ជាតិ
ពលរដ្ឋ១ម៉ឺននាក់ បានដាក់ពាក្យប្រឡង ជាមន្ត្រីកសិកម្មតាមឃុំ-សង្កាត់
20, Nov 2023 , 6:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
ភ្នំពេញ៖ ពលរដ្ឋប្រមាណ១ម៉ឺននាក់ បានដាក់ពាក្យសុំបម្រើការងារជាមន្ត្រីកសិកម្មតាមមូលដ្ឋាន ខណៈរដ្ឋាភិបាលជ្រើសរើសត្រឹម២៥០នាក់ប៉ុណ្ណោះ។

 
សម្តេច ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ​ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» បានណែនាំ ឱ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងមុខងារសាធារណៈ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ ឱ្យបានតម្លាភាព ប្រកបគុណភាព និងសមត្ថភាព។ 
 
នៅក្រសួងកសិកម្ម ថ្ងៃទី២០វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងកសិកម្ម បើកទូលាយដល់បេក្ខជនដែលនឹងត្រូវជ្រើសរើសជាមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ ដោយផ្ដោតលើមានចំណេះដឹង ,ជំនាញវិជ្ជាជីវៈកសិកម្ម និងសមត្ថភាពក្នុងការបំពេញការងារនៅមូលដ្ឋាន។ បើតាមសម្ដេច ហ៊ុន ម៉ាណែត បេក្ខជនប្រមាណ១ម៉ឺននាក់ហើយ ដែលបានដាក់ពាក្យសុំប្រឡងជាមន្ត្រីកសិកម្មតាមមូលដ្ឋាន ខណៈចំនួនជ្រើសរើសត្រឹម២៥០នាក់។ 
 
ចំពោះការប្រឡងប្រជែងជ្រើសរើសយកមន្ត្រីកសិកម្មទៅបម្រើពលរដ្ឋតាមឃុំ-សង្កាត់ សម្តេច ហ៊ុន ម៉ាណែត អះអាងបែបនេះ៖ «យើងធានា អ្នកមានសមត្ថភាព ចេះគឺជាប់»។ 
 
កាលពីឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ លុះចូលអាណត្តិថ្មីនេះ សម្តេច ហ៊ុន ម៉ាណែត បានពន្លឿនការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់នេះ ដោយជ្រើសរើសចំនួន២៥០នាក់នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ នឹងជ្រើសរើស៨០០នាក់ ហើយឆ្នាំ២០២៥ នឹងជ្រើសរើស៥៥០នាក់។ 
 
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ កម្មវិធីគោលនយោបាយទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។ កម្មវិធីទី២ ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ កម្មវិធីទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។  
 
កម្មវិធីទី៤ ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ កម្មវិធីទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ​នៅតាមទីជនបទ៕ 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com