ជាតិ
អារ៉ាប៊ីសាអូឌីត គ្រោងបើកស្ថានទូតនៅកម្ពុជា នាឆ្នាំក្រោយ
20, Nov 2023 , 9:29 pm        
រូបភាព
ជំនួបរវាង លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូ តអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ រូបពី ក្រសួងមហាផ្ទៃ
ជំនួបរវាង លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូ តអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ម៉ូហាំម៉េដ អ៊ីស្មែល អេ. ដាល់វី ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានប្រាប់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ក្នុងរយៈពេល៤ខែទៀត ភាគីអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជា ជាផ្លូវការ។

 
កម្ពុជានិងអារ៉ាប៊ីសាអូឌី តាមរយៈក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ នឹងឈាន ទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ ការឯកភាពគ្នានេះ ធ្វើឡើងតាមជំនួបរវាងលោក ស សុខា និងលោក ម៉ូហាំម៉េដ កាលពីថ្ងៃទី១៥វិច្ឆិកា នៅក្រសួងមហាផ្ទៃ នាទីក្រុងភ្នំពេញ។ 
 
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា លោក ម៉ូហាំម៉េដ បានប្រាប់ទៅ លោក ស សុខា ពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសរវាងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។  
 
ជាមួយគ្នាដែរ លោក ម៉ូហាំម៉េដ បានលើកឡើងថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត នឹងអាចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នារយៈពេល ៤ខែខាងមុខ ។ លោក សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបើកស្ថានទូតនៅអារ៉ាប៊ីសាអូឌីតនាពេលអនាគតដូចគ្នាដែរ។ នេះបើតាមលោក សុឃៈ។
 
ជាការឆ្លើយតប លោក ស សុខា ចាត់ទុកវត្តមានរបស់ លោកឯកអគ្គរាជទូតនាពេលនេះ បានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។ 
 
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ភាគីអារ៉ាប៊ីសាអូឌីតគ្រោងបើកស្ថានទូតនៅកម្ពុជា ពិតប្រាកដមែន។ អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ WhatsApp កាលពីរសៀលថ្ងៃទី១៨ ថា ភាគីប្រទេសទាំងពីរ នឹងផ្តល់កិច្ចសហការឱ្យគ្នា ក្នុងកិច្ចដំណើរការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីត នៅភ្នំពេញ។ 
 
បើតាមលោក សុខខឿន ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ជាគោលដៅមួយ ដែលកម្ពុជានឹងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ផងដែរ ។ ទន្ទឹមនឹងនេះ លោក អាន សុខខឿន បានវាយតម្លៃយ៉ាងដូច្នេះ៖ «ការសម្រេចចិត្តបើកស្ថានទូតនេះ ឆ្លុះបញ្ជាំងនូវសារៈសំខាន់របស់កម្ពុជា ចំពោះអារ៉ាប៊ីសាអូឌីត ស្របពេលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីកំពុងរីកលូតលាស់»។ 
 
ក្នុងកិច្ចខិតខំប្រឹងប្រែងរឹតចំណងមិត្តភាពនិងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូចាស់ និងថ្មី ក្នុងក្របខណ្ឌទេ្វភាគីនិងពហុភាគី កម្ពុជាគ្រោងពង្រីកវត្តមានស្ថានទូត នៅក្នុងតំបន់មួយចំនួនទៀត។ លោក សុខខឿន លើកឡើងបែបនេះ៕ 

Tag:
 ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com