សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអឺរ៉ុបទំនងរក្សាអត្រាការប្រាក់៤ភាគរយដដែល
25, Oct 2023 , 8:29 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ត្រូវបានរំពឹងថា មិនដំឡើងអត្រាការប្រាក់ទេ នៅកិច្ចប្រជុំនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ។ បច្ចុប្បន្នអត្រាការប្រាក់បញ្ញើនៅតំបន់នេះស្ថិតក្នុងរង្វង់៤ភាគរយ។

 
អតិផរណានៅតំបន់អឺរ៉ុបដែលកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់ឃើញចាប់តាំងពីជម្លោះនៅអ៊ុយក្រែននៅដើមឆ្នាំ២០២២ បានចាប់ផ្តើមធូរស្រាល បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចសម្រាប់តំបន់នេះមានភាពរីកលូតលាស់យឺតក៏ដោយ ។
 
តម្លៃទំនិញប្រើប្រាស់ក្នុងតំបន់អឺរ៉ុបបានកើនឡើង ៤,៣ភាគរយខែកញ្ញាឆ្នាំនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំ។ ចំនួននេះនៅតែខ្ពស់ជាងគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ប៉ុន្តែអ្វីដែលបារម្ភខ្លាំងនោះគឹការកើនឡើងអត្រាការប្រាក់។ 
 
ការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានដាក់សម្ពាធសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ដែលកន្លងមករងឥទ្ធិពលនៃជម្លោះនៅអ៊ុយក្រែនរួចទៅហើយ។ ប៉ុន្តែនៅពេលនេះ ECB ហាក់ដូចជាដើរតាមគន្លងរបស់ធនាគារកណ្តាលអាម៉េរិក (FED) ក្នុងការផ្អាកការដំឡើងអត្រាការប្រាក់ជាបណ្តោះអាសន្ន។
 
អ្នកជំនាញ Jack Allen-Reynolds នៃក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Capital Economics បាននិយាយថា សញ្ញាទាំងអស់ចាប់តាំងពីកិច្ចប្រជុំចុងក្រោយក្នុងខែកញ្ញាឆ្នាំ២០២៣ បង្ហាញថា វដ្តនៃការរឹតបន្តឹងអត្រាការប្រាក់បច្ចុប្បន្នរបស់ ECB គឺត្រូវបានបញ្ចប់ ។
 
បច្ចុប្បន្ននេះ អត្រាការប្រាក់បញ្ញើសំខាន់ៗរបស់ ECB នៅកម្រិត៤ភាគរយ។ យ៉ាងណា បន្ទាប់ពីការសម្រេចចិត្តដំឡើងអត្រាការប្រាក់ចំនួនរហូតដល់១០ដងនោះ ត្រូវបានអ្នកវិភាគនៅធនាគារ ING លោក Carsten Brzeski កត់សម្គាល់ថា ៖« ECB នឹងមិនគួរប្រញាប់ប្រញាល់ធ្វើដូច្នេះទេ» ។
 
លោក Brzeski បានលើកឡើងថា ជម្លោះនៅអ៊ីស្រាអែល-ហាម៉ាស រួមជាមួយនឹងការកើនឡើងតម្លៃប្រេងនឹងកំណើនយឺតនៃតំបន់ចាយប្រាក់អឺរ៉ូដែលធ្វើឱ្យ ECB ស្ថិតក្នុងស្ថានភាពលំបាកជាងមុន។ លោកមើលឃើញថា គ្មានវេលាល្អប្រសើរជាង ១៦ខែចុងក្រោយនេះសម្រាប់ ECB ដើម្បីផ្អាកការដំឡើងអត្រាការប្រាក់នោះទេ។
 
ទន្ទឹមនេះ ប្រធាន ECB លោកស្រី Christine Lagarde ក៏បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមានដែលរងឥទ្ធិពលពីការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងនេះដែរ ប៉ុន្តែលោកស្រីបានព្រមានមិនគួរបន្ធូរបន្ថយឆាប់ពេកនោះទេ។
 
អ្នកជំនាញ Allen-Reynolds បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកស្រី Lagarde ទំនងជានឹងមានន័យថាគោលនយោបាយរូបិយវត្ថុនឹងត្រូវបានរឹតបន្តឹងសម្រាប់រយៈពេលវែង។
 
យោងតាមការព្យាករបច្ចុប្បន្នរបស់ ECB ដែលបានចេញផ្សាយនៅក្នុងខែកញ្ញា អតិផរណានឹងមិនត្រលប់ទៅគោលដៅ ២ភាគរយតាមការចង់បានរបស់ ECB មុនឆ្នាំ ២០២៥ទេ។ ក្រុមប្រឹក្សាភិបាលនឹងពិចារណាឡើងវិញអំពីបញ្ហានៃការដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំចុងក្រោយនៅខែធ្នូ ៕ 
 

Tag:
 ECB
  អតិផរណា
  អត្រាការប្រាក់
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com