RFI
អន្តរជាតិ
​បច្ចេកវិទ្យា
ណាសា៖ សំណាកអាចម៍ផ្កាយ Bennuសម្បូរទៅដោយកាបូន និងទឹក
19, Oct 2023 , 10:19 am        
រូបភាព
ដោយ ឈាង បុប្ផា/RFI

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី ១១តុលា ទីភ្នាក់ងារអវកាសណាសា បានបង្ហាញលទ្ធផលបឋមនៃការសិក្សាលើសំណាកអាចម៍ផ្កាយ Bennu ដែលយានអវកាស Oriris-Rex បានដឹកមកផែនដី កាលពីថ្ងៃទី ២៣កញ្ញាកន្លងទៅ។ តាមអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសា សំណាកអាចម៍ផ្កាយBennu មានទឹក និងសម្បូរដោយកាបូនដែលជាសារធាតុគីមីចម្បងសម្រាប់ជីវិត។



ដូចការសន្យា ទីភ្នាក់ងារអវកាសអាមេរិក ណាសាបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី ១១តុលា ដើម្បីបង្ហាញលទ្ធផលបឋមនៃការស្រាវជ្រាវលើសំណាកអាចម៍ផ្កាយBennu ដែលយានអវកាសOriris-Rex បានដឹកយកមកផែនដី កាលពី២សប្តាហ៍មុន។

តាមប្រធានទីភ្នាក់ងារណាសា លោក Bill Nelson សំណាក អាចម៍ផ្កាយBennu សម្បូរដោយកាបូន និងម៉ូលេគុលទឹក សារធាតុសំខាន់ដែលទីភ្នាក់ងារណាសាទន្ទឹងចង់បាន។ សម្រាប់ប្រធានណាសា កាបូន និងទឹក ជាសារធាតុគីមីចម្បងសម្រាប់ការកកើតភពផែនដី។ ម្យ៉ាងវានឹងជួយឲ្យគេកំណត់បាននូវប្រភពសារធាតុសំខាន់ៗ ដែលជួយឲ្យមានការកកើតជីវិតនៅលើផែនដី។

នៅក្នុងរូបភាពដំបូងរបស់សំណាកអាចម៍ផ្កាយBennuដែលទីភ្នាក់ងារណាសាបង្ហាញ កាលពីថ្ងៃពុធ គេឃើញលំអងធូលី និងគ្រាប់ដុំខ្មៅៗ។

អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាស្រមៃចង់បានសំណាកអាចម៍ផ្កាយBennuមកសិក្សា តាំងពីយូរណាស់មកហើយ។ ណាសាបាននិយាយថា ការជ្រើសរើសយកអាចម៍​ផ្កាយ​Bennu មកសិក្សាគឺជាជម្រើសដ៏ល្អ។

លោក Daniel Glavin អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសា បានបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញកាបូននៅក្នុងសំណាកអាចម៍ផ្កាយ Bennu ក្នុងហេតុផលថា កាបូនដើរតួនាទីសំខាន់សម្រាប់ជីវិតនៅលើផែនដី។ គេជឿថា ដោយហោះបុកផែនដី កាលពីប៉ុន្មានលានឆ្នាំមុន អាចម៍ផ្កាយដទៃទៀត ដូចជាអាចម៍ផ្កាយ Bennu បានពាំនាំយកកាបូនមកផែនដី។

ចំណែកទឹកដែលជាប់នៅក្នុងរ៉ែសំណើម ក្នុងសំណាកអាចម៍ផ្កាយជួយឲ្យគេវាយតម្លៃថា ទឹកអាចមកដល់ផែនដីក៏ដោយសារតែការហោះបុករបស់អាចម៍ផ្កាយដែរ។ សម្រាប់អ្នកវិទ្យាសាស្រ្ត ផែនដីអាចមានជីវិតរស់នៅ មានមហាសមុទ្រ ទឹកទន្លេ ក៏ដោយមកពីរ៉ែដែលមានសំណើមទឹក ធ្លាក់មកគរនៅលើផែនដី កាលពីជាង ៤ពាន់លានឆ្នាំមុន។



តាមទីភ្នាក់ងារណាសា ការវិភាគបឋមបង្ហាញថា សំណាកអាចម៍ផ្កាយBennu សម្បូរដោយកាបូនក្នុងបរិមាណដ៏ច្រើន ដែលគេមិនធ្លាប់យកមកផែនដី។ ផ្តើមបេសកកម្មចេញទៅរកសំណាកលើអាចម៍ផ្កាយ Bennu តាំងពីឆ្នាំ២០១៦ យានអវកាសរបស់ណាសាបានចុះចតយកសំណាកនៅឆ្នាំ២០២០ នៅលើអាចម៍ផ្កាយ Bennu ដែលស្ថិតនៅចម្ងាយ ៣០០លានគីឡូម៉ែត្រពីផែនដី។

តាមអ្នកវិទ្យាសាស្រ្តរបស់ណាសា ការសិក្សាពីសារធាតុផ្សំរបស់អាចម៍ផ្កាយBennu នឹងអាចជួយឲ្យគេយល់ពីដំណើរហោះគោចររបស់អាចម៍ផ្កាយ Bennu ដែលគេវាយតម្លៃថា អាច​ហោះមកបុកផែនដី នៅចុងសតវត្សរ៍ទី ២២។ ទោះជាប្រូបាប៊ីលីតេនៃការហោះបុកទង្គិចរបស់អាចម៍ផ្កាយមានតិច ប៉ុន្តែការសិក្សាលម្អិតពីសារធាតុផ្សំរបស់អាចម៍ផ្កាយBennu នឹងអាចជួយអ្នកវិទ្យាសាស្រ្តឲ្យគណនា ដើម្បីរកផ្លូវបញ្ជៀសកុំឲ្យអាចម៍ផ្កាយ Bennu អាចហោះមកបុកផែនដី ដែលអាចជាគ្រោះមហន្តរាយធ្ងន់ធ្ងរសម្រាប់ភពផែនដី៕



© រក្សាសិទ្ធិដោយ thmeythmey.com