ជាតិ
សត្វទន្សោងញី១ក្បាលងាប់ទាំងវេទនា ក្រោយជាប់អន្ទាក់ព្រានជាច្រើនខែ
08, Oct 2023 , 5:39 pm        
រូបភាព
ទន្សោងញី ដែលងាប់ ត្រូវបានប្រជាសហគមន៍ព្រៃឈើប្រាំបីមុម  ដុតបំផ្លាញចោល។ រូបភាព៖ សហគមន៍ព្រៃឈើប្រាំបីមុម
ទន្សោងញី ដែលងាប់ ត្រូវបានប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ដុតបំផ្លាញចោល។ រូបភាព៖ សហគមន៍ព្រៃឈើប្រាំបីមុម
ភ្នំពេញ៖ ទន្សោងញីមួយក្បាលនៅសហគមន៍ព្រៃឈើប្រាំបីមុម ត្រូវបានប្រទះឃើញងាប់ទាំងវេទនា ក្រោយជាប់អន្ទាក់ព្រានព្រៃជិតមួយឆ្នាំ ខណៈក្រុមពេទ្យជំនាញក៏មិនអាចជួយសង្រ្គោះបាន។


 
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម នៅថ្ងៃទី៨ខែតុលានេះ បានបញ្ជាក់ថា ទន្សោងញីមួយក្បាលនេះ បានជាប់អន្ទាក់ជើងទាំងពីរ (មុខ និងក្រោយ) តាំងពីខែធ្នូ ឆ្នាំ ២០២២ នៅក្នុងចម្ការអំពៅមួយកន្លែងក្បែរសហគមន៍។ កាលនោះ វាអាចដើរបានធម្មតា ប៉ុន្តែមកទល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរ ព្រោះតេតាណូសនៃអន្ទាក់លួស កើនឡើងខ្លាំង ដែលបណ្ដាលឱ្យវាចុះខ្សោយ និងបានងាប់នៅថ្ងៃទី៦ខែតុលា។
 
ប្រជាសហគមន៍ និងអង្គការដៃគូរផ្សេងទៀត បានត្រឹមតែឈរមើល សត្វទន្សោងញីមួយក្បាលនេះងាប់តែទាំងវេទនា  ខណៈក្រុមពេទ្យសត្វ ពុំមានលទ្ធភាពជួយសង្រ្គោះបាន។ 
លោក ប្រាប់ដូច្នេះថា៖« ទន្សោងនេះ ជាប់អន្ទាក់ព្រានជិតមួយឆ្នាំហើយក្នុងចម្ការអំពៅគេ។ កាលនោះ យើងក៏បានឃើញ វាជាប់អន្ទាក់ដែរ ប៉ុន្តែ ចាប់វាដោះអន្ទាក់ចេញមិនបាន ព្រោះវាមានកម្លាំង ហើយរត់បាន ។ រហូតមកដល់ថ្ងៃទី៥ ខែនេះ វាស្រាប់តែខ្សោយ ហើយក៏ងាប់នៅថ្ងៃទី ៦នេះតែម្ដង ដោយសារតែតេតាណូសឡើងខ្លាំង ហើយពួកយើងក៏ជួយអត់ទាន់ដែរ ព្រោះវាហួសពេលហើយ»។ 
 
លោក សឿន ឡាយ សោកស្ដាយនឹងការបាត់បង់សត្វទន្សោងពីសហគមន៍ព្រៃឈើប្រាំបីមុម ជាបន្តបន្ទាប់ ខណៈការដាក់អន្ទាក់នៅតែជាកង្វល់ទាំងយប់ទាំងថ្ងៃ ក្នុងការគំរាមកំហែងសត្វព្រៃ។ នៅឆ្នាំ២០១៧ សហគមន៍ព្រៃឈើប្រាំបីមុម បានកត់ត្រាសត្វទន្សោងប្រមាណ១០០ក្បាល ខណៈ១៣ឆ្នាំមកនេះ ពួកគេប្រទះឃើញងាប់៣១ក្បាល។ 
 
ប្រធានសហគមន៍រូបនេះ ត្អូញត្អូរយ៉ាងដូច្នេះថា៖« ឥឡូវនេះ ងាប់ទន្សោងអស់ច្រើនដែរ ព្រោះអី យើងពិបាកក្នុងការគ្រប់គ្រងអន្ទាក់ណាស់។ ក្នុងព្រៃនេះ នៅតែមានអ្នកដាក់អន្ទាក់ ទោះបីយើងផ្សព្វផ្សាយយ៉ាងណាក៏ដោយ»។ 
 
កាលពីខែកញ្ញា ឆ្នាំ២០២៣ សហគមន៍ប្រាំបីមុម ចាប់បានអ្នកដាក់អន្ទាក់ម្នាក់ និងបានបញ្ជូនទៅកាន់ពន្ធធនាគារ។ ទាក់ទិនរឿងនេះ លោក សឿន ឡាយ បានអំពាវនាវដល់រដ្ឋាភិបាល និងអង្គការនានា ជួយបង្កើនការយកចិត្តទុកដាក់លើការអភិរក្សសត្វទន្សោងដែលជាសត្វកម្រជិតផុតពូជ។ 
 
សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដី១២២១ហិកតា ស្ថិតឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍មួយនេះ មានសមាជិក១៤នាក់ សម្រាប់ល្បាតព្រៃទាំងថ្ងៃ និងយប់៕ 

Tag:
 បរិស្ថាន
  ទន្សោង
  សហគមន៍ព្រៃឈើប្រាំបីមុម
© រក្សាសិទ្ធិដោយ thmeythmey.com