សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វី​​ជប៉ុន​មិន​ព្រម​ដំឡើង​អត្រា​ការ​ប្រាក់ បើ​ទោះ​បី​​​តម្លៃ​ប្រាក់​យ៉េនចុះថោក?
20, Sep 2023 , 8:39 am        
រូបភាព
ប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២៥ឆ្នាំធៀបនឹងប្រាក់ដុល្លារ ប៉ុន្តែធនាគារកណ្តាលជប៉ុន (BOJ) នៅតែបដិសេធមិនព្រមដំឡើងអត្រាការប្រាក់។ ភាពទន់ខ្សោយរបស់ប្រាក់យ៉េន ត្រូវបានចាត់ទុកថាជាកត្តាផ្តល់អត្ថប្រយោជន៍សម្រាប់អាជីវកម្មនាំចេញ ផលិតកម្ម និងទេសចរណ៍ ប៉ុន្តែកាលណាស្ថានភាពនេះចេះតែអូសបន្លាយនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមជប៉ុន។

 
ហេតុអ្វីបានជប៉ុនមិនព្រមដំឡើងអត្រាការប្រាក់ ?
 
អតីតអគ្គទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Haruhiko Kuroda ធ្លាប់បានលើកឡើងថា ការដំឡើងអត្រាការប្រាក់តិចតួចនឹងជួយឱ្យប្រាក់យ៉េនឡើងថ្លៃ។ ប៉ុន្តែប្រសិនបើយើងចង់រក្សាតម្លៃនៃរូបិយប័ណ្ណក្នុងស្រុកដោយការដំឡើងអត្រាការប្រាក់ វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាត។ 
 
ជារឿយៗ BOJ តែងតែបង្ហាញបង្ហាញជំហររបស់ខ្លួន រក្សាអត្រាការប្រាក់ដោយមិនផ្លាស់ប្តូរជាមួយនឹងគោលនយោបាយរូបិយវត្ថុដែលធូររលុងជ្រុល ទោះបីជាអតិផរណាត្រូវបានគេព្យាករថានឹងលើសពីគោលដៅ ២ភាគរយនៅឆ្នាំនេះ។
 
នេះជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រា ១០ដងរួចមកហើយចាប់តាំងពីការរាលដាលកូវីដ-១៩ ដែលជាការដំឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ដូចគ្នានេះដែរ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ក៏ត្រូវដំឡើងអត្រាការប្រាក់ជាលើក១០ដូចគ្នា។ 
 
អត្រាអតិផរណា និងការទម្លាក់តម្លៃនៃប្រាក់យ៉េននឹងដើរទន្ទឹមគ្នានៅជប៉ុន ដោយសារប្រទេសនេះត្រូវទូទាត់ជាប្រាក់ដុល្លារសម្រាប់តម្រូវការ និងថាមពលយ៉ាងច្រើនដែលនាំចូលពីបរទេស។
 
បច្ចុប្បន្ន អត្រាការដែលធនាគារកណ្តាលរបស់ជប៉ុនបានកំណត់ស្ថិតនៅអត្រា -០,១ភាគរយ។ អត្រាការប្រាក់អវិជ្ជមានគឺជាគោលនយោបាយរូបិយវត្ថុពិសេសដែលអនុវត្តដោយរដ្ឋាភិបាលនៅពេលដែលអត្រាការប្រាក់ធ្លាក់ចុះក្រោមសូន្យភាគរយ និងវិបត្តិសេដ្ឋកិច្ចកើតឡើង។

 
 
តើជប៉ុនគួរស្វែងរកការអន្តរគមន៍ពីអាម៉េរិកទេជុំវិញអត្រាប្តូរប្រាក់ធ្លាក់ថ្លៃបែបនេះ?
 
