ជាតិ
ក្រសួងសុខាភិបាល ជំរុញឱ្យនិយោជកយកចិត្តទុកដាក់លើសុខភាពភ្នែកបុគ្គលិកនៅកន្លែងធ្វើការ
08, Oct 2023 , 8:19 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល ជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា យកចិត្តទុកដាក់លើសុខភាពផ្នែកបុគ្គលិក នៅម៉ោងបំពេញការងារ។ ការដាក់ចេញបែបនេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទរ «ទិវាសុខភាពភ្នែកពិភពលោក» នៅថ្ងៃទី១២ ខែតុលា ខាងមុខ។ 


 
ទិវាសុខភាពភ្នែកពិភពលោក ចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០០០មក ដោយមានកិច្ចសហការវាងអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក។ នៅឆ្នាំ២០២៣នេះ ប្រធានបទនៃការអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «ស្រឡាញ់ភ្នែក របស់អ្នកពេលបំពេញការងារ» ដែលសំដៅដល់ការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពនានា ដើម្បីការពារភ្នែកពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងនៅកន្លែងការងារ។
 
ក្នុងឱកាសអបអរសារទរនេះ ក្រសួងសុខាភិបាល បានជំរុញដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា យកចិត្តទុកដាក់លើគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពភ្នែកនៅកន្លែងធ្វើការ។ ក្នុងនោះ ម្ចាស់រោងចក្រ ឬសហគ្រាស ត្រូវមានវិធានការសុវត្ថិភាពចំពោះការងារ ដែលអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ ដោយផ្ទាល់ ឬដោយប្រយោលដល់ភ្នែករបស់និយោជិត។ 
 
ចំពោះ កម្មករសំណង់ ជាងដែក ជាងឈើ កម្មកររោងជាងក្នុងសហគ្រាសតូចៗ និងសិប្បកម្មនានា ក្រសួង ណែនាំឱ្យពាក់វ៉ែនតាសុវត្ថិភាព ឬរបាំងការពារភ្នែក និងអនុវត្តវិធានការសុវត្ថិភាព ដើម្បីធានាបាននូវសុវត្ថិភាពភ្នែក១០០ភាគរយ ក្នុងអំឡុងពេលបំពេញការងារ។ ចំណែក បុគ្គលិក មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុវត្ថិភាពដើម្បីធានាសុខភាព ភ្នែកឱ្យបានល្អ និងមើលឃើញបានច្បាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់។
 
ជាមួយគ្នានេះ ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក ប្រញាប់រួសរាន់ទៅពិនិត្យព្យាបាលភ្នែក នៅតាមទីកន្លែងផ្តល់សេវាពិនិត្យ និងព្យាបាលភ្នែក ដែលនៅជិតបំផុតដើម្បីបង្ការ ឬព្យាបាលឱ្យបានទាន់ពេលវេលា។
 
ដើម្បីចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឱ្យកាន់តែមហោឡារិក អគារចក្ខុសាស្ត្រ និងមណ្ឌលថែទាំភ្នែកនៅគ្រប់បណ្តាខេត្ត ដោយសហការជាមួយអង្គការដៃគូ នឹងផ្តល់ការពិនិត្យ និង ព្យាបាលភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ពីថ្ងៃទី១១ ដល់១២ ខែតុលា។ នេះបើតាមក្រសួងសុខាភិបាល៕ 

Tag:
 ក្រសួងសុខាភិបាល
  ទិវាសុខភាពភ្នែកពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com