ជាតិ
ក្រសួងអប់រំ នឹងបើកឱ្យមហាជនចូលរួមប្រកួតសរសេរតាមអាន ដើម្បីលើកតម្លៃអក្សរសាស្ត្រខ្មែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយអគ្គលេខាធិការរង រដ្ឋសភា។ រូបពី MoETS
× ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរតាមអាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ។
លោក ហង់ជួន ណារ៉ុន បានពិភាក្សាការងារជាមួយលោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា ពីគម្រោងមួយស្តីពីការរៀបចំកម្មវិធីសរសេរតាមអាន។ គោលបំណងនៃកម្មវិធីនេះ ដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ។
កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយដើម្បីទាញចំណាប់អារម្មណ៍សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ។ កម្មវិធីការប្រកួតសរសេរតាមអាន រៀបចំឡើងក្រោមចំណងជើងថា «សំណេរអង្គរ»។ ដូច្នេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ នេះជាការពន្យល់របស់ អគ្គលេខាធិការរង រដ្ឋសភា ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី២២កញ្ញា ។
ក្រុមការងាររដ្ឋសភា។ រូបពីក្រសួងអប់រំ
លោក លីម ប៊ុនហុក បានស្នើសុំកិច្ចសហការ រៀបចំនិងគាំទ្រពីរដ្ឋមន្ត្រីអប់រំ រួមទាំងការជ្រើសរើសប្រធានបទសម្រាប់ការសរសេរតាមអាន«សំណេរអង្គរ» ។
ពាក់ព័ន្ធនឹង កម្មវិធីនេះ រដ្ឋមន្ត្រីអប់រំ លោក ណារ៉ុន បានយល់ព្រមចាត់មន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធី សរសេរតាមអាន «សំណេរអង្គរ» នេះឱ្យបានត្រឹមត្រូវ និងតម្លាភាព តាមបច្ចេកទេសនៃគណៈកម្មការរៀបចំប្រឡង គណៈកម្មាការអនុរក្ស និងគ្រូកំណែតាមស្តង់ដា ដែលបានកំណត់។ ចំពោះ ប្រធានបទប្រឡងជាក់លាក់ រដ្ឋមន្ត្រីនឹងដាក់ចេញដោយផ្ទាល់និងសមស្របតាមកម្រិត លក្ខខណ្ឌនៃកម្មវិធី ៕
លោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា(អ្នកទីពីររាប់ពីឆ្វេង) និង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (អ្នកទីបីរាប់ពីឆ្វេង)។ រូបពី MoEYS
© រក្សាសិទ្ធិដោយ thmeythmey.com