ជាតិ
ពន្យល់ពាក្យ
ស្គាល់ពាក្យ «ស្នេហ៍», «ស្នេហា» តែមិន​សូវឮ «សិនេហ»
10, Nov 2023 , 7:29 am        
រូបភាព
ស្រឡាញ់ជាប់​ចិត្ត, សេចក្តី​ស្រឡាញ់សិ្នទ្ធ គឺនិយមន័យ​នៃពាក្យ «ស្នេហ៍», «ស្នេហា»។ បើតាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏ដូចជា​វចនានុក្រមខ្មែរ២០២២របស់​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ យើង​ក៏អាច​ប្រើ​ពាក្យ «សិនេហ» សំដៅ​លើ​សេចក្តី​ស្រឡាញ់​ជាប់​ចិត្ត​ផងដែរ។

 
«ស្នេហ៍» អាចជាកិរិយាសព្ទផង និងជានាមសព្ទ​ផង។ ជាកិរិយាសព្ទ «ស្នេហ៍» មានន័យថា 
ស្រឡាញ់, ស្រឡាញ់ជាប់ចិត្ត ស្អិតល្មួតដូចជាជ័រ :  គេមិនស្នេហ៍បន្តិចបន្តួចមករកខ្ញុំទេ។ ជានាមសព្ទ គឺឈ្មោះទុព្វិជ្ជាមួយប្រភេទជាវិជ្ជាលាមក ជាវិជ្ជាមិនចេញមុខ ... :  ពាក្យទំនឹមទំនៀម​បុរាណ ថា ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្ដេកផ្ដិត ពុំស្មើសង្គ្រោះ មានន័យថា ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្ដីស្និទ្ធស្នាល ត្រអាលរកគ្នាទេ, ការស្រឡាញ់ផ្ដេកផ្ដិត ប៉ុន្តែពុំសង្គ្រោះគ្នាសោះ ក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ។   
 
«ស្នេហ៍ស្នង» គឺ​សេចក្ដីជាប់ចិត្តស្អិតក្រៃពេកដោយអាចនឹងចេញខ្លួនស្នងគេបាន :  (ច្រើនតែប្រើក្នុងកាព្យ) ឱមាសស្នេហ៍ស្នង ម្ដេចក៏ឱ្យបង ទទួលរងទុក្ខ ចំណង់បើដល់ ទៅពេលខាងមុខ សមនឹងផ្ដល់ទុក្ខ ជាងនេះទេដឹង? ...។  
 
«ស្នេហ៍ស្និទ្ធ» ស្រឡាញ់ស្និទ្ធស្អិតល្មួតជាប់ចិត្តនឹកជានិច្ច។  «ស្នេហ៍ហឺត» ជាពាក្យប្រៀប​ដែលមានន័យថា 
ស្រឡាញ់ជាប់ចិត្តស្អិតល្មួត កាលបើភ្នកនឹកដល់ក៏ខ្វល់ចិត្តនាំឱ្យដកដង្ហើមធំវែងៗញយៗដូចមនុស្សហឺត :  វាចេះតែស្រពោនស្រពាប់ ព្រោះតែស្នេហ៍ហឺតហ្នឹងឯងណ៎ៈ បង! ...។ (ពាក្យកាព្យសាមញ្ញ) ស្នេហាស្នេហ៍ហឺត នាំឱ្យផ្ដាក់ផ្ដឺត ភ្លេចការរបរ ទោះនៅក្នុងផ្ទះ ទោះបីចេញចរ គ្មានចិត្តត្រេកអរ ចំពោះការងារ។  
 
«ស្នេហ៍ហៃ» គឺ​ស្នេហាស៊ប់ងងុលងប់ហួសហេតុ ថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឱ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត :  ព្រោះតែស្នេហ៍ហៃហ្នឹងហើយតើ បានជាហិនហោចខ្លោចចង្រុះអស់ទ្រព្យធនគ្មានសល់។ (ពាក្យកាព្យសាមញ្ញ) ស្នេហាស្នេហ៍ហៃ ជាតួចង្រៃ បំផ្លាញទ្រព្យា ងប់ចិត្តជោកជាក់ ធ្លាក់ការសិក្សា នាំឱ្យអាត្មា ខូចកេរ្តិ៍ខូចឈ្មោះ។  
 
«ដាក់ស្នេហ៍» មានន័យថា បន្ទន់ចិត្ត ឬបញ្ចូលចិត្តឱ្យគេស្រឡាញ់ ដោយមន្តអាគមគាថា ឬដោយវិធីណាមួយ :  នាងរកគ្រូមន្តអាគមមកដាក់ស្នេហ៍។  រីឯ «ស្នេហ៍មុខ» ជាឈ្មោះទុព្វិជ្ជានោះដែរ ប៉ុន្តែមានលក្ខណៈផ្សេង (វចនានុក្រម​ថាមិនបាច់បញ្ចេញអត្ថន័យឡើយ​)។  
 
រីឯ «ស្នេហា» វិញ គឺសេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ :  ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា។ (ព.ពុ.) ថា ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើត ព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្ម ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ ...។ (ច្រើនប្រើក្នុងកាព្យ) ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឱ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក ហើយឱ្យទៅណា? ...។  
 
វចនានុក្រម ក៏លើកយកពាក្យ «សិនេហ» (សូរអាន សិ-ណេ-ហៈ) មក​ពន្យល់​ផងដែរ។ «សិនេហ» ជាភា​សាបាលី ដែលមានន័យដូចភាសាសស្ក្រឹត «សេ្នហ» និងពាក្យខ្មែរ «ស្នេហា»​ យ៉ាង​ដូច្នោះដែរ។ ជានាម​សព្ទ ពាក្យនេះ មានន័យថា ជ័រ, ជ័រស្អិត, របស់ស្អិត, ប្រេងស្អិត; សេចក្ដីស្រឡាញ់ជាប់ចិត្ត (ស្នេហា)។ 
 
ក្រៅពី «សិនេហ» ជាមេពាក្យ វចនានុក្រមលើក​យកពាក្យ​ពាក់ព័ន្ធ​ផ្សេងទៀត​មក​​ពន្យល់ ដូចជា «សិនេហគរុ»  ដែលធ្ងន់ដោយស្នេហា; អ្នកដែលមានចិត្តជ្រប់ព្រោះក្ដីស្នេហា។ «សិនេហចិត្ត» ចិត្តស្នេហា។  «សិនេហប្បដិព័ទ្ធ» ដែលជាប់ជំពាក់ដោយស្នេហា; អ្នកដែលជាប់ជំពាក់ដោយស្នេហា។  «សិនេហប្បហាន» ការលះក្ដីស្នេហា។  «សិនេហមិត្ត» មិត្រកម្សត់កម្រ។  «សិនេហវន្ត» ដែលមានស្នេហា; អ្នកដែលមានក្ដីស្នេហា (បើស្ត្រីជា សិនេហវតីឬសិនេហវន្តី)៕

© រក្សាសិទ្ធិដោយ thmeythmey.com