អន្តរជាតិ
កូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក រួមគ្នាថ្កោលទោសកូរ៉េខាងជើងចំពោះការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី
26, Oct 2023 , 4:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន, ប្រមុខការទូតជប៉ុន យូកូ កាមីកាវ៉ា និងសមភាគីកូរ៉េខាងត្បូង ផាក ជីន។ រូបថត Yonhap
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន, ប្រមុខការទូតជប៉ុន យូកូ កាមីកាវ៉ា និងសមភាគីកូរ៉េខាងត្បូង ផាក ជីន។ រូបថត Yonhap
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
កូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្គត់ផ្គង់អាវុធ និងបរិក្ខាររបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី។ សម្ព័ន្ធមិត្តទាំង៣ ក៏បានបញ្ជាក់ពីករណីប្រគល់អាវុធជាច្រើនប្រភេទរវាងប្រទេសទាំង២ដែរ។

 
ទោះរុស្ស៊ីនិងកូរ៉េខាងជើងប្រឹងបដិសេធ អាម៉េរិកបានបញ្ចេញរបាយការណ៍ពីសកម្មភាពនាវាផ្ទុកកុងតឺន័រដែលទំនងជាផ្ទុកអាវុធធ្វើដំណើរទៅមកកូរ៉េខាងជើង និងរុស្ស៊ី។ ព័ស្តុតាងបន្ថែមនោះ គឺកប៉ាល់ដឹកកុងតឺន័ររបស់កូរ៉េខាងជើង ដឹកជញ្ជូនអ្វីម្យ៉ាងទៅកាន់កន្លែងផ្ទុកគ្រាប់បែករបស់រុស្ស៊ីដែលនៅជិតព្រំដែនជាមួយនឹងអ៊ុយក្រែនថែមទៀត។
 
«កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្តល់បរិក្ខារ និងអាវុធដោយកូរ៉េខាងជើងទៅកាន់រុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាជនអ៊ុយក្រែន»។ សេចក្តីថ្លែងការណ៍រួមដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធមិត្តទាំងបីបានប្រកាសបែបនេះនៅថ្ងៃទី២៦ ខែតុលា។ 
 
សេចក្ដីថ្លែងការណ៍ខាងលើ ក៏បានសង្កត់ធ្ងន់លើករណីចែកចាយអាវុធដែលបានកើតឡើងរួច នឹងបង្កើនចំនួនអ្នកពាក់ព័ន្ធជាច្រើនទៀតចូលរួមក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ លើសពីនេះ សេចក្ដីថ្លែងការណ៍ក៏បានចោទកូរ៉េខាងជើង​​ស្វែងរក​ជំនួយ​យោធា​ពី​រុស្ស៊ី​ដើម្បី​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការ​ផ្ដល់សព្វាវុធ​ទៅឱ្យ​ក្រុង​មូស្គូ។ 
 
រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធទាំងបីអះអាងថា ប្រតិបត្តិការអាវុធណាមួយជាមួយកូរ៉េខាងជើងបានរំលោភលើដំណោះស្រាយនានារបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលសូម្បីតែទីក្រុងមូស្គូក៏បានបោះឆ្នោតគាំទ្រផងនោះ។
 
ខណៈពេលដែលមានការថ្កោលទោសបែបនេះ រុស្ស៊ី និងកូរ៉េខាងជើងបានបន្ដបដិសេធចំពោះការផ្ទេរអាវុធពីកូរ៉េខាងជើងទៅកាន់រុស្ស៊ីដើម្បីប្រើប្រាស់ក្នុងសង្គ្រាមរបស់ប្រឆាំងនឹងអ៊ុយក្រែន។ 
 
កូរ៉េ​ខាង​ជើង​ និង​រុស្ស៊ីកាន់តែមានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធផ្នែកកិច្ច​សហប្រតិបត្តិការ​យោធា បន្ទាប់ពី​​មេដឹកនាំ​របស់​ប្រទេសទាំងពីរបាន​ជួប​គ្នាកាលពី​​ខែ​កញ្ញា​កន្លងទៅនៅ​​​រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក៏បានជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនកាលពីថ្ងៃទី១៩ ខែតុលា ហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
 ​ អាម៉េរិក
  ជប៉ុន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com