ជាតិ
ផ្ទះពលរដ្ឋជាង១៥០០ខ្នង នៅខណ្ឌដង្កោ រងផលប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត
20, Oct 2023 , 4:13 pm        
រូបភាព
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ផ្ទះពលរដ្ឋ១៥៣៥ខ្នង នៅសង្កាត់ចំនួន៣ ក្នុងខណ្ឌដង្កោ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២០ តុលានេះ។



របាយការណ៍ បញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋ១៥៣៥ខ្នង ស្មើ១៥៨៦គ្រួសារ ក្នុងភូមិចំនួន៣២ នៃ៣សង្កាត់ នៅខណ្ឌដង្កោ។ គ្រោះមហន្តរាយមួយនេះ ក៏បង្កការប៉ះពាល់ដល់សាលារៀន៤ខ្នង មណ្ឌលសុខភាព២ខ្នង និងផ្លូវ១៦ខ្សែ ផងដែរ។
 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សារព័ត៌មានថ្មីៗថា មកទល់ពេលនេះទឹកស្ទឹងព្រែកត្នោតចាប់ផ្ដើមស្រកសន្សឹមៗវិញហើយ បន្ទាប់ពីអាជ្ញាធរសម្រេចបិទទ្វាទឹកទំនប់ធំៗមួយចំនួន នៅផ្នែកខាងលើ នៃភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ 
 
នៅរសៀលនេះ ទំនប់ទឹក៧មករាបានស្រកមកត្រឹម៩,១៤ ម៉ែត្រ ធៀបនឹងថ្ងៃទី១៥ បានឡើងដល់៩,៣០ម៉ែត្រ។ ផ្អែកតាមស្ថានភាពនេះ យ៉ាងយូរ ២ទៅ៣ថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតា។ នេះជាការបញ្ជាក់របស់ លោក ចាន់ យុត្ថា ដោយបន្ថែមដូច្នេះថា៖«ទឹកពីផ្នែកខាងលើមកស្រកចុះបណ្ដើរៗហើយ។ ដូច្នេះ នៅពេលរសៀលនេះ ទំនប់ទឹក៧មករា អាចនឹងស្រកចុះដែរហើយ ព្រោះអីយើងបានបិទទ្វាទឹកនៃទំនប់ស្ទើរតែទាំងអស់ហើយ»៕ 
 

Tag:
 ស្ទឹងព្រែកត្នោត
  ទឹកជំនន់
  ចាន់ យុត្ថា
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com