សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីឡាវប្តេជ្ញាមិនទុកឲ្យសេដ្ឋកិច្ចប្រទេសធ្លាក់ចូលវិបត្តិ
01, Nov 2023 , 8:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីឡាវ សុនសៃ ស៊ីផាន់ដន ។ រូបភាព ៖ KPL
នាយករដ្ឋមន្រ្តីឡាវ សុនសៃ ស៊ីផាន់ដន ។ រូបភាព ៖ KPL
នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដន បានប្តេជ្ញានឹងចាត់វិធានការ ដើម្បីដោះស្រាយស្ថានភាព ដែលទាក់ទងនឹងអត្រាប្តូរប្រាក់ ការប្រែប្រួលតម្លៃ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា និងស្ថិរភាពថ្លៃដើមរស់នៅ។

 
នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដន បានសន្យាថា នឹងបន្តអនុវត្តវិធានការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីការពារប្រទេសមិនឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។ 
 
ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៦ នៃរដ្ឋសភាឡាវ នីតិកាលទី៩ នាថ្ងៃទី៣១ ខែតុលា លោក ស៊ីផាន់ដន បាននិយាយថា រដ្ឋាភិបាលនឹងផ្តោតលើការអនុវត្តវិធានការដែលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនឹងអត្រាប្តូរប្រាក់​និងការប្រែប្រួលតម្លៃ ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា និងស្ថិរភាពថ្លៃដើមនៃការរស់នៅ។
 
បើតាម​កាសែត Vientiane Times លោក ស៊ីផាន់ដន បាន​បញ្ជាក់ជំហរក្នុងនាមជាប្រមុខរដ្ឋាភិបាល នៅ​ចំពោះ​មុខសមាជិក​រដ្ឋសភា​ថា ​៖« បំណុល​នឹង​បន្ត​ត្រូវ​បង់ ជាពិសេសបំណុល​បរទេស ហើយនឹង​មិន​ទុក​ឱ្យ​ឡាវ​ធ្លាក់​ក្នុង​អន្ទាក់បំណុល​នោះទេ» ។
លោក​នាយក​រដ្ឋមន្ត្រី​រូបនេះ បាន​សន្យានឹង​សង​បំណុល​ដល់​សហគ្រាស​រដ្ឋ ហើយ​រដ្ឋាភិបាល ​នឹង​ពិចារណា​លក់​ភាគហ៊ុន​ ក្នុង​គម្រោង​វារីអគ្គិសនី​មួយ​។ ទ​ន្ទឹមនេះ រដ្ឋាភិបាលឡាវនឹងស្វែងរកប្រភពហិរញ្ញវត្ថុថ្មី ដើម្បីសងបំណុលនៃគម្រោងអភិវឌ្ឍន៍ ដែលឧបត្ថម្ភដោយរដ្ឋ ដូច្នេះអ្នកម៉ៅការក្នុងស្រុកមានដើមទុនគ្រប់គ្រាន់ ដើម្បីរក្សាប្រតិបត្តិការអាជីវកម្ម។ 
 
លើសពីនេះ រដ្ឋាភិបាលនឹងបង្កើនចំណូលថវិកាជាអតិបរមា តាមរយៈការស្វែងរកប្រភពចំណូលថ្មី និងការធ្វើទំនើបកម្មការប្រមូលថវិកា ដើម្បីការពារការបាត់បង់ និងបន្តកាត់បន្ថយការចំណាយ ជាពិសេសលើយានយន្តសាធារណៈ។ ជារួមនឹងបន្តគ្រប់គ្រងការប្រើប្រាស់រូបិយប័ណ្ណបរទេស និងធានាថារូបិយប័ណ្ណបរទេសត្រូវបានចរាចរនៅក្នុងប្រព័ន្ធធនាគារ ដើម្បីបង្កើនទុនបំរុងប្តូរប្រាក់បរទេស។ 
 
ក្រៅពីនេះ ឡាវនឹងបន្តកែលម្អបរិយាកាសអាជីវកម្ម បន្តកែលម្អ និងកែទម្រង់សហគ្រាសរដ្ឋទន់ខ្សោយ ដូចជា Electricite Du Laos, Policy Bank (Nayobai Bank), Lao Lottery Development Company, Lao Airlines និងសហគ្រាសផ្សេងទៀត ។ ជាពិសេសជំរុញផលិតកម្ម ដោយកាត់បន្ថយការនាំចូល ហើយបន្តលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម , សម្រួលពាណិជ្ជកម្មឆ្លងព្រំដែន និងនីតិវិធីនៅកំពង់ផែស្ងួត , ពង្រឹង​វិធានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស។ នេះបើតាមការលើកឡើងរបស់ លោក ស៊ីផាន់ដន ៕    
 

Tag:
 ឡាវ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com