ជារួមអតិផរណានាពេលបច្ចុប្បន្ននៅជប៉ុន ភាគច្រើនដោយសារតែការកើនឡើងតម្លៃថាមពល ដោយសារតែប្រទេសជប៉ុនត្រូវនាំចូលប្រេងសាំងភាគច្រើនលើសលប់។
 
ជប៉ុនចង់ធ្វើអន្តរាគមន៍ក្នុងអត្រាប្តូរប្រាក់យ៉េន ដោយមិនដំឡើងអត្រាការប្រាក់ គឺមិនងាយស្រួលនោះទេ ព្រោះវាពាក់ព័ន្ធជាមួយអាម៉េរិកផងដែរ។ អ្នកជំនាញនិយាយថា ប្រសិនបើរដ្ឋាភិបាលទីក្រុងតូក្យូចង់ធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណបរទេសនោះ ខ្លួនត្រូវការការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ព្រោះប្រសិនបើ FED បន្តដំឡើងអត្រាការប្រាក់ សកម្មភាពណាមួយដើម្បីធ្វើអន្តរាគមន៍លើអត្រាប្តូរប្រាក់នឹងមិនមានឥទ្ធិពលយូរអង្វែងនោះទេ។
 
យ៉ាងណាមិញ សេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាក់ដុល្លាររឹងមាំ នឹងជួយធ្វើឱ្យការនាំចូលរបស់អាម៉េរិកមានតម្លៃថោក ដូចនេះការប្រយុទ្ធប្រឆាំងនឹងអតិផរណាបច្ចុប្បន្នជាគោលដៅកំពូលរបស់អាម៉េរិក។
 
អ្នកជំនាញ Takahiro Sekido របស់ធនាគារ MUFG ដែលជាអតីតបុគ្គលិក BOJ បាននិយាយថា ទោះបីជាអត្រាប្តូរប្រាក់ធ្លាក់ចុះដល់ ១៤០យ៉េនក្នុង ១ដុល្លាក៏ដោយ លទ្ធភាពនៃការសម្របសម្រួលក្នុងទីផ្សារអត្រាប្តូរប្រាក់រវាងអាម៉េរិក និងជប៉ុនគឺមិនអាចទៅរួច។ 
 
បើតាមអ្នកជំនាញ Sekido អត្រាប្តូរប្រាក់អាចធ្លាក់ចុះដល់ ១៥០យ៉េនក្នុង ១ដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ប្រសិនបើជប៉ុនបន្តគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំងនាពេលបច្ចុប្បន្ន។
 
បច្ចប្បន្ន ប្រាក់ដុល្លារ ១ដុល្លារអាចប្តូរបានប្រមាណ ១៤៧យ៉េន ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩៨ ហើយអ្នកជំនាញបានព្រមានថា ប្រសិនបើជប៉ុនព្យាយាមរក្សាគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំងនឹងធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះបន្ថែមទៀត។
 
ការចុះខ្សោយប្រាក់យ៉េន ជះឥទ្ធិពលបែបណាចំពោះសេដ្ឋកិច្ចជប៉ុន ?
 
សេដ្ឋកិច្ចរបស់ជប៉ុនបានកើនឡើងលឿនជាងការរំពឹងទុកក្នុងរយៈពេលបីខែដល់ចុងខែមិថុនា ដោយសាររូបិយប័ណ្ណខ្សោយរបស់ប្រទេសនេះជំរុញការនាំចេញ។
 
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនចេញផ្សាយនៅថ្ងៃទី ៨ខែកញ្ញាបានបង្ហាញថា អតិរេកគណនីចរន្តរបស់ជប៉ុនបានកើនឡើងច្រើនជាង ៣ដងក្នុងខែកក្កដាបើធៀបនឹងឆ្នាំមុន ដល់ ២៧៧០ពាន់លានយ៉េន (១៩ពាន់លានដុល្លារ)។
 
