អន្តរជាតិ
ចិន និងទីម័រខាងកើតដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
24, Sep 2023 , 10:00 pm        
រូបភាព
ចិន និងទីម័រខាងកើតបានពង្រីកទំនាក់ទំនងទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹងផ្តល់សក្តានុពលឱ្យទីក្រុងប៉េកាំងពង្រីកឥទិ្ធពលរបស់ខ្លួនឱ្យកាន់ខ្លាំងនៅក្នុងតំបន់ តែក៏បំពេញបំណងប្រាថ្នាឱ្យទីម័រខាងកើតមានទំនាក់ទំនងកាន់តែរឹងមាំជាមួយមហាអំណាចមួយនេះ។

 
 
សេចក្តីថ្លែងការណ៍ដែលចេញពីក្រសួងការបរទេសចិននៅថ្ងៃទី២៣ ខែកញ្ញាបានបញ្ជាក់ថា កិច្ចព្រមព្រៀងដើម្បីបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរបានធ្វើឡើងនាជំនួបរវាងប្រធានាធិបតីចិន ស៊ី ជិនភីងជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើតលោក Xanana Gusmao នៅទីក្រុង Hangzhou ភាគខាងកើតចិន មុនពេលដែលពិធីបើកកីឡាអាស៊ី។
 
«ភាគីទាំងពីរនឹងបង្កើនការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ លោក ស៊ី និយាយបែបនេះនៅថ្ងៃទី២៣ ខែកញ្ញា។ 
 
ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានយល់ព្រមលើកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលអាចបើកផ្លូវសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះចិនក៏បានប្រកាសថានឹងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ទីម័រខាងកើតផងដែរ។
 
ក្នុងសេចក្ដីថ្លែងការណ៏ដដែលនេះ ភាគីទាំងពីរក៏បានឯកភាពលើការផ្លាស់ប្ដូរយោធាកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ការពង្រីកការវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងអាហារ ព្រមទាំងការពង្រឹងនូវការផ្លាស់ប្តូរគោលនយោបាយថាមពល និងសិក្សាលទ្ធភាពសម្រាប់ការរុករករួមគ្នាលើប្រេង និងឧស្ម័ន៕
 
 
 

Tag:
 (ចិន
 ​ ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com