សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
១០ឆ្នាំមកនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ផ្លាស់ប្តូរពិភពលោកយ៉ាងដូចម្តេច?
18, Oct 2023 , 5:39 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
គំនិតផ្តួចផ្តើមនៃខ្សែក្រវាត់មួយ និងផ្លូវមួយ (BRI)គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកលដែលចាប់ផ្តើមដោយប្រធានាធិបតីចិនលោក ស៊ី ជិនភីង កាលពីមួយទសវត្សរ៍មុនដើម្បីភ្ជាប់អាស៊ីជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ។

 

មេដឹកនាំពិភពលោក និងអ្នកតំណាងនៃប្រទេសចំនួន ១៣០ កំពុងជួបប្រជុំគ្នានៅប្រទេសចិន ដើម្បីប្រារព្ធខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាផែនការមហិច្ឆតាក្នុងការបង្កើតផ្លូវពាណិជ្ជកម្មថ្មីចំនួនពីរដែលតភ្ជាប់ប្រទេសនេះជាមួយពិភពលោកទាំងមូល។ 
 
នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីលោក វ្ល៉ឌីមៀ ពូទីន របស់រុស្ស៊ីរួមថ្នាក់ដឹកនាំសំខាន់ជាច្រើនទៀត កំពុងជួបប្រជុំនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៨ ខែតុលានេះ។
 
កំពង់ផែ Hambantota ប៉ាគីស្ថាន ។ រូបភាព​៖ Xinhua

តើកិច្ចសហប្រតិបត្តិការរបស់គម្រោង BRI ទទួលបានជោគជ័យកម្រិតណា​? 
 
រយៈពេលមួយទសវត្សរ៍កន្លងមកនេះ BRI បានរីកចម្រើនយ៉ាងឆាប់រហ័សដោយមានទាំងផ្នែកភូមិសាស្រ្ត និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។ យោងតាមសៀវភៅ White Paper on BRI ដែលទើបចេញផ្សាយដោយចិន មកទល់ពេលនេះ គំនិតផ្តួចផ្តើមនេះបានទាក់ទាញការចូលរួមពីប្រទេសជាង ១៥០ ឬច្រើនជាង ៣ភាគ៤នៃប្រទេសលើពិភពលោក និងជាង ៣០អង្គការអន្តរជាតិ។ កិច្ចសហប្រតិបត្តិការមានចាប់ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់បច្ចេកវិទ្យា និងសូម្បីតែកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនសមុទ្រ និងអាកាសចរណ៍។ 
 
នៅចុងឆ្នាំ២០២១ ទំហំសេដ្ឋកិច្ច(GDP) នៃប្រទេសជាង ១៥០ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BRI ជាមួយចិនមានចំនួន ២០,០៣ទ្រីលានដុល្លារដែលស្មើនឹង ២៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រជាជនសរុបមានចំនួន ៣,៦៨ពាន់លាននាក់ស្មើនឹង ៤៧ភាគរយនៃចំនួនប្រជាជនសរុបរបស់ពិភពលោក។
 
យ៉ាងណាមិញ ទំហំនៃការវិនិយោគក្នុងគម្រោង BRI បានចាប់ផ្តើមធ្លាក់ចុះ ជាពិសេសគម្រោងផ្តួចផ្តើមគំនិតនៅអាហ្រ្វិកបានធ្លាក់ចុះទាំងបរិមាណ និងទំហំទឹកប្រាក់កម្ចី។ យោងតាមមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍សកលរបស់សាកលវិទ្យាល័យ Boston ចាប់ពីឆ្នាំមុនជំងឺកូវីដ-១៩  ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩ និងរយៈពេលក្រោយការរាលដាលឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ទំហំប្រាក់កម្ចីជាមធ្យមបានថយចុះ ៣៧ភាគរយពី ២១៣,០៣លានដុល្លារមកនៅសល់ ១៣៥,១៥លានដុល្លារ។ 
 
ហេតុអ្វីបានជាចិនបង្កើតខ្សែក្រវាត់ និងផ្លូវ?
 
បើតាមអ្នកវិភាគ ចិនបានបង្កើត BRI គឺដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាការផលិតហួសប្រមាណ និងការកើនឡើងតម្លៃពលកម្មនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។
 
សាស្ត្រាចារ្យ Lawrence C Reardon មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ New Hampshire នៅអាម៉េរិកបាននិយាយថា គំនិតផ្តួចផ្តើមនេះត្រូវបានផ្តល់មូលនិធិពីទុនបំរុងប្តូរប្រាក់បរទេសចំនួន ៣ទ្រីលានដុល្លាររបស់ចិន ដែលប្រមូលបានចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលប្រទេសនេះប្រកាន់យកនូវវិធីសាស្រ្តអភិវឌ្ឍន៍ក្នុងប្រទេសជាជាងការពឹងផ្អែកពីខាងក្រៅ។
 