វិស័យផលិតរថយន្តកំពុងមើលឃើញការកើនឡើងនៃតម្រូវការទូទាំងពិភពលោក ក្រោយវត្តមានកូវីដដែលបណ្តាលឱ្យវិស័យនេះនៅទ្រឹង។ លើសពីនេះ ការចុះខ្សោយនៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាម៉េរិក បានរួមចំណែកក្នុងការជំរុញតួលេខអាជីវកម្មឡើងវិញរបស់ក្រុមហ៊ុន Toyota ។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក រួមទាំងតូយ៉ូតា ហុងដា និងនីសាន់ ត្រូវបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារពួកគេឃើញតម្រូវការនាំចេញកើនឡើង។
 
បើនិយាយពីវិស័យទេសចរណ៍វិញ ចំនួនភ្ញៀវបរទេសបាននឹងកំពុងកើនឡើង ខណៈដែលជប៉ុនបានឃើញការកើនឡើងនៃវិស័យទេសចរណ៍ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនទាក់ទងនឹងជំងឺកូវីដ-១៩។ អតិរេកទេសចរណ៍របស់ជប៉ុនបានឈានដល់ ៣៣៦,៨ពាន់លានយ៉េន ដែលជាចំនួនដ៏ច្រើនបំផុតនៅក្នុងខែកក្កដាចាប់តាំងពីទិន្នន័យប្រៀបធៀបមាននៅក្នុងឆ្នាំ ១៩៩៦ ។ អតិរេកទេសចរណ៍មានន័យថាចំនួនប្រាក់ដែលបានចំណាយដោយភ្ញៀវទេសចរបរទេសក្នុងដំណើរកម្សាន្តក្នុងប្រទេសជប៉ុនលើសពីចំនួនប្រាក់ដែលប្រជាជនជប៉ុនចំណាយនៅក្រៅប្រទេស។ នេះគឺច្បាស់ណាស់ដោយសារតែការទាក់ទាញនៃប្រាក់យ៉េនចុះថោក ។
 
ទោះ​ជា​យ៉ាង​ណា រូបិយប័ណ្ណ​ខ្សោយ​ធ្វើ​ឱ្យ​ទំនិញ​នាំ​ចូល​របស់​ជប៉ុន​មាន​តម្លៃ​ថ្លៃ​ជាង។ យោងតាមលោក Marcel Thieliant នៃ Capital Economics មានការថយចុះនៃការប្រើប្រាស់ឯកជន គឺស្មើនឹងជាងពាក់កណ្តាលនៃសេដ្ឋកិច្ចជប៉ុន។
 
ប្រាក់យ៉េនទន់ខ្សោយបានជំរុញថ្លៃដើមនៃការនាំចូលឥន្ធនៈ និងអាហារ កាត់បន្ថយថាមពលទិញក្នុងគ្រួសារយ៉ាងខ្លាំង ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រី Fumio Kishida ស្វែងរកវិធានការឧបត្ថម្ភធនតម្លៃប្រេងសាំងលក់រាយ និងកាត់បន្ថយការកើនឡើងថ្លៃអគ្គិសនី។
 
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថាសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូលរបស់ប្រទេសជប៉ុនដែលមិនរាប់បញ្ចូលអាហារស្រស់បានកើនឡើង ៣​,១ភាគរយ នៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុន។
 
ប្រាក់យ៉េនទន់ខ្សោយក៏បានជំរុញឱ្យតម្លៃសាំងនៅក្នុងប្រទេសជប៉ុនឡើងដល់កម្រិតខ្ពស់រយៈពេល ១៥ ឆ្នាំក្នុងសប្តាហ៍ដំបូងនៃខែកញ្ញា ដោយបង្ខំឱ្យរដ្ឋាភិបាលបន្តការឧបត្ថម្ភធនដើម្បីសម្រាលបន្ទុកលើអ្នកបើកបរ។ យោងតាមទីភ្នាក់ងារធនធានធម្មជាតិ និងថាមពល តម្លៃលក់រាយប្រេងសាំងធម្មតានៅថ្ងៃទី ៣ខែកញ្ញា គឺ ១៨៥,៦យ៉េន (១,២៨ដុល្លារ) ក្នុងមួយលីត្រ កើនឡើង ១,៩យ៉េនធៀបនឹងសប្តាហ៍មុន ដែលជាការកើនឡើងដប់ប្រាំសប្តាហ៍ជាប់ៗគ្នា។
 
