ជាតិ
កម្ពុជានាំយកអង្ករធ្លាប់ឈ្នះពានល្អបំផុតលើពិភពលោក ទៅពិព័រណ៍នៅអាល្លឺម៉ង់
08, Oct 2023 , 11:09 am        
រូបភាព
រូបភាព៖ លោក សុខ ពុទ្ធិវុធ
រូបភាព៖ លោក សុខ ពុទ្ធិវុធ
ភ្នំពេញ៖ កម្ពុជា នាំយកអង្ករដែលធ្លាប់ឈ្នះពានរង្វាន់ល្អបំផុតលើពិភពលោក ទៅបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023 ) នៅអាល្លឺម៉ង់ ដែលចាប់ផ្ដើមពីថ្ងៃទី៧ ដល់១១ តុលា។ វាជាការចូលរួមលើកដំបូងសម្រាប់កម្ពុជា ខណៈពិព័រណ៍នេះមានប្រវត្តិជាង១០០ឆ្នាំមកហើយ។


 
បើតាមការប្រកាសព័ត៌មានដោយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមហ៊ុន ចំនួន៨ទៅចូលរួម តាំងបង្ហាញផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។ 
 
Anuga Food Trade Fair 2023 ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៩ គិតមកទល់ពេលមានអាយុ១១៣ឆ្នាំហើយ។ ពិព័រណ៍នេះ កំពុងក្លាយជាវេទិការប្រមូលផ្ដុំដ៏សំខាន់សម្រាប់ពិភពលោក របស់អ្នកជំនាញ និងអ្នកធ្វើការ សម្រេចចិត្តលើការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។ នេះជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។ 
 
ក្រុមហ៊ុនទាំង៨ ដែលចូលរួមបង្ហាញផលិតផល នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារពិភពលោក (Anuga Food Trade Fair 2023) រួមមាន GOLDEN RICE (CAMBODIA) CO., LTD. , KAMPONG THOM RICE MILL LIMITED, SINGATURE OF ASIA CO., LTD., PRIMALIS CORPERATION, LTD., GCITY RICE IMPORT EXPORT CO., LTD. , AMRU RICE (CAMBODIA) CO., LTD., LOR EAK HENG SEK MEAS RICE CO., LTD., EANG HEANG IMPORT EXPORT CO., LTD.។ 
 
Anuga Food Fair 2023 គឺជាព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារដ៏ធំបំផុតរបស់ពិភពលោក ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្ដង លើផ្ទៃដីចំនួន ២៨៤០០០០ ម៉ែត្រការ៉េ នៅក្នុងសហសាលចំនួន ១១ និងមាន ក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ៧ ៩០០ មកពី ២០០ប្រទេសនៅលើពិភពលោក។ 
 
អង្ករផ្ការំដួល របស់កម្ពុជា ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេលើពិភពលោក ឆ្នាំ២០២២ ( world best rice 2022) នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ- អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ មកដល់ពេលនេះ អង្ករកម្ពុជាទទួលបានជ័យលាភី ៥លើកហើយ គឺក្នុងឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៨ និង២០២២ ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករជាង៤៥ម៉ឺនតោន ទៅកាន់ប្រទេស គោលដៅចំនួន៥៧នៅលើពិភពលោក ដោយទទួលបានចំណូល៣២៧លានដុល្លារ។ បរិមាណ៤៥ ម៉ឺន តោននេះ គឺស្មើ៦៥ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន៕

Tag:
 សហព័ន្ធស្រូវអង្ករ
  ពាន់រង្វាន់អង្ករល្អបំផុតពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com