កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន ឱ្យតម្លៃស្នាដៃអត្តពលិកជាធំ និងជាតួឯក ជុំវិញការធ្វើរូបសំណាកនៅវិមានឈ្នះ-ឈ្នះ
19, Sep 2023 , 5:09 pm        
រូបភាព
លោក វ៉ាត់ ចំរើន នៅខាងឆ្វេងដៃ ចំណែក កីឡាការិនី ប៉ាល់ ឆរស្មី នៅកណ្ដាល
លោក វ៉ាត់ ចំរើន នៅខាងឆ្វេងដៃ ចំណែក កីឡាការិនី ប៉ាល់ ឆរស្មី នៅកណ្ដាល
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការឆ្លាក់រូបសំណាកលើវិមានឈ្នះពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មិនមែនមានតែអត្ដពលិកប៉ុណ្ណោះទេ ប៉ុន្ដែក៏មានរូបផ្សេងៗ ដូចជាមេដាយ និងរូប Mascot ដែលជាអនុស្សាវរីយ៍ ដើម្បីជាការចងចាំពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។ អគ្គលេខាធិការ NOCC បន្ថែមទៀតថា ការឆ្លាក់រូបអត្ដពលិកឆ្នើម ព្រោះក្នុងវិស័យកីឡា អ្នកទាំងនោះ ជាតួឯក ដែលបង្ហាញពីមោទកភាពជាតិ តាមរយៈសមិទ្ធផលរបស់ពួកគេ។



លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា រាល់ការប្រកួត ឬព្រឹត្តិការណ៍កីឡានានា អត្ដពលិក គឺជាតួរឯក ព្រោះកីឡាករ-កីឡាការិនីទាំងនោះ នឹងផ្សព្វផ្សាយ ឬលើកមុខមាត់ជាតិ តាមរយៈសមត្ថភាពប្រកួតរបស់ពួកគេ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ជ័យលាភីរបស់អត្ដពលិក នឹងធ្វើឲ្យអន្ដរជាតិស្គាល់កម្ពុជា កាន់តែច្បាស់ ដែលជាហេតុបង្ហាញនូវ មោទកភាពជាតិ។
 
តាមអនុសាសន៍ របស់សម្ដេច ទៀ បាញ់ ប្រធានគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ រ លោក វ៉ាត់ ចំរើន អះអាងថា ក្នុងការឲ្យឆ្លាក់រូបអត្ដពលិកឆ្នើម និងរូបផ្សេងៗទៀត ដែលជាអនុស្សាវរីយ៍ ធ្វើឲ្យចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។ 
 
«យើង យកកីឡាករ កីឡាការិនី ឆ្នើម និងមានលក្ខណៈប្រជាប្រិយភាពខ្លាំង ហើយនិងមានស្នារដៃធំជាងគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មកឆ្លាក់ជារូបសំណាកនៅវិមានឈ្នះ-ឈ្នះ។ មិនមែនមានតែនិមិត្តរូប នៃជនគំរូទាំងអស់នោះទេ មេដាយ និង Mascot ក៏ត្រូវឆ្លាក់ចូលក្នុងនោះដែរ។ យើង ដាក់ថាប្រវត្តិសាស្ដ្រ ដ៏ជោគជ័យកម្ពុជា នៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។»។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះ។ 
 
អគ្គលេខាធិការរូបនេះ បានពន្យល់បន្ថែមថា វិមានឈ្នះ-ឈ្នះ គឺជាកន្លែង សម្រាប់ទុកឯកសារ និងជានិមិត្តរូបនៃអនាគតរបស់កម្ពុជា ដែលទុកជាមរតកមួយ។ «អ៊ីចឹង ទីនេះ ត្រូវមានផ្នែកមួយ នៃប្រវត្តិសាស្ដ្រ ដ៏ធំមួយសម្រាប់កម្ពុជា ដែលផ្ទុះកក្រើក លើការងារល្បីល្បាញរបស់កម្ពុជា ទៅក្រៅប្រទេស គេ យកចម្លាក់នោះ ជានិមិត្តរូប រាប់រយ រាប់ពាន់ឆ្នាំទៅខាងមុខទៀត ឲ្យគេឃើញថា ខ្មែរធ្វើបានជោគជ័យ នៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១ របស់ខ្លួនហ្នឹង។»។  អគ្គលេខាធិការ NOCC បន្ថែម។
 
ក្នុងដំណើរការឆ្លាក់រូបអត្តពលិកនោះ កីឡាការិនី ២នាក់ ត្រូវបានជ្រើសរើសរួចហើយ  ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏កំពុងបន្ដរើសអត្ដពលិកឆ្នើមបន្ថែម សម្រាប់ឆ្លាក់រូបរបស់ពួកគេ នៅវិមានឈ្នះ-ឈ្នះ នោះផងដែរ។ កីឡាការិនី ២ រូប​ ដែលបានជ្រើសរើសរួចនោះ គឺមាន ប៉ាល់ ឆរស្មី និង បូ សំណាង។ កីឡាការិនី ប៉ាល់ ឆរស្មី ត្រូវបានជ្រើសរើស ដោយសារតែ ដណ្ដើមបានមេដាយចំនួន ៦ ច្រើនជាងគេ ក្នុងនោះមាស ៤ ប្រាក់១ និងសំរិទ្ធ១។ ចំណែក កីឡាការិនី បូ សំណាង មិនបានឈ្នះមេដាយអ្វី ប៉ុន្ដែ បានឈ្នះបេះដូងពិភពលោក ចំពោះការប្រឹងប្រែងសម្រេចទី ដោយមិនបោះបង់ចោលគោលដៅ។
 
«គេ យកស្នាដៃអត្ដពលិកជាធំ ប៉ុន្ដែមិនមែនតែអត្ដពលិកទេ យើង មានរូបមេដាយ និងនិមិត្តរូបសត្វរបស់យើង ហើយនិងមានព្រឹត្តិការណ៍ផ្សេងៗទៀត មិនមែនតែការប្រកួតទេ ដូចជា បូ សំណាង។ គាត់ ជាអត្ដពលិក ដែលចាញ់គេមែន ប៉ុន្ដែគាត់ ឈ្នះបេះដូងពិភពលោក។ អ៊ីចឹង គាត់ ក៏ជានិមិត្តរូបមួយ។ យើងឆ្លាក់ ឲ្យមានរូបគាត់មានទឹកភ្លៀងធ្លាក់ពីលើ ដូចពេលដែលគាត់រត់។ នេះ គឺជាការចងចាំថ្ងៃក្រោយ។»។ លោក វ៉ាត់ ចំរើន បាននិយាយប្រាប់ដូច្នេះ៕
 

Tag:
 វ៉ាត់ ចំរើន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com