ក្រុមហ៊ុនសំណង់របស់ចិន ដែលប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក បាននឹងកំពុងស្វែងរកគម្រោងថ្មីៗនៅបរទេស។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ លោក ស៊ី បានជំរុញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រីកទីផ្សារសម្រាប់ទំនិញចិន និងបង្កើនឥទ្ធិពលពិភពលោករបស់ប្រទេស។
 
សហគ្រាសរដ្ឋរបស់ចិនបានសហការគ្នាស្វែងរកប្រាក់ពីការវិនិយោគដោយមូលនិធិនាំចេញរបស់ចិន។ ជារួមនៅគ្រាចាប់ផ្តើមចិនបានអនុម័តគម្រោងផ្សេងៗក្នុងប្រទេសជាមុន ដោយមិនទាន់មានការអភិវឌ្ឍន៍នៅអាម៉េរិកខាងត្បូង អាហ្វ្រិក និងអាស៊ីនោះទេ។
 

ផ្លូវដែកចិន-ឡាវ នៅខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ។ រូបភាព ៖ Xinhua 

គម្រោងធំៗត្រូវបានជ្រើសរើសដោយរបៀបណា?
 
អស់រយៈពេលជាងដប់ឆ្នាំមកនេះ BRI បានពង្រីកគម្រោងរបស់ខ្លួនពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ដល់បច្ចេកវិទ្យាឌីជីថល សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមទិន្នន័យផ្លូវការ ចិនបានវិនិយោគលើជាង ៣០០០គម្រោងដែលជាផ្នែកមួយនៃ BRI ។
 
វិទ្យាស្ថានសហគ្រាសអាម៉េរិក (AEI) បានលើកឡើងថា ប្រទេសទាំង ១៥ ដែលនឹងទទួលបានដើមទុនរួមមាន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន សិង្ហបុរី រុស្ស៊ី អារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី អេមីរ៉ាតអារ៉ាប់រួម បង់ក្លាដេស ប៉េរូ ឡាវ អ៊ីតាលី នីហ្សេរីយ៉ា អ៊ីរ៉ាក់ អាហ្សង់ទីន និងស៊ីលី។ 
 
ជាមួយការកើនឡើងនៃឥទ្ធិពលរបស់ចិនដែលបានគ្របដណ្តប់លើពិភពលោក កេនយ៉ាសង្ឃឹមថានឹងទទួលបានការឧបត្ថម្ភនៅក្នុងកិច្ចប្រជុំកំពូលនាថ្ងៃទី១៧ ១៨ខែតុលានេះផងដែរ។ ចិនអះអាងថា ការជ្រើសរើសគម្រោងគឺផ្អែកសំខាន់លើតម្រូវការសេដ្ឋកិច្ច ប៉ុន្តែអ្នករិះគន់និយាយថា វាមានគោលបំណងបង្កើតគំរូគ្រប់គ្រងពិភពលោកដើម្បីបង្ហាះពីមហិច្ចតាចិនតែប៉ុណ្ណោះ។
 
លោក Jeremy Chan អ្នកជំនាញកិច្ចការអាស៊ីបូព៌ានៃក្រុមហ៊ុន Eurasia Group បាននិយាយថា ៖« ការពិចារណាលើភូមិសាស្ត្រនយោបាយ និងការទូត យ៉ាងហោចណាស់មានសារៈសំខាន់ដូចផ្នែកសេដ្ឋកិច្ចក្នុងការកំណត់ពីរបៀប និងទីកន្លែងដែលចិនបែងចែកមូលនិធិ BRI របស់ខ្លួន»។ 
 
អ៊ីតាលីគឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសទាំង ១៥ ដែលទទួលបានសំឡេងគាំទ្រតិចជាងចិននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិជាងប្រទេសដទៃទៀត។ ថ្មីៗនេះ អ៊ីតាលីបាននិយាយថា ខ្លួននឹងដកខ្លួនចេញពី BRI ។ នេះបើតាមលោក Chan ។ 
 
ទិន្នន័យរបស់ AEI បង្ហាញថា ការផ្តល់មូលនិធិ BRI ភាគច្រើនហូរទៅកាន់ប្រទេសដែលទីក្រុងប៉េកាំងមានការលើកទឹកចិត្តជាយុទ្ធសាស្ត្រខ្លាំងក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ដូចជាឥណ្ឌូណេស៊ី និងប៉ាគីស្ថានជាដើម។
 
អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ដែលជាប្រទេសឈូងសមុទ្រអ្នកមានចំនួនពីរ ស្ថិតក្នុងចំណោមប្រទេសទាំងប្រាំពីរដែលទទួលមូលនិធិខ្សែក្រវ៉ាត់ និងផ្លូវធំជាងគេ។ ប្រទេសផលិតប្រេងទាំងនេះផ្តល់ឱ្យទីក្រុងប៉េកាំងនូវឧបករណ៍យុទ្ធសាស្ត្រមួយដើម្បីទប់ទល់នឹងហានិភ័យដែលអាចកើតមានដោយគោលនយោបាយរបស់លោកខាងលិច ដូចជាការដាក់ទណ្ឌកម្មរបស់អាម៉េរិកជាដើម។
 
គម្រោង BRI ណាខ្លះដែលជោគជ័យ ? 
 
