សង្គមអន្តរជាតិ
អន្តរជាតិ
អេហ្ស៊ីបបើកច្រកព្រំដែនសម្រាប់ជនបរទេសចាកចេញពីតំបន់កាហ្សា 
មនុស្សម្នាឆ្លងកាត់ច្រកទ្វារព្រំដែន Rafah ទៅកាន់អេហ្ស៊ីបនៅថ្ងៃទី១ ខែវិច្ឆិកា ។ រូបភាព ៖ AFP
×![]()
អេហ្ស៊ីបបានបើកច្រកព្រំដែន ជាលើកដំបូងចាប់តាំងពីជម្លោះហាម៉ាស-អ៊ីស្រាអែលផ្ទុះឡើង ដោយអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសចាកចេញពីតំបន់កាហ្សា។
ជនបរទេសចំនួន ៥៤៥នាក់ និងអ្នកដែលមានសញ្ជាតិជាតិពីរត្រូវបានរំពឹងថា នឹងចាកចេញពីតំបន់កាហ្សាតាមច្រក Rafah ដែលជាព្រំដែនតែមួយគត់រវាងអេហ្ស៊ីប និងតំបន់កាហ្សានៅថ្ងៃទី១ ខែវិច្ឆិកា។
មុននេះ រថយន្តដឹកជំនួយជាង ២០០គ្រឿង បានទៅដល់តំបន់ហ្សាកាត់តាមច្រក Rafah តាំងពីថ្ងៃទី២១ ខែតុលា ប៉ុន្តែគ្មាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នេះទេ។
អ្នកដែលចង់ចាកចេញបានតម្រង់ជួរតាំងពីព្រឹកព្រលឹម។ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងរង់ចាំ ពួកគេបានបន្តតម្រង់ជួរជុំវិញបញ្ជរ ដើម្បីត្រួតពិនិត្យលិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត។
អេហ្ស៊ីបបានអះអាងថា ក្រុមទីមួយមានជនជាតិប៉ាឡេស្ទីន ៨១នាក់ ដែលឈឺធ្ងន់ ឬរបួស នឹងត្រូវបានអនុញ្ញាតឱ្យទៅអេហ្ស៊ីប ដើម្បីទទួលការព្យាបាលនៅថ្ងៃទី១ ខែវិច្ឆិកានេះ។ ក្រុមរថយន្តសង្គ្រោះមកពីខាងអេហ្ស៊ីប បានចូលតាមច្រកព្រំដែន ដើម្បីយកមនុស្សទាំងនេះ ទៅព្យាបាលនៅមន្ទីរពេទ្យអេហ្ស៊ីប។
ទន្ទឹមនេះ អ្នកកាន់លិខិតឆ្លងដែនមកពី ៤៤ប្រទេស ក៏ដូចជា ២៨ស្ថាប័នរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ កំពុងរស់នៅក្នុងតំបន់កាហ្សា។ ប្រជាជនប្រហែល ២,៣លាននាក់នៅក្នុងតំបន់នេះ បានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល មិនឈប់ឈរជាង ៣សប្តាហ៍ ជាការឆ្លើយតបទៅនឹងការវាយឆ្មក់ ថ្ងៃទី ៧ខែតុលា ដោយក្រុមហាម៉ាស។
ការសម្រេចចិត្តបើកច្រកព្រំដែននេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល បានវាយឆ្មក់តំបន់ Jabaliya ដែលជាជំរំជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងតំបន់កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់។ អ៊ីស្រាអែលបាននិយាយថា នេះជាផ្នែកនៃការវាយប្រហារទ្រង់ទ្រាយធំ សំដៅទៅលើសមាជិកនៃកងវរសេនាតូច Jabaliya របស់ក្រុមហាម៉ាស។
អេហ្ស៊ីបបានថ្កោលទោសការវាយប្រហារនេះ និងបានព្រមានអំពីផលវិបាក នៃការបន្តការវាយប្រហារនឹងជនស៊ីវិល ដែលគ្មានការការពារ៕
Tag:
កាហ្សា
អុីស្រាអែល
ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com