ជាតិ
អភិបាលរាជធានីភ្នំពេញ ត្រៀមវិធានការជួយពលរដ្ឋ ពីទឹកជំនន់
09, Oct 2023 , 11:11 am        
រូបភាព
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញវិធានការត្រៀមជួយដោះស្រាយបញ្ហាពលរដ្ឋនៅតាមភូមិសាស្រ្តមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យ ពីគ្រោះទឹកជំនន់។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញវិធានការត្រៀមជួយដោះស្រាយបញ្ហាពលរដ្ឋនៅតាមភូមិសាស្រ្តមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យ ពីគ្រោះទឹកជំនន់។
ដោយមើលឃើញពីស្ថានភាពជំនន់ទឹកទន្លេ និងស្ទឹង ជាពិសេសស្ទឹងព្រែកត្នោត ហក់ឡើងជាលំដាប់នោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញវិធានការត្រៀមជួយដោះស្រាយបញ្ហាពលរដ្ឋនៅតាមភូមិសាស្រ្តមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យ ពីគ្រោះធម្មជាតិនេះ។



លោក ឃួង ស្រេង បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ជាពិសេសខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំនន់ទឹកភ្លៀងនេះ។ សេចក្តីណែនាំរបស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ តុលានេះ បានបញ្ជាឱ្យអភិបាលខណ្ឌទាំងអស់ កំណត់ទីទួលមានសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ដោយរៀបចំបង្គន់អនាម័យ ទឹកស្អាត និងអគ្គិសនី តាមរយៈការសហការជាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ក្នុងរៀបចំឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ជាពិសេសរៀបចំកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសម្រាប់ពលរដ្ឋសម្រាកនៅទីទួលសុវត្ថិភាព។
 
អភិបាលរាជធានីភ្នំពេញ ក៏បញ្ជាឱ្យត្រៀមមធ្យោបាយដឹកជញ្ជូន រថយន្ត សម្ភារៈ ចប បង្គី បាវខ្សាច់ និងស្បៀង ដើម្បីជួយសង្គ្រោះពលរដ្ឋ ព្រមទាំងធ្វើស្ថិតិពលរដ្ឋរងគ្រោះ សម្រាប់ជួយគាំពារផ្នែកជីវភាព និងជំនួយសង្គមផ្សេងៗ។
 
ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋនៅតំបន់រងគ្រោះទឹកជំនន់ ឱ្យត្រៀមខ្លួន និងប្រុងប្រយ័ត្នខ្ពស់។ អាជ្ញាធរ ក៏ត្រូវកៀរគរសប្បុរសជន និងវិស័យឯកជន សម្រាប់ជំនួយជាថវិកា និងឧបករណ៍សម្ភារប្រើប្រាស់ផ្សេងៗ ក៏ដូចជាត្រៀមកម្លាំងផ្លាស់វេនប្រចាំការ ដើម្បីក្ដាប់ព័ត៌មាន ត្រៀមអន្តរាគមន៍ និងដោះស្រាយបញ្ហាបន្ទាន់។ នេះបើតាមលោក ឃួង ស្រេង។

ជាមួយគ្នានេះលោក ឃួង ស្រេង ក៏បានប្រាប់ឱ្យស្នងការរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រៀមកងកម្លាំង និងមធ្យោបាយ ដូចជា រថយន្ត ទូក កាណូត និងសម្ភារៈផ្សេង ដើម្បីជួយសង្គ្រោះពលរដ្ឋ។ រីឯមន្ទីរសាធារណការ ក៏ត្រូវបញ្ចេញគ្រឿងចក្រផ្សេងៗ ស្ដាររចនាសម្ព័ន្ធ និងរៀបចំបង្គន់អនាម័យ សម្រាប់ពលរដ្ឋ។
 
ចំណែកមន្ទីរធនធានទឹក ធ្វើព្យាករជាប្រចាំ ដើម្បីផ្ដល់ដំណឹងដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ខណៈមន្ទីរព័ត៌មាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋ។ ដោយឡែកមន្ទីរសុខាភិបាល ត្រូវត្រៀមផែនការការពារសុខភាព និងមន្ត្រី រួមទាំងរថយន្តសង្គ្រោះ សម្ភារៈសុខាភិបាល និងថ្នាំផ្សេងៗ សម្រាប់ពលរដ្ឋ ដែលជម្លៀសពីតំបន់រងគ្រោះ។ នេះបើតាមលោក ឃួង ស្រេង។
 
លោក ក៏ជំរុញឱ្យមន្ទីរអប់រំ និងមន្ទីរធម្មការ សុំគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំផ្អាកដំណើរការគ្រឹះស្ថានណា ដែលរងប្រទះដោយសារទឹកជំនន់ ជាបណ្ដោះអាសន្នដែរ។ «រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមសហការ និងធ្វើការសម្របសម្រួលការងារពាក់ព័ន្ធទៅតាមជំនាញសមត្ថកិច្ចរៀងខ្លួន ដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ»។ នេះបើតាមអភិបាលរាជធានីភ្នំពេញ ដែលអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្ដោយដងទន្លេមេគង្គ និងស្ទឹងព្រែកត្នោត តាមដាន និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសទុកដាក់ទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ ចៀសវាងបាត់បង់ដោយសារទឹកជំនន់៕
 
 

Tag:
 ទឹកជំនន់
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com