អន្តរជាតិ
ប្រធាន​អង្គការ WHO ថា មន្ទីរពេទ្យ​ធំ​ជាង​គេ​បង្អស់​នៅ​ហ្កាហ្សា​លែង​ដំណើរការ​ហើយ
14, Nov 2023 , 6:59 pm        
រូបភាព
ទារកទើបនឹងកើតត្រូវបានដាក់នៅលើគ្រែនៅក្នុងមន្ទីរពេទ្យ Shifa នៃតំបន់​ហ្កាហ្សា បន្ទាប់ពី​មាន​ការដាច់ចរន្តអគ្គិសនី ចំពេលមានជម្លោះដែលកំពុង​បន្តរវាង​អ៊ីស្រាអែល និងក្រុមអ៊ិស្លាម​ប៉ាឡេស្ទីន​ហាម៉ាស់ នៅទីក្រុង​ហ្កាហ្សា នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបនេះ​ទទួលបាន​ដោយ​សារព័ត៌មាន REUTERS។
ទារកទើបនឹងកើតត្រូវបានដាក់នៅលើគ្រែនៅក្នុងមន្ទីរពេទ្យ Shifa នៃតំបន់​ហ្កាហ្សា បន្ទាប់ពី​មាន​ការដាច់ចរន្តអគ្គិសនី ចំពេលមានជម្លោះដែលកំពុង​បន្តរវាង​អ៊ីស្រាអែល និងក្រុមអ៊ិស្លាម​ប៉ាឡេស្ទីន​ហាម៉ាស់ នៅទីក្រុង​ហ្កាហ្សា នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបនេះ​ទទួលបាន​ដោយ​សារព័ត៌មាន REUTERS។
ដោយ: VOA
អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា មន្ទីរពេទ្យ Shifa ក្នុង​តំបន់​ហ្កាហ្សា (Gaza) «លែង​ដំណើរការ​ជា​មន្ទីរពេទ្យ​ទៀត​ហើយ» ហើយ​ស្ថានការណ៍​នៅ​ឯ​មន្ទីរពេទ្យ​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នេះ​គឺ​«ធ្ងន់ធ្ងរ​និង​ប្រកប​ដោយ​គ្រោះថ្នាក់»។

 
លោក Ghebreyesus បាន​ថ្លែង​ថា៖ «ការ​បាញ់​និង​ការ​បាញ់​ផ្លោង​ឥត​ឈប់ឈរ» នៅ​ជុំវិញ​មន្ទីរពេទ្យ​នេះ​បាន «ធ្វើ​ឱ្យ​ស្ថានការណ៍​ដែល​យ៉ាប់យ៉ឺន​ស្រាប់​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត»។
 
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា គ្មាន​មូលហេតុ​ណា​មួយ​ដែល​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ Shifa ដែល​ហ៊ុមព័ទ្ធ​នេះ​មិន​អាច​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​នោះ​ទេ ប៉ុន្តែ​លោក​បាន​អះអាង​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) «កំពុង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទាំង​នោះ​ស្ថិត​ក្នុង​ស្ថានការណ៍​គ្រោះថ្នាក់»។
 
មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «State of the Union» របស់​ទូរទស្សន៍​ CNN ថា អ្នក​ជំងឺ ១០០ នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​នោះ និង​ថា​ជនជាតិ​ប៉ាឡេស្ទីន​រាប់​ម៉ឺន​នាក់​ដែល​រស់នៅ​ក្នុង​តំបន់​ជុំវិញ​មន្ទីរពេទ្យ​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​ពី​តំបន់​នោះ​តាម​ច្រក​របៀង​សុវត្ថិភាព​នានា​ចេញ​ពី​ទីក្រុង​ហ្កាហ្សា​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង។
 
ប៉ុន្តែ ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​បន្ត​នៅ​ជិត​មន្ទីរពេទ្យ​នោះ ហើយ​ប្រធាន​មន្ទីរពេទ្យ​នោះ​លោក Mohammad Abu Salmiya បាន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នៅ​ជុំវិញ​មន្ទីរពេទ្យ​នេះ។
 
ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​បញ្ជាក់​ក្នុង​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS ថា សហរដ្ឋ​អាមេរិក «មិន​ចង់​ឃើញ​ការ​បាញ់​ប្រហារ​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​មនុស្ស​ស្លូតត្រង់​និង​អ្នក​ជំងឺ​ដែល​ទទួល​ការ​ព្យាបាល​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​នេះ​ទេ ហើយ​សហរដ្ឋ​អាមេរិក​បាន​ប្រឹក្សា​យ៉ាង​សកម្ម​ជាមួយ​នឹង​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​អំពី​រឿង​នេះ»។
 
ការ​ព្យាបាល​អ្នក​ជំងឺ​មួយ​ចំនួន​នៅ​មន្ទីរពេទ្យ Shifa នេះ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​កង្វះ​ប្រេង​ឥន្ធនៈ ដោយ​ធ្វើ​ឱ្យ​ទារក​ពីរ​នាក់​បាន​ស្លាប់​និង​អ្នក​ជំងឺ​រាប់​សិប​នាក់​ទៀត​ប្រឈម​នឹង​ហានិភ័យ។
 
ទន្ទឹម​នឹង​នេះ​ដែរ លោក Sullivan បាន​បញ្ជាក់​ក្នុង​កម្មវិធី​ពិភាក្សា​ដំណឹង​របស់​បណ្ដាញ​ព័ត៌មាន​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថា សហរដ្ឋ​អាមេរិក «ទាក់ទង​យ៉ាង​សកម្ម» ជាមួយ​នឹង​មន្ត្រី​អ៊ីស្រាអែល កាតា និង​អេហ្ស៊ីប​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ជិត ២៤០ នាក់​ដែល​ក្រុម​ហាម៉ាស់​បាន​ឃុំ​ទុក​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ពលរដ្ឋ​អាមេរិកាំង ៩ នាក់​និង​ជន​បរទេស​ម្នាក់​ដែល​មាន​សិទ្ធិ​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com