯករងរបស់ហ្វីលីពីន ហើយលីគរបស់គេ មិនមានច្រើនក្រុមទេ ហើយពួកគេ សមនឹងទទួលយកនៅតំណែងជើងឯករង។ គេ គឺជាក្រុមខ្លាំងទី២ យើង នឹងប្រកួតឲ្យបានល្អ យើងទៅទីនោះ ដើម្បីយក ៣ពិន្ទុ ជាមួយជោគជ័យប្រកួតដំបូង។»។ លោក Oleg Starynskyi បាននិយាយប្រាប់ដូច្នេះ។
 
យោងតាមហ្វេសប៊ុកក្លិបភ្នំពេញក្រោន កីឡាករ និងគ្រូបង្វឹក របស់ក្លិបម្ចាស់ជើងឯកលីគកម្ពុជា បានចេញដំណើរទៅត្រៀមខ្លួនប្រកួត នៅហ្វីលីពីន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០៣ ដែលជារាត្រីបន្ទាប់ ពីយប់ ភ្នំពេញក្រោន បានឈ្នះ វិសាខា យ៉ាងលំបាក ក្នុងលទ្ធផល ១-០។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន។ នៅថ្ងៃទី៥ ខែតុលា ភ្នំពេញក្រោន ត្រូវស្វាគមន៍ Shan United FC របស់មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏ត្រូវទទួល Macharthur FC របស់អូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋានដដែរនេះ។ លុះចូលដល់ ថ្ងៃទី៩ ខែវិច្ឆិកា ក្លិបកម្ពុជាមួយនេះ ត្រូវទៅប្រកួតនៅអូស្ដ្រាលី ជាមួយ Macharthur FC ហើយត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅកីឡដ្ឋានអូឡាំពិកផងដែរ។ នៅថ្ងៃទី១៤ ខែធ្នូ ភ្នំពេញក្រោន ត្រូវប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ជាមួយក្រុម Shan United FC៕
 

Tag:
 បាល់ទាត់
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com