សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សារអចលនទ្រព្យនៅចិន ផ្គត់ផ្គង់លើសតម្រូវការ
26, Sep 2023 , 8:39 am        
រូបភាព
ការសាងសង់អគារនៅទីក្រុងប៉េកាំង ។ រូបភាព Xinhua ។
ការសាងសង់អគារនៅទីក្រុងប៉េកាំង ។ រូបភាព Xinhua ។
អ្នកជំនាញបាននិយាយថា ចំនួនអាផាតមិននៅចិនដែលទំនេរបច្ចុប្បន្នអាចគ្រប់គ្រាន់សម្រាប់មនុស្ស៣ពាន់លាននាក់ ខណៈប្រជាជនចិនមានចំនួនប្រមាណតែ១,៤ពាន់លាននាក់ ដែលមានន័យថាទីផ្សារក្នុងវិស័យនេះកំពុងផ្គត់ផ្គង់លើសពីតម្រូវការ។

 
ចិនកំពុងជួបបញ្ហាវិបត្តិអចលទ្រព្យអស់ជាច្រើនខែក្រោយការរាលដាលជំងឺកូវីដ-១៩។ ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិនបានប្រកាសក្ស័យធនជាបន្តបន្ទាប់តួយ៉ាង ក្រុមហ៊ុនEvergrande មានបំណុលស្មើ ២ភាគរយនៃចំនួនផលិតផលក្នុងស្រុកសរុបរបស់ចិន។  
 
លោក He Keng អតីតអគ្គនាយរងនៃអគ្គនាយកស្ថិតិជាតិចិនបាននិយាយក្នុងវេទិកាមួយនៅទីក្រុង Dongguan ថា មានតួលេខផ្សេងៗគ្នាជាច្រើនដែលបានផ្តល់ឱ្យអំពីចំនួនអាផាតមិនទំនេរដែលបង្ហាញថា ចំនួនអាផាតមិនបច្ចុប្បន្នគឺគ្រប់គ្រាន់សម្រាប់មនុស្ស ៣ពាន់លាននាក់។ នេះមានន័យថា ប្រជាជនចិនចំនួន ១,៤ ពាន់លាននាក់មិនអាចគ្របដណ្តប់បានទាំងអស់តួលេខនេះបានទេ ។ 
 
វិស័យអចលនទ្រព្យរបស់ចិនដែលធ្លាប់ជាសសរស្តម្ភនៃសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកបានចុះខ្សោយចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យយក្ស China Evergrande Group បានសងបំណុលរបស់ខ្លួន ក្រោយពីរដ្ឋាភិបាលបានរឹតបន្តឹងបទប្បញ្ញត្តិស្តីពីសកម្មភាពផ្តល់ប្រាក់កម្ចីថ្មី។
 
ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​នៅ​តែ​គំរាម​កំហែង​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍អចលន​ទ្រព្យធំៗនៅចិន​ ​ផ្សេង​ទៀត​ដូច​ជា Country Garden Holdings ជាដើម។ 
 
យោងតាមទិន្នន័យចុងក្រោយបំផុតពីអគ្គនាយកដ្ឋានស្ថិតិជាតិរបស់ចិន (NBS) គិតត្រឹមដំណាច់ខែសីហា ផ្ទៃដីសរុបនៃផ្ទះដែលមិនទាន់លក់បានឈានដល់ ៦៤៨លានម៉ែត្រការ៉េ ស្មើនឹង ៧,២លានខ្នងផ្ទះ។ បើយោងតាមការប៉ាន់ស្មានពីសារព័ត៌មាន Reuters ទំហំផ្ទៃដីផ្ទះជាមធ្យមមានចំនួន ៩០ម៉ែត្រការ៉េ។
 
តួលេខនេះមិនរាប់បញ្ចូលគម្រោងលំនៅឋានជាច្រើនដែលត្រូវបានលក់ ប៉ុន្តែមិនទាន់បានបញ្ចប់ដោយសារបញ្ហាលំហូរសាច់ប្រាក់ ឬផ្ទះជាច្រើនដែលបានទិញក្នុងអំឡុងពេលទីផ្សារកើនឡើងក្នុងឆ្នាំ ២០១៦ ដែលនៅទំនេរនៅឡើយ៕
 

Tag:
 ចិន
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com