សង្គមអន្តរជាតិ
អន្តរជាតិ
អុីស្រាអែលវាយឆ្មក់ជំរំជនភៀសខ្លួនភាគខាងជើងតំបន់កាហ្សា ដោយសម្លាប់មនុស្សជាង៥០នាក់ 
ជំរំភៀសខ្លួន Jabaliya ភាគខាងជើងតំបន់កាហ្សា ។ រូបភាពពីវីឌីអូ ៖ AFP
×![]()
បន្ទាប់ពីពង្រីកប្រតិបត្តិការចូលតំបន់កាហ្សា នៅយប់ថ្ងៃទី៣១ ខែតុលា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Jabalia ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ ក្នុងនោះមានទាំងមេទ័ព និងកូនទាហានក្រុមហាម៉ាស ។
អាជ្ញាធរសុខាភិបាលតំបន់កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ៥០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើជំរំជនភៀសខ្លួន Jabalia នៅតំបន់ឆ្នេរនេះ។
«មនុស្សជាង ៥០នាក់ត្រូវបានសម្លាប់ប្រហែល ១៥០នាក់បានរងរបួស និងរាប់សិបនាក់ បានជាប់នៅក្រោមគំនរបាក់បែក នៅក្នុងការសម្លាប់រង្គាលដ៏ឃោរឃៅរបស់អ៊ីស្រាអែល ដែលផ្តោតលើតំបន់ដ៏ធំមួយ ដែលមានមនុស្សច្រើនផ្ទះនៅក្នុងជំរំ Jabalia ភាគខាងជើងតំបន់កាហ្សា»។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលតំបន់កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក្រោយពីបានបញ្ជាក់ការវាយឆ្មក់លើជំរំជនភៀសខ្លួន Jabalia បាននិយាយថា វាជាផ្នែកនៃការវាយប្រហារទ្រង់ទ្រាយធំមួយ សំដៅលើសមាជិកនៃកងវរសេនាតូចមជ្ឈមណ្ឌល Jabaliya របស់ក្រុមហាម៉ាស។ យោងតាម IDF កងវរសេនាតូចមជ្ឈមណ្ឌល Jabaliya បានគ្រប់គ្រងអគារស៊ីវិលជាច្រើន នៅក្នុងតំបន់នោះ។
IDF បានប្រកាសពីការសម្លាប់លោក Ibrahim Biari ដែលជាមេបញ្ជាការហាម៉ាសម្នាក់ ទទួលខុសត្រូវក្នុងការដឹកនាំសមាជិកកងកម្លាំងពិសេស Nukhba ឱ្យចូលរួមក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល ក៏ដូចជាសមាជិកជាច្រើននៃក្រុមផងដែរ។ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុម នៅក្រោមអគារទាំងនោះ ត្រូវបានដួលរលំបន្ទាប់ពីការវាយឆ្មក់ ។
អ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹងតំបន់កាហ្សា ចាប់ពីថ្ងៃទី ២៧ ខែតុលា ដោយបង្កើនការវាយប្រហារតាមអាកាស និងការបញ្ជូនទាហាន និងរថក្រោះ ទៅវាយប្រហារតំបន់នោះ។ យ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា នេះមិនមែនជាការវាយប្រហារលើដីទ្រង់ទ្រាយធំ ប្រឆាំងនឹងតំបន់កាហ្សា ដែលប្រទេសនេះ បានគ្រោងទុកនោះទេ៕
Tag:
អុីស្រាអែល
ហាម៉ាស
កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com