អន្តរជាតិ
វៀតណាម និងម៉ុងហ្គោលី ឯកភាពលើកលែងទិដ្ឋាការ ដើម្បីពង្រីកវិស័យទេសចរណ៍
02, Nov 2023 , 4:05 pm        
រូបភាព
ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ធឿង (ស្តាំ) និងសមភាគីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh នៅទីក្រុងហាណូយ ក្នុងថ្ងៃទី១ ខែវិច្ឆិកា។ រូបភាព VNA
ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ធឿង (ស្តាំ) និងសមភាគីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh នៅទីក្រុងហាណូយ ក្នុងថ្ងៃទី១ ខែវិច្ឆិកា។ រូបភាព VNA
ប្រធានាធិបតីវៀតណាម វូ វ៉ាន់ធឿង និងសមភាគីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ដែលធ្វើទស្សនកិច្ចនៅវៀតណាម នៅថ្ងៃទី១ វិច្ឆិកា ធ្វើជាអធិបតីការចុះហត្ថលេខាលើការលុបចោលទិដ្ឋាការទៅវិញទៅមករវាងវៀតណាម និងម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិស័យទេសចរណ៍ សម្រាប់ប្រជាជនទាំងពីរ។

 
ប្រធានាធិបតីម៉ុងហ្គោលី  Ukhnaagiin Khurelsukh ទៅដល់វៀតណាមនៅថ្ងៃទី១ ខែវិច្ឆិកា ក្នុងរយៈពេល៥ថ្ងៃ។ ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ច មេដឹកនាំម៉ុងហ្គោលី និងប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ធឿង បានចូលរួមក្នុងពិធីចុះហត្ថលេខាលើការលុបចោលទិដ្ឋាការទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំងពីរ។ 
 
«យើងសូមស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលចូលរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងការផ្តោះប្តូររវាងប្រជាជន និងប្រជាជន»។ ប្រធានាធិបតីវៀតណាម បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីជំនួបជាមួយមេដឹកនាំម៉ុងហ្គោលី។ 
 
ដំណើរទស្សនកិច្ចរបស់មេដឹកនាំម៉ុងហ្គោលីនៅវៀតណាមក្នុងពេលនេះ ធ្វើឡើងមុនពេលប្រទេសទាំងពីរត្រៀមប្រារព្ធខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ។ ម៉ុងហ្គោលី ជាប្រទេសទីមួយដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម នៅក្នុងឆ្នាំ១៩៥៤។ 
 
ក្នុងរយៈពេល ជិត៧ទសវត្សរ៍ចុងក្រោយនេះ វៀតណាម និងម៉ុងហ្គោលី បានខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងខ្លាំង ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០២២ មានចំនួន ៥លានដុល្លារ ដោយកើនពី៨១លានដុល្លារនៅក្នុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ 
 
មិនតែប៉ុណ្ណោះ ភាគីទាំងពីរ បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានរហូតដល់ ២០០លានដុល្លារថែមទៀត។ 
 
នៅក្នុងខែកុម្ភៈ អ្នកដែលកាន់លិខិតឆ្លងដែនវៀតណាម អាចទទួលបានទិដ្ឋាការទៅម៉ុងហ្គោលី តាមរយៈប្រព័ន្ធអេឡិចត្រូនិចថែមទៀត៕ 
 

Tag:
 វៀតណាម
  ម៉ុងហ្គោលី
© រក្សាសិទ្ធិដោយ thmeythmey.com