អន្តរជាតិ
របាយការណ៍​ថា រុស្ស៊ី​សាងសង់​រោងចក្រ​ផលិត​ដ្រូន​អុីរ៉ង់
16, Nov 2023 , 7:59 am        
រូបភាព
រូបឯកសារ៖ នៅក្នុង​រូបភាព​ដែល​ចេញផ្សាយ​ដោយ​គេហទំព័រ​ផ្លូវការ​របស់​កងទ័ព​អ៊ីរ៉ង់ នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បង្ហាញពី​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន) ដែល​ផលិត​ដោយ​អ៊ីរ៉ង់ ត្រូវបាន​ដាក់​បង្ហាញ​នៅក្នុង​ពិធី​មួយ។
រូបឯកសារ៖ នៅក្នុង​រូបភាព​ដែល​ចេញផ្សាយ​ដោយ​គេហទំព័រ​ផ្លូវការ​របស់​កងទ័ព​អ៊ីរ៉ង់ នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បង្ហាញពី​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន) ដែល​ផលិត​ដោយ​អ៊ីរ៉ង់ ត្រូវបាន​ដាក់​បង្ហាញ​នៅក្នុង​ពិធី​មួយ។
ដោយ: VOA
រូបភាពពី​ផ្កាយ​រណប​បានបង្ហាញ​ពី​ការ​ចម្រើន​ទៅ​មុខ​នៃ​ការ​សាងសង់រោងចក្រ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​រុស្ស៊ី​ ដែល​នឹង​ផលិតយន្តហោះដ្រូន​ kamikaze ដែល​រចនា​ឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់ ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​រំពឹង​ថា​នឹង​ធ្វើ​ជា​ឧបករណ៍​វាយប្រហារ​ទៅ​លើ​គោលដៅ​ថាមពល​នានារ​បស់​អ៊ុយក្រែន។ នេះ​បើ​តាម​​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ។​



បើ​ទោះ​បី​ជា​ការសាងសង់​នេះ​មាន​ការ​ចម្រើន​ទៅ​មុខ​យ៉ាង​ណា​ក្តី​ ក៏​ទាំង​សហរដ្ឋអាមេរិក​និង​ក្រុម​សម្ព័ន្ធ​មិត្តរបស់​ខ្លួន​ មិន​បាន​ដាក់​ទណ្ឌកម្មលើ​ក្រុមហ៊ុន​ JSC Alabuga ដែល​ជា​ម្ចាស់កម្មសិទ្ធ​នៃរោងចក្រ​កំពុង​ដំណើរការ​សាងសង់នេះ​ ឬ​ក្រុមហ៊ុនដែល​ជាប់ពាក់ព័ន្ធនោះ​ឡើយ។ ​នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​វិទ្យាស្ថានវិទ្យាសាស្ត្រ​និង​របាយការណ៍​សន្តិសុខ​អន្តរជាតិ។​
 
សេតវិមាន​អាមេរិក ស្ថានទូត​រុស្ស៊ីក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ស្ថានបេសកកម្ម​អ៊ីរ៉ង់ប្រចាំ​អង្គការ​សហប្រជាជាតិ​ មិន​បាន​ឆ្លើយតប​ភ្លាមៗ​លើ​ការ​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។
 
របាយការណ៍​បាន​ឱ្យ​ដឹង​ថា រូប​ភាព​ពី​ផ្កាយ​រណប​កាលពី​ពាក់កណ្តាល​ខែ​កញ្ញាកន្លង​ទៅ​បាន​បង្ហាញ​ថា​ ការ​សាងសង់​ថ្មីៗនៅ​ទី​តាំង​រោងចក្រនោះ​ដូច​គ្នា​នឹង​ប្លង់​អគា​មួយ​ដែល​មាន​ការ​បែកធ្លាយ​ ហើយ​ដែលកាសែត​ Washington Post ​បាន​ផ្តល់​ដល់វិទ្យាស្ថាន​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​ឆ្នាំ​នេះ។​
 
រូបភាព​តាម​ផ្កាយ​រណបក៏​បានបង្ហាញ​ពីសំណង់​ផ្សេងៗមួយ​ចំនួន​ទៀត​ ក៏​ដូច​ជាប៉ុស្តិ៍ត្រួតពិនិត្យ​សន្តិសុខថ្មី​ៗ​នៅ​ក្នុង​បរិវេណ​រោងចក្រ​នោះ​ផងដែរ។ ​នេះបើតាម​ការ​លើក​ឡើង​របស់​របាយការណ៍​នេះ។ រោងចក្រ​នេះ​ មាន​ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ​ភាគខាង​កើតរដ្ឋធានី​មូស្គូ​ ក្នុង​សាធារណរដ្ឋ​Tartarstan​ នៃ​សហព័ន្ធ​រុស្ស៊ី។​
 
ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy កាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅ​ បាន​ព្រមានប្រទេស​របស់​លោកឱ្យ​ត្រៀម​ខ្លួន​ចំពោះ​ការ​វាយប្រហាររបស់​រុស្ស៊ី​លើ​ហេដ្ឋារចនា​សម្ព័ន្ធថាមពល​នានា​របស់​ខ្លួន៕

© រក្សាសិទ្ធិដោយ thmeythmey.com