គម្រោង BRI មួយចំនួនពិតជាមានប្រសិទ្ធភាព។ ហេតុផលគឺសាមញ្ញនោះគឺប្រទេសជាច្រើនត្រូវការហេដ្ឋារចនាសម្ព័ន្ធប្រសើរជាងមុនរួមទាំងផ្លូវថ្នល់ និងផ្លូវដែក។
 
នៅឥណ្ឌូណេស៊ី ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេដែលមានឈ្មោះថា Whoosh ទើបតែបើកដំណើរការហើយ។ រថភ្លើងនេះបានភ្ជាប់រដ្ឋធានីហ្សាកាតាជាមួយទីក្រុងបានដុងដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ វាកាត់បន្ថយពេលវេលាធ្វើដំណើរពី ៣ម៉ោងមកត្រឹមតែ ៤០នាទីដោយរត់ក្នុងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
 
ទន្ទឹមនេះឡាវក៏ទទួលបានផ្លូវរថភ្លើងតភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ជាមួយទីក្រុងគុនមីងក្នុងខេត្តយូណានរបស់ចិនដោយបានបើកដំណើរការនៅឆ្នាំ ២០២១។ ផ្លូវដែកនេះបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងវៀងចន្ទន៍ទៅកាន់ព្រំដែនចិន-ឡាវមកនៅសល់តែ៣ម៉ោងប៉ុណ្ណោះ ដែលជួយអ្នកដំណើរទៅដល់ទីក្រុងគុនមីងក្នុងរយៈពេលមួយថ្ងៃ។
 
កំពង់ផែ Piraeus នៅក្រិកក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ទីនេះជារឿយៗត្រូវបានគេហៅថាក្បាលនាគនៃទ្វីបអឺរ៉ុប។ បច្ចុប្បន្ននេះ សហគ្រាសរដ្ឋចិនគ្រប់គ្រងច្រើនជាង ៦០ភាគរយនៃកំពង់ផែ ហើយអាចគ្រប់គ្រងបរិមាណដ៏ច្រើននៃកុងតឺន័រដែលចូលចត។
 
គម្រោង BRI ណាខ្លះដែលបរាជ័យ ?
 
ទន្ទឹមនឹងភាពជោគជ័យ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏មានចំណុចបរាជ័យគួរឱ្យកត់សម្គាល់។ June Teufel Dreyer សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Miami បាននិយាយថា គំនិតផ្តួចផ្តើមនេះទទួលរងពីការធ្វើផែនការមិនល្អជាមួយនឹងប្រាក់កម្ចីសម្រាប់គម្រោងដែលមិនដែលមានលទ្ធភាពធ្វើពាណិជ្ជកម្ម និងការត្រួតពិនិត្យសំណង់មិនគ្រប់គ្រាន់។
 
ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ការកើនឡើងអត្រាការប្រាក់ និងអតិផរណាខ្ពស់បានបង្កើនការលំបាកសម្រាប់ប្រទេសមួយចំនួនក្នុងការសងបំណុលរបស់ខ្លួនទៅកាន់ចិន។ ប្រាក់កម្ចីរាប់ពាន់លានដុល្លារបានក្លាយជាការលំបាកក្នុងការសងវិញ ហើយគម្រោងអភិវឌ្ឍន៍ត្រូវបានជាប់គាំង។
 
តួយ៉ាងដូចជាកំពង់ផែ Hambantota ស្រីលង្កា ជាកន្លែងដែលរដ្ឋាភិបាលបានប្រកាសក្ស័យធននៅឆ្នាំ ២០២២។ ប្រទេសនេះមិនអាចសងប្រាក់កម្ចីរបស់ចិនបានទេ ដូច្នេះរដ្ឋាភិបាលសម្រេចប្រគល់កំពង់ផែនេះទៅឱ្យចិនក្នុងកិច្ចសន្យាជួលរយៈពេល ៩៩ឆ្នាំ។
 
លើសពីនេះ ប៉ាគីស្ថានកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះក្នុងនាមជាអ្នកចូលរួម BRI ដ៏សំខាន់មួយ។ ប្រទេសនេះបានបរាជ័យក្នុងការសងបំណុលរបស់ខ្លួនទាន់ពេលវេលា ហើយត្រូវស្វែងរកការសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ ពេលខ្លះបណ្តាញជាតិត្រូវបិទម៉ាស៊ីនភ្លើង ដើម្បីសន្សំសំចៃប្រេង។
 
