ជាតិ
ក្រោយមានក្រពើ៣ក្បាលចេញពីទ្រុង រដ្ឋបាលជលផល បញ្ជាឱ្យពង្រឹងការគ្រប់គ្រងកន្លែងចិញ្ចឹម
08, Oct 2023 , 5:09 pm        
រូបភាព
រូបភាព៖ រដ្ឋបាលជលផល
រូបភាព៖ រដ្ឋបាលជលផល
ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យម្ចាស់កសិដ្ឋានទាំងអស់ ពង្រឹងការគ្រប់គ្រងកន្លែងចិញ្ចឹមក្រពើឡើងវិញ ដើម្បីបញ្ចៀសឧបទ្ទវហេតុផ្សេងៗ។



ការណែនាំនេះធ្វើឡើង ក្រោយមានករណីក្រពើជំទង់៣ក្បាល បានរួចចេញពីកន្លែងចិញ្ចឹមមួយ ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៦ តុលា ដោយការធ្វេសប្រហែសរបស់កម្មករពុំបានចាក់សោទ្វារអាង បន្ទាប់ពីផ្តល់ចំណីហើយ។ ជាសំណាងល្អ ក្រពើទាំងនោះ មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយត្រូវបានម្ចាស់វាចាប់យកទៅដាក់ចិញ្ចឹមនៅក្នុងកសិដ្ឋានវិញ។
 
ជុំវិញករណីនេះ រដ្ឋបាលជលផល បានណែនាំឱ្យម្ចាស់កសិដ្ឋានទាំងអស់ ត្រួតពិនិត្យជាប្រចាំនូវហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាព។ ហាមក្មេងចូលក្នុងបរិវេណចិញ្ចឹមក្រពើ ឬប្រើក្មេងផ្តល់ចំណីឬលាងសំអាតអាង។ 
 
ម្ចាស់កសិដ្ឋាន ត្រូវប្រើមនុស្សពេញកម្លាំងក្នុងការផ្តល់ចំណី លាងសំអាតអាង ប្រមូលពង ឬទាក់ចាប់ក្រពើ។ ជាពិសេសត្រូវរៀបចំសោភណ្ឌភាពនិងអនាម័យកន្លែងចិញ្ចឹមក្រពើ ដើម្បីសុខមាលភាពសាធារណៈ និងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ នេះបើតាមរដ្ឋបាលជលផល។
 
ជាមួយគ្នានេះ រដ្ឋបាលជលផល ក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍ អ្នកចិញ្ចឹមក្រពើ ជួយណែនាំបន្ថែមដល់អ្នកចិញ្ចឹមក្រពើឱ្យយកចិត្តទុកដាក់អំពីសុវត្ថិភាព និងសោភ័ណ្ឌភាពក្នុងការចិញ្ចឹម ជាពិសេស ត្រូវចាត់វិធានការបន្ទាន់ក្នុងករណីមានក្រពើរួច ឬឧបទ្ទវហេតុផ្សេងៗដែលកើតឡើងពីការចិញ្ចឹមក្រពើ៕ 
 

Tag:
 រដ្ឋបាលជលផល
  ក្រពើ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com