អន្តរជាតិ
កូរ៉េខាងត្បូង គ្រោងហាមឃាត់ការបរិភោគសាច់ឆ្កែ
19, Nov 2023 , 4:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
ប្រធានគោលនយោបាយបក្សកាន់អំណាចកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី១៩ ខែវិច្ឆិកាពីបំណងក្នុងការហាមឃាត់ការបរិភោគសាច់ឆ្កែ និងភាពចម្រូងចម្រាសលើទំនៀមទម្លាប់បុរាណលើការបរិភោគមួយនេះ ស្របពេលដែលការយល់ដឹងអំពីសិទ្ធិសត្វនៅប្រទេសមានការកើនឡើង។

 
ទម្លាប់នៃការបរិភោគសាច់ឆ្កែនៅក្នុងប្រទេសមួយនេះ បានទទួលការរិះគន់ពីប្រទេសនានាទៅលើភាពឃោរឃៅនៅការបរិភោគបែបនេះ ខណៈពេលដែលការប្រឆាំងពីសំណាក់ក្មេងជំនាន់ក្រោយនៅក្នុងក៏កើនឡើងរឹតតែខ្លាំង។ 
 
«វាដល់ពេលហើយដើម្បីបញ្ចប់ជម្លោះនៅក្នុងសង្គម និងភាពចម្រូងចម្រាសជុំវិញការទទួលទានសាច់ឆ្កែតាមរយៈការអនុម័តនូវទង្វើពិសេសមួយដើម្បីបញ្ចប់វា» ។ លោក Yu Eui-dong ដែលជាប្រធានគោលនយោបាយនៃគណបក្សអំណាចប្រជាជនបានថ្លែងបែបនេះ។ 
 
លើសពីនេះ លោក Yu ក៏បានបន្ថែមថា រដ្ឋាភិបាល និងគណបក្សកាន់អំណាចនឹងដាក់ចេញនូវសេចក្តីព្រាងច្បាប់នៅឆ្នាំនេះ ដើម្បីអនុវត្តការហាមប្រាមការទទួលទាន។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូងលោក Chung Hwang-keun ក៏បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តការហាមឃាត់យ៉ាងឆាប់រហ័ស និងផ្តល់ការគាំទ្រជាអតិបរមាសម្រាប់ប្រជាជនដែលស្ថិតនៅក្នុងឧស្សាហកម្មសាច់ឆ្កែនេះដើម្បីបិទនូវអាជីវកម្មរបស់ពួកគេ។
 
ទាក់ទងនឹងការបរិភោគសាច់ឆ្កែនេះ ស្ត្រីទីមួយ Kim Keon Hee របស់កូរ៉េខាងត្បូងក៏ធ្លាប់ជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះការទទួលទានសាច់ឆ្កែផងដែរ។ ដោយលោកស្រី រួមជាមួយនឹងលោក Yoon Suk Yeol ក៏បានចិញ្ចឹមឆ្កែវង្វេងផងដែរ។
 
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ប្រឆាំងនឹងការបរិភោគសាច់ឆ្កែនេះបានទទួលការបរាជ័យប៉ុន្មានលើកមកហើយ ដោយសារមានការតវ៉ាប្រឆាំងពីសំណាក់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម និងបានសម្ដែងការព្រួយបារម្ភអំពីជីវភាពរបស់ពួកគេ។ 
 
យ៉ាងណាក្ដី នៅក្នុងការហាមឃាត់ថ្មីដែលបានស្នើថ្មីនេះ​ វានឹងរួមបញ្ចូលរយៈពេលអនុគ្រោះ៣ឆ្នាំ ហើយមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកមរដើម្បីផ្លាស់ប្តូរចេញពីអាជីវកម្មមួយនេះ៕

Tag:
 សាច់ឆ្កែ
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com