ថ្មីៗនេះទីក្រុងប៉េកាំងបានច្រានចោលសំណើរបស់ទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់មូលនិធិ BRI បន្ថែមសម្រាប់ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។ ការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយ ហានិភ័យសន្តិសុខសម្រាប់កម្មករចិន និងការផ្តល់ឥណទានរបស់ប៉ាគីស្ថានត្រូវបានលើកឡើងជាហេតុផល។
 
បន្ថែមពីនេះ ប្រទេសជាច្រើនផ្សេងទៀតរួមទាំងអេត្យូពី និងកេនយ៉ា កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ។ សេដ្ឋវិទូនៅធនាគារពិភពលោកប៉ាន់ប្រមាណថាប្រហែល ៦០ភាគរយនៃប្រាក់កម្ចីដែលទាក់ទងនឹង BRI ទាំងអស់  បច្ចុប្បន្នពាក់ព័ន្ធនឹងប្រទេសដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ។ នេះបាននាំឱ្យមានការរិះគន់ចំពោះសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិនថាជា «ការទូតអន្ទាក់បំណុល» ។
 
តើប្រទេសនានាបង្ហាញមតិយ៉ាងណាខ្លះជុំវិញគម្រោង BRI ?  
 
ការស្ទង់មតិបង្ហាញថា ប្រទេសជាច្រើនកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងចំពោះការពង្រីកឥទ្ធិពលរបស់ចិន។ នៅប៉ាគីស្ថាន ពីដំបូងប្រជាជនមានសុទិដ្ឋិនិយម BRI ដោយរំពឹងថានឹងមានវិបុលភាពសេដ្ឋកិច្ច និងកំណើនអាជីវកម្ម។ ប៉ុន្តែជាច្រើនឆ្នាំក្រោយមក គម្រោងទាំងនោះមិនបានអភិវឌ្ឍសហគមន៍មូលដ្ឋានឲ្យប្រសើរឡើងខ្លាំងដូចដែលបានសន្យាដោយប៉ាគីស្ថាន និងប្រទេសចិននោះទេ។
 
នៅទីក្រុង Gwadar ដែលជាទីក្រុងកំពង់ផែប៉ាគីស្ថាន ប្រជាជនកាន់តែមិនពេញចិត្តនឹងគម្រោងទាំងនេះ ដោយសារតែពួកគេមើលឃើញការអភិវឌ្ឍន៍តិចតួចលើសពីផ្លូវបួនគន្លងនៅលើផ្លូវសមុទ្រដ៏សំខាន់។
 
ចំណែកវៀតណាមបានទទួលប្រាក់កម្ចីចំនួន ៦៧០លានដុល្លារពីចិនសម្រាប់គម្រោងផ្លូវរថភ្លើងក្នុងទីក្រុងហាណូយ។ យ៉ាងណាប្រទេសនេះមិនទាន់កំណត់ជាផ្លូវការនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីណាមួយនៅក្រោមក្របខ័ណ្ឌ BRI នៅឡើយទេ។ ចំណែកគម្រោងផ្លូវដែក Cat Linh-Ha Dong នៅវៀតណាមបានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ប៉ុន្តែបានប្រឈមមុខនឹងការពន្យារពេល និងការចំណាយលើស។ 
 
ពេលវេលាសាងសង់នៃខ្សែរថភ្លើងក្រោមដីនេះ ជាគំរូអវិជ្ជមានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងប្រទេស និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ ទោះបីជាគួរកត់សំគាល់ថាពេលវេលាសាងសង់នៃគម្រោងស្រដៀងគ្នានៅក្នុងប្រទេសលោកខាងលិចផ្សេងទៀតអាចយឺត ឬយូរជាងនេះក៏ដោយ។
 
ចិនហាក់ដូចជាបានទទួលស្គាល់ការព្រួយបារម្ភទាំងនេះ។ បច្ចុប្បន្នលោក ស៊ី កំពុងគាំទ្រគម្រោងតូចៗក្នុងចំណោមគម្រោងធំៗនៃ BRI ។ ប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននៃគម្រោង BRI ថ្មី និងទំហំនៃការវិនិយោគរបស់ចិននៅក្រៅប្រទេសបានថយចុះ។
 
ជារួមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទំនងជាប្រឈមមុខនឹងបញ្ហាលំបាកច្រើន។ សាស្ត្រាចារ្យ Reardon បាននិយាយថា ៖« សំណួរគឺថាតើចិនអាចបន្តពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួនបានដែរឬទេ ពីព្រោះអ្នកទទួលសំខាន់ៗមិនអាចសងប្រាក់កម្ចីរបស់ពួកគេវិញ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com