អន្តរជាតិ
លោក ពូទីន ទទួល​យក​ការ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅវៀតណាម​​ឆាប់​ៗ​នេះ
18, Oct 2023 , 7:39 pm        
រូបភាព
ប្រធានាធិបតីវៀតណាម វូ វ៉ាន់ធឿង ជួបសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅចិន។ រូបថត AFP
ប្រធានាធិបតីវៀតណាម វូ វ៉ាន់ធឿង ជួបសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅចិន។ រូបថត AFP
ដោយ៖​ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទទួលការអញ្ជើញរបស់ប្រធានាធិបតីវៀតណាមលោក វូ វ៉ាន់ធឿង ដើម្បីបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ មេដឹកនាំទាំងពីរបានជួបគ្នាពិភាក្សានៅក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ចិននៅថ្ងៃទី១៧ ខែតុលា។

 
ពីរដ្ឋធានីប៉េកាំង លោក វ៉ា្លឌីមៀ ពូទីន បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមយ៉ាងរីករាយ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានវៀតណានៅថ្ងៃទី១៧ ខែតុលា។ 
 
យ៉ាងណាក្ដី អ្នកការទូតរុស្ស៊ីបាននិយាយថា ការរៀបចំដំណើរទស្សនកិច្ចមួយនេះពុំទាន់ចាប់ផ្ដើមនៅឡើយទេ ដោយសារតែមិនទាន់មានកាលបរិច្ឆេទកំណត់ច្បាស់លាស់។ ជាមួយគ្នានេះ លោក ពូទីន ក៏បានអញ្ជើញ លោក ធឿងទៅកាន់ទីក្រុងមូស្គូផងដែរ។
 
«វៀតណាម​តែងតែ​ចាត់​ទុក​រុស្ស៊ី​ជា​ដៃគូ​សំខាន់​បំផុត​មួយ»។ លោក ធឿង បាននិយាយបែបនេះទៅកាន់លោក ពូទីន។ 
 
នៅក្នុងជំនួបដដែលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមបញ្ចូលទាំងពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិផងដែរ។
 
វៀតណាម ជាដៃគូចាស់ឆ្នាំរបស់រុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីក៏ត្រូវបានពង្រឹងខ្លាំងដែរ។ រុស្ស៊ី ជាប្រភពផ្គត់ផ្គត់សព្វាវុធមួយរបស់វៀតណាមថែមទៀត៕
 

Tag:
 វៀតណាម
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com