អន្តរជាតិ
អគ្គលេខាធិការ UN ថ្កោលទោសការដាក់ទណ្ឌកម្មលើប្រជាជនប៉ាឡេស្ទីន
18, Oct 2023 , 6:29 pm        
រូបភាព
ដោយ៖​ ងួនសៅ ពុទ្ធិឫទ្ធិ 
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ  ​អាន់តូ​នីញូ ហ្គូតេ​រ៉េស បាននិយាយនៅថ្ងៃទី១៨ ខែតុលាថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើអ៊ីស្រាអែល មិនបានបង្ហាញពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មរួមរបស់ប៉ាឡេស្ទីននោះទេ។ លោក ហ្គូតេរ៉េស បានអំពាវនាវឱ្យបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់។

 
នៅក្នុងវេទិកាសេដ្ឋកិច្ចនៅចិន ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានថ្កោលទោសទៅលើការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលដែលចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែតុលា ហើយដែលបានសម្លាប់មនុស្សជាង១,៤០០នាក់។ លោក ហ្គូតេរ៉េស បានចាត់ទុកសកម្មភាពនេះជាអំពើភេរវកម្ម។ ប៉ុន្តែលោកក៏រិះគន់ចំណាត់ការតបវិញចំពោះតំបន់ហ្គាហ្សា ទីដែលប្រជាជនប៉ាឡេស្ទីនកំពុងរងគ្រោះខ្លាំង។ 
 
«ការវាយប្រហារបែបនេះមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មរួមរបស់ប្រជាជនប៉ាឡេស្ទីនបាននោះទេ»។ លោក ហ្គូតេ​រ៉េស និយាយបែបនេះ។ 
 
បន្ថែមពីលើនេះ អគ្គលេខាធិការរូបនេះបានអំពាវនាវឱ្យមានការបញ្ឈប់ការបាញ់ជាបន្ទាន់ ក្រោមកត្តាមនុស្សធម៌។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ មនុស្សយ៉ាងហោចណាស់១៩៩នាក់ដែលត្រូវបានចាប់ពង្រត់ដោយពួកសកម្មប្រយុទ្ធនេះ។ 
 
លោក ហ្គូតេរ៉េស ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបើកការអនុញ្ញាតជាបន្ទាន់ដល់ប្រជាជននៅតំបន់ហ្គាហ្សា ដែលភាគច្រើន ជាស្ត្រី និងកុមារឱ្យមានសិទ្ធទទួលយកជំនួយមនុស្សធម៌ដោយមិនមានការរឹតត្បិតដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់ពួកគេ។ 
 
ស្របពេលដែរលោកបានអំពាវនាវបែបនេះ លោកក៏បានបង្ហាញភាពរន្ធត់ទៅលើការបំផ្ទុះដ៏សាហាវដែលបានបំផ្លាញមន្ទីរពេទ្យមួយនៅហ្គាហ្សាកាលពីល្ងាចថ្ងៃទី១៧ ខែតុលាដែលបានសម្លាប់ប្រជាជនរាប់រយនាក់៕ 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com