អន្តរជាតិ
នយោបាយអន្តរជាតិ
ទំនាក់ទំនងឥណ្ឌា-កាណាដាតានតឹងខ្លាំង ជុំវិញឃាតកម្មមេដឹកនាំ Sikh 
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (ក្រោយ) និង នាយករដ្ឋមន្រ្តីឥណ្ឌា ណារិដ្រា ម៉ូឌី ។ រូបភាព AP ។
×![]()
ឃាតកម្មលើមេដឹកនាំជនជាតិ Sikh នៅកាណាដា កំពុងធ្វើឱ្យទំនាក់ទំនងរវាងកាណាដា និងឥណ្ឌាដុនដាបខ្លាំង បន្ទាប់ពីក្រុងអូតាវ៉ាអះអាងថា រដ្ឋាភិបាលក្រុងញូវដែលីជាប់ពាក់ព័ន្ធករណីនេះ។ ភាគីទាំង២ ក៏បានបណ្ដេញមន្រ្តីការទូតគ្នាទៅវិញទៅមកថែមទៀត។
ផ្ដើមដំបូង នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ អះអាងចំៗថា កាណាដា មានព័ស្តុតាងបង្ហាញពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលលើករណីឃាតកម្មលោក Hardeep Singh Nijjar ដែលមានសញ្ជាតិកាណាដាកាលពីខែមិថុនាកន្លងទៅ។ លោកអះអាងទៀតថា រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការចាំបាច់ ដើម្បីឲ្យជនដៃដល់នៃឃាតកម្មនេះទទួលខុសត្រូវ។
ជាមួយគ្នានេះ កាណាដាបានបណ្តេញអ្នកការទូតឥណ្ឌាម្នាក់ដែរ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly លើកឡើងថា អ្នកការទូតរូបនេះជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ស្ថានទូតឥណ្ឌា។ លោកស្រី Joly បន្ថែមថា លោក ទ្រូដូ ក៏បានលើកឡើងពីបញ្ហានេះជាមួយទាំងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ផងដែរ។
លោក Hardeep Singh Nijjar ជាមេដឹកនាំជនជាតិ Sikh ដ៏លេចធ្លោម្នាក់នៅភាគខាងលិចកាណាដា។ លោកត្រូវបានខ្មាន់កាំភ្លើងពាក់ម៉ាស់ពីរនាក់បាញ់សម្លាប់នៅក្នុងខែមិថុនា នៅខេត្ត British Columbia ។ មេដឹកនាំក្រុម Sikh រូបនេះបានគាំទ្រការបង្កើតរដ្ឋឯករាជ្យ Khalistan ពីតំបន់នៅភាគខាងជើងឥណ្ឌា និងផ្នែកខ្លះនៃប៉ាគីស្ថាន។ រដ្ឋាភិបាលឥណ្ឌាចាត់ទុកចលនា Khalistan ថាជាការគំរាមកំហែងសន្តិសុខជាតិ។
ជាការឆ្លើយតប នៅថ្ងៃទី១៩ ខែកញ្ញា ឥណ្ឌាបានបណ្តេញអ្នកការទូតជាន់ខ្ពស់របស់កាណាដាវិញដែរ។ បើតាមក្រសួងការបរទេសឥណ្ឌា អ្នកការទូតកាណាដាដែលពាក់ព័ន្ធរូបនេះ ត្រូវបានស្នើសុំឱ្យចាកចេញពីឥណ្ឌាក្នុងរយៈពេល៥ថ្ងៃ។
មិនចប់ត្រឹមនេះឡើយ លោក ទ្រូដូ ទទូចឱ្យឥណ្ឌាដោះស្រាយបញ្ហាឱ្យបានម៉ត់ចត់ តែលោកក៏បញ្ជាក់ដែរថា កាណាដាមិនបង្ករឿងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com