សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន និងអឺរ៉ុបព្យាយាមកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម
29, Sep 2023 , 9:29 am        
រូបភាព
លោក Valdis Dombrovskis (ឆ្វេង) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាពាណិជ្ជកម្ម EU ជួបជាមួយលោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន ។ រូបភាព AFP ។
លោក Valdis Dombrovskis (ឆ្វេង) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាពាណិជ្ជកម្ម EU ជួបជាមួយលោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន ។ រូបភាព AFP ។
ទំនាក់ទំនងទ្វេភាគីរវាងចិន និងអឺរ៉ុបកាន់តែយ៉ាប់យ៉ឺននាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋចិនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ យ៉ាងណាមិញ ភាគីទាំង២ នៅតែប្ដេជ្ញាកាត់បន្ថយភាពតានតឹង។

 
ចិន និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានស្តីពីការរឹតបន្តឹងការនាំចេញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញអតុល្យភាពពាណិជ្ជកម្មទ្វេភាគី និងបញ្ហាផ្សេងៗទៀតនៃភូមិសាស្ត្រនយោបាយ។
 
យោងតាម ​​CNN ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងខាងលើក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់លោក Valdis Dombrovskis មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបកាលពីដើមសប្តាហ៍នេះ។ លោក Dombrovskis បាននិយាយថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិនគឺកំពុងស្ថិតក្នុងចំណុចរបត់មួយ ហើយអ្នកនាំចេញរបស់អឺរ៉ុបត្រូវការចូលទៅកាន់ទីផ្សារកាន់តែងាយស្រួលនៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។
 
ទំនាក់ទំនងរវាង EU និងចិន ចាំបាច់ត្រូវមានតុល្យភាពឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងដោយឈរលើមូលដ្ឋាននៃតម្លាភាព សមភាព ការព្យាករ និងសមភាពទៅវិញទៅមក។ លោក Dombrovskis បាននិយាយបែបនេះដោយបន្តថា ៖« ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញថា យើងមានការរីកចម្រើនក្នុងការដោះស្រាយបញ្ហាមួយចំនួននៃការចូលប្រើប្រាស់ទីផ្សារ»។
 
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម និងពិចារណាលើយន្តការថ្មីមួយដើម្បីធ្វើកិច្ចការនេះ។  យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុប (EC)។
 
ទំនាក់ទំនងទ្វេភាគីរវាងចិន និងអឺរ៉ុបបានធ្លាក់ចុះខ្លាំង ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋរបស់ចិនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ការស៊ើបអង្កេតនេះត្រូវបានចាប់ផ្តើមនៅក្នុងបរិបទនៃការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចូលរថយន្តអគ្គិសនីរបស់ចិនទៅកាន់អឺរ៉ុប ដែលបង្កើនការព្រួយបារម្ភអំពីអនាគតនៃក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប។ 
 
កាលពីឆ្នាំមុន ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយចិនមានចំនួន ៣៩៦ ពាន់លានអឺរ៉ូ (៤២១ ពាន់លានដុល្លារ)។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសចិន លោក Jorge Toledo បាននិយាយថានេះគឺជាឱនភាពពាណិជ្ជកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។
 
លើសពីនេះ ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ​ក៏​កំពុង​ថ្លឹងថ្លែង​លើ​ច្រវាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ផងដែរ។ ថ្មីៗនេះ ចិនបានបញ្ឈប់ការនាំចេញវត្ថុធាតុកម្រសំខាន់ៗចំនួនពីរដែលប្រើសម្រាប់បន្ទះឈីប ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថាជាការព្រមានដល់អឺរ៉ុប និងអាម៉េរិក បន្ទាប់ពីទីក្រុងព្រុចសែល និងវ៉ាស៊ីនតោនបានដាក់ការរឹតបន្តឹងដែលកាត់បន្ថយលទ្ធភាពប្រើប្រាស់ឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់របស់ចិន៕
 

Tag:
 អឺរ៉ុប
  ចិន​
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com