ជាតិ
កំពង់ធំ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ព្រះសីហនុ កោះកុង និងពោធិ៍សាត់ រងគ្រោះដោយជំនន់ទឹកភ្លៀង
28, Sep 2023 , 3:09 pm        
រូបភាព
 ស្ថានភាពទឹកជន់លិចក្នុងខេត្តកំពង់ធំ។ រូបពី រដ្ឋបាលខេត្តកំពង់ធំ
ស្ថានភាពទឹកជន់លិចក្នុងខេត្តកំពង់ធំ។ រូបពី រដ្ឋបាលខេត្តកំពង់ធំ
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាឱ្យមានខេត្តចំនួន៦ រួមមាន កំពង់ធំ ព្រះវិហារ ត្បូរឃ្មុំ ក្រចេះ ព្រះសីហនុ និងខេត្តកោះកុង។ ក្នុងចំណោមខេត្តទាំងនេះ ខេត្តកំពង់ធំរងគ្រោះខ្លាំងជាងគេ គឺមានរហូតដល់ ៨ក្រុង-ស្រុក ដែលមាន២៨ឃុំសង្កាត់ ជន់លិច។ នេះបើតាម លោក សុទ្ធ គឹម​កុល​មុន្នី អ្នក​នាំពា​ក្យ​​គ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះម​ហន្តរាយ​។

 
យោងតាមរបាយការណ៍ ​គ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១៦ដល់២៨កញ្ញានេះ ខេត្តចំនួន៦ ត្រូវបានទឹកជន់លិច។ ខេត្តកំពង់ធំ មានផ្ទះពលរដ្ឋលិចទឹក២២២៥ខ្នង ហើយពលរដ្ឋ២០៩គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។  ចំណែក ផលដំណាំវិញ មានស្រូវ៣៤៣៩ហិកតា បានលិចលង់។ សរុបផលប៉ះពាល់ជារួម គឺមាន៥២៩៩គ្រួសារ រងផលប៉ះពាល់។ 
 
ខេត្តព្រះវិហារ មាន៦ក្រុង-ស្រុក ក្នុងមាន១០ឃុំ-សង្កាត់ រងផលប៉ះពាលដោយសារទឹកជំនន់។ ខេត្តនេះ មានផ្ទះពលរដ្ឋ១៥០ខ្នង បានលិចទឹក ហើយ៣៥គ្រួសារបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ ផលដំណាំស្រូវ ត្រូវបានលិចទឹកអស់៩៥៧ហិកតា។ ក្នុងចំណោម ១០ឃុំ-សង្កាត់នេះ ពលរដ្ឋសរុប៧២៧រងគ្រួសារ បានរងប៉ះពាល់។ 
 
ខេត្តត្បូងឃ្មុំ មានក្រុង-ស្រុកចំនួន៣ ដែលក្នុងនោះមាន១១ឃុំ-សង្កាត់ រងផលប៉ះពាល់។ ក្នុងខេត្តនេះ មានពលរដ្ឋ៨២៥គ្រួសារ បានរងប៉ះពាល់ពីជំនន់ទឹកភ្លៀង ហើយក្នុងនោះមាន៧៥គ្រួសារជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ 
 
ដោយឡែក ដំណាំស្រូវ ៣៥៦ហិកតា រងការជន់លិច។ 
 
ខេត្តក្រចេះ មានក្រុង-ស្រុកចំនួន៥ ដែលក្នុងនោះ មាន២៧ឃុំ-សង្កាត់ រងការជន់លិចដោយជំនន់ទឹកភ្លៀង ហើយមានផ្ទះពលរដ្ឋ២៧០ខ្នង ត្រូវទឹកជន់លិច។ ផលដំណាំស្រូវ មាន១០២៨ហិកតា រួមទាំងដំណាំរួមផ្សំផ្សេងទៀតប្រមាណ១៥០ហិកាត ក៏រងផលប៉ះពាល់ដែរ។ ដូច្នេះ ជារួមពលរដ្ឋក្នុងក្រុង-ស្រុកទាំង៥ មានពលរដ្ឋ១៦១០គ្រួសារបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ 
 
ដោយឡែក ខេត្តព្រះសីហនុ និងខេត្ត កោះកុង គឺមានទឹកជន់លិចផ្លូវមួយចំនួន។ ប៉ុន្តែយ៉ាងណា ស្ថានភាពបានថមថយទៅវិញហើយ។ នេះការបញ្ជាក់បន្ថែមរបស់លោក សុទ្ធ គឹម​កុល​មុន្នី ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ហើយនៅខេត្តពោធិ៍សាត់វិញ គឺមានទឹកជន់លិចមួយចំនួននៅក្នុងស្រុកវែលវែង។ លោកបានឱ្យដឹងទៀតថា បើនៅក្នុងថ្ងៃនេះ ឬថ្ងៃទី២៩កញ្ញ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទឹកនឹងអាចជន់លិចទីរួមខេត្តពោធិ៍សាត់។ ប៉ុន្តែ បើពុំមានភ្លៀងបន្តទៀត ស្ថានភាពទឹកក្នុងខេត្តពោធិ៍សាត់នឹងថមថយទៅវិញ។ 
 
ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងតាមបណ្ដាខេត្តនេះ អាជ្ញាធរតាមមូលដ្ឋានអាចគ្រប់គ្រងស្ថានការណ៍បាន ហើយខាងគ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះម​ហន្តរាយក៏បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមខ្លួនជួយចុះអន្តរាគមន៍ពលរដ្ឋដែរ។ ជាមួយគ្នាដែរ ​​គ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះម​ហន្តរាយស្នើឱ្យពលរដ្ឋជួយសហការផ្ដល់ព័ត៌មាន ជុំវិញស្ថានភាពទឹកជំនន់ដល់អាជ្ញាធរ ដើម្បីស្វែងរកការជួយបានទាន់ពេលវេលា។ នេះបើតាម លោក សុទ្ធ គឹម​កុល​មុន្នី៕ 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com