បើតាមអ្នកជំនាញ គន្លឹះក្នុងការបង្វែរស្ថានភាពគឺកាត់បន្ថយអត្រាការប្រាក់របស់អាម៉េរិក។ ប្រសិន​បើ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ​បន្តិច នោះ​ប្រាក់​យ៉េន​នឹង​ឡើង​ថ្លៃ ដែល​មាន​ន័យ​ថា​តម្លៃ​ឧស្ម័ន​ប្រហែល​ជា​នឹង​ធ្លាក់​ចុះ។
 
មូលហេតុអ្វីដែលធ្វើឲ្យប្រាក់យ៉េនចុះខ្សោយ ? 
 
កត្តាចម្បងនៅពីក្រោយភាពទន់ខ្សោយរបស់ប្រាក់យ៉េននៅតែមិនផ្លាស់ប្តូរ ហើយធ្វើឲ្យមានគម្លាតអត្រាការប្រាក់កាន់តែធំជាមួយអាម៉េរិក ដោយសារតែធនាគារកណ្តាលជប៉ុន (BoJ) កំពុងអនុវត្តគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង។
 
ពាណិជ្ជករជាច្រើននៅតែព្រួយបារម្ភអំពីការអន្តរាគមន៍របស់ BoJ ដោយសារតែប្រាក់យ៉េនបានចូលទៅក្នុងស្ថានភាពមួយដែលបានជំរុញឱ្យអាជ្ញាធរជប៉ុនលក់ប្រាក់ដុល្លារយ៉ាងខ្លាំងដូចទៅនឹងនៅក្នុងខែកញ្ញា និងខែតុលាឆ្នាំមុន។
 
ប្រទេសជប៉ុនបានចំណាយប្រាក់ជាង ៩ទ្រីលានយ៉េន (៦២ ពាន់លានដុល្លារ) ធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណកាលពីឆ្នាំមុន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃប្រាក់យ៉េន ដោយការទិញប្រាក់យ៉េនក្នុងខែកញ្ញា និងតុលា ដែលជាលើកដំបូងក្នុងតម្លៃប្រហែល ១៤៥យ៉េនក្នុង ១ដុល្លារ ។ 
 
តើប្រាក់យ៉េនអាចផ្តើមឡើងថ្លៃវិញទេនាពេលអនាគត? 
 
មួយរយៈចុងក្រោយនេះ​ រូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុនបានកើនឡើងមកវិញបន្តិចធៀបនឹងប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសនេះបានលើកឡើងពីលទ្ធភាពនៃការបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។
 
នៅក្នុងបទសម្ភាសមួយនៅក្នុងកាសែតជប៉ុន Yomiuri លោក Kazuo Ueda ជាអគ្គទេសាភិបាលធនាគារកណ្តាលជប៉ុនបាននិយាយថា ចន្លោះពេលនេះដល់ចុងឆ្នាំ BOJ អាចមានទិន្នន័យគ្រប់គ្រាន់ដើម្បីវាយតម្លៃថាតើវានឹងបញ្ចប់អត្រាការប្រាក់អវិជ្ជមានឬអត់?
 
ការឡើងថ្លៃមកវិញនៃប្រាក់យ៉េនដោយសារការអត្ថាធិប្បាយកាលពីចុងសប្តាហ៍មុនដោយលោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) ថាអាចបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ប្រសិនបើគោលដៅអតិផរណា ២ភាគរយជិតនឹងសម្រេចបាន៕
 

Tag:
 ជប៉ុន
  អត្រាការប្រាក់
  BoJ
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com