កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ ទទួលស្គាល់ក្រុមបាល់ទះកម្ពុជា ក្រោមឥណ្ឌាឆ្ងាយ តែនឹងប្រឹងអភិវឌ្ឍបន្ថែម
20, Sep 2023 , 10:25 am        
រូបភាព
ការប្រកួតរវាងកម្ពុជា និង ឥណ្ឌា ក្នុងព្រឹត្តិការណ៍ Asian Games 2022 រូបពី VDO Live
ការប្រកួតរវាងកម្ពុជា និង ឥណ្ឌា ក្នុងព្រឹត្តិការណ៍ Asian Games 2022 រូបពី VDO Live
ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាញ់ឥណ្ឌា លទ្ធផល ៣សិត ទល់និង ០ នៅក្នុងពូល C នៃការប្រកួត Asian Games 2022 នៅប្រទេសចិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានទទួលស្គាល់ថា កីឡាករកម្ពុជា ប្រឹងអស់ពីសមត្ថភាព ប៉ុន្ដែ បច្ចេកទេសរបស់ឥណ្ឌា ខ្ពស់ជាងកម្ពុជាឆ្ងាយ។


កម្ពុជា បានចាញ់ឥណ្ឌា ៣សិត ទល់និង ០ ដោយសិតទីមួយ ១៤-២៥, សិតទីពីរ ១៣-២៥ និងសិតទីបី ១៩-២៥។ បន្ទាប់ពី​បរាជ័យ ក្នុងការប្រកួតនេះ លោក អាំង សិរីពិសិដ្ឋ បាននិយាយក្នុងវីឌីអូឡាយ ដូច្នេះថា នេះ គឺជាការបង្ហាញខ្លួនលើកដំបូង របស់ក្រុមបាល់ទះកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលជាព្រឹត្តិការណ៍ធំក្នុងទ្វីបអាស៊ី។ បើទោះជាការបង្ហាញខ្លួនដំបូង ប៉ុន្ដែអត្ដពលិក បានប្រឹងប្រែងអស់ពីសមត្ថភាព។ លោក សិរីពិសិដ្ឋ ក៏ទទួលស្គាល់ថា កម្រិត បច្ចេកទេសអត្ដពលិកកម្ពុជា នៅមានកម្រិតទាបជាងឥណ្ឌា។
 
«មិនមែនលេងមិនអស់ទេ ប៉ុន្ដែទទួលស្គាល់ថាបច្ចេកទេស  យើងនៅក្រោមគេ។ យើង រៀនទទួលស្គាល់ការពិតថា ចាញ់ គឺចាញ់។ ហើយ យើង សង្ឃឹមថា បន្ទាប់ពីនេះ គឺយើងនឹងប្រឹងប្រែង ហើយយើងអភិវឌ្ឍបន្ថែមទៀត និងឈានទៅរកជ័យជម្នះ នៅថ្ងៃក្រោយ។»។ លោក អាំង សិរីពិសិដ្ឋ បាននិយាយដូច្នេះ។
 
ប្រកួតបន្ទាប់ កម្ពុជា ត្រូវប្រកួតជាមួយ កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៃការប្រកួត Asian Games 2022 នៅទីក្រុង Hang Zhou វេលាម៉ោង ១:៣០ ថ្ងៃត្រង់៕
 

Tag:
 បាល់ទះ
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com