ជាតិ
ព្រឹទ្ធសភា ប្រជុំ ពិភាក្សាពីសំណើរ សេចក្ដីព្រាងច្បាប់ បង្កើតក្រសួងអធិការកិច្ច
20, Sep 2023 , 7:59 am        
រូបភាព
ព្រឹទ្ធសភា (រូបពី ហ្វេសប៊ុកព្រឹទ្ធសភា
ព្រឹទ្ធសភា (រូបពី ហ្វេសប៊ុកព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រជុំពិភាក្សាលើរបៀបវារៈ សំខាន់ៗ ចំនួន៥ចំណុច ដែលដឹកនាំដោយ លោក ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ២០កញ្ញានេះ។

 
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ ហើយសម្រេចលើសំណើររបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណនៃព្រឹទ្ធសភា(គណៈកម្មការទី៤) ដែលបានដាក់សេចកក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតក្រសួងអធិការកិច្ច។ 
 
មុនឈានដល់ការប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១៩កញ្ញានេះ គណៈកម្មការទី៤នៃព្រឹទ្ធសភា បានប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច។ សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តមួយ ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបន្ដកែទម្រង់ឱ្យមានភាពស៊ីចង្វាក់គ្នា ហើយផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន។ លើសពីនេះ គឺការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គម ឌីជីថលជាដើម។ 
 
ជាមួយគ្នាដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏ពិនិត្យនិងសម្រេចសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែរ។ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈ អចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ។ ជាពិសេសអាចស្រូបទាញបន្ថែម នូវធនធានមនុស្សដែលមានសមត្ថភាពជំនាញពិតប្រាកដទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្ត បេសកកម្ម ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
 
ក្រៅពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិភាក្សាលើ៣ចំណុចទៀត មានរបៀបវារៈ កាលបរិច្ចេទ និងសមាសភាលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញា នីតិកាលទី៤, ពិនិត្យលើរបាយការណ៍ស្ដីពីសកម្មភាព និងលទ្ធផលការងារព្រឹទ្ធសភា និងកំណត់របៀបវារៈ និងកាលបរិច្ឆេទ សមាសភាពលេខាធិការសម័យប្រជុំលើកទី១១៕ 
 

Tag:
 សេចក្ដីព្រាងច្បាប់
  ក្រសួងអធិការកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com