អន្តរជាតិ
ប្រមុខ UN ច្រានចោលការបំភាន់សុន្ទរកថាទាក់ទងវិបត្តិនៅហ្កាហ្សា តែអុីស្រាអែលនៅតែចង់ឱ្យលោកចុះចេញ
26, Oct 2023 , 5:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
អគ្គលេខាធិការ UN  ​អាន់តូ​នីញូ ហ្គូតេ​រ៉េស នៅថ្ងៃទី២៥ ខែតុលា បានច្រានចោលការបំភាន់សុន្ទរកថារបស់លោកនៅសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខស្ដីអំពីភាពសោកសៅរបស់ប្រជាជនប៉ាឡេស្ទីន។ សុន្ទរកថានេះ ធ្វើឱ្យអ៊ីស្រាអែលខឹងសម្បារយ៉ាងខ្លាំងរហូតដល់ថ្នាក់បានប្តេជ្ញាសងសឹកប្រឆាំងនឹងស្ថាប័នពិភពលោកមួយនេះថែមទៀត។

 
នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី២៤ ខែតុលា លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បាននិយាយអំពីភាពជាក់ស្ដែងនៃការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា។ នៅត្រង់ចំណុចមួយ លោក ហ្គូតេរ៉េស បានលើកឡើងពីការវាយប្រហាររបស់ហាម៉ាស និងប៉ាឡេស្ទីនត្រូវបានទទួលរងនូវការកាន់កាប់អស់រយៈពេល៥៦ឆ្នាំ។ សម្ដីលោក ហ្គូតេរ៉េស ធ្វើឱ្យអ៊ីស្រាអែលក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។
 
មួយថ្ងៃក្រោយ ប្រមុខ UN បានច្រានចោលការបំភាន់សុន្ទរកថារបស់លោក ដែលប្រៀបដូចជាលោកបានបង្ហាញថាអំពើភេរវកម្មដោយក្រុមហាម៉ាសជារឿងត្រឹមត្រូវ។ 
 
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការ UN រូបនេះក៏បានបញ្ជាក់ថា វាពិតជាចាំបាច់ក្នុងការកត់ត្រាឱ្យច្បាស់លាស់ ជាពិសេសដោយសេចក្ដីគោរពចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ លោកបន្ថែមទៀតថា លោកបាននិយាយអំពីភាពសោកសង្រេងរបស់ប្រជាជនប៉ាឡេស្ទីន ដែលមិនបានបង្ហាញថាអំពើភេរវកម្មដោយក្រុមហាម៉ាសជារឿងត្រឹមត្រូវនោះទេ។ 
 
លោក Gilad Erdan ឯកអគ្គរដ្ឋទូត​​អ៊ីស្រាអែល​ប្រចាំ​ UN បាន​ច្រានចោល​ការពន្យល់​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​អគ្គលេខាធិការអង្គការ UN រូបនេះលាលែង​ពី​តំណែង។ ជាមួយគ្នានេះ លោកក៏បានប្រកាសថា អ៊ីស្រាអែលនឹងលែងផ្តល់ទិដ្ឋាការដោយស្វ័យប្រវត្តិដល់មន្ត្រី UN ហើយបានចោទប្រកាន់មន្ត្រីផ្សេងទៀតថា បាននិយាយកុហកលើស្ថានភាពដែលបានកើតឡើងនេះ៕ 
 

Tag:
 UN
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com