អន្តរជាតិ
អាមេរិកនិងចិនឯកភាពគ្នាចាប់ផ្ដើមឡើងវិញនូវការបង្ក្រាបលើថ្នាំញៀនហ្វេនតានីល 
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping មុនជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
×![]()
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានឯកភាពគ្នាកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលចិននឹងបង្ក្រាបលើក្រុមហ៊ុននានានៅក្នុងប្រទេសចិនដែលផលិតសារធាតុគីមីសម្រាប់ថ្នាំញៀនហ្វេនតានីល (Fentanyl) ដែលនេះជាការព្រមព្រៀងមួយដែលលោក Biden ថានឹង «ជួយសង្គ្រោះជីវិតមនុស្ស»។
ជាការតបស្នងទៅវិញ រដ្ឋបាលរបស់លោក Biden បានយល់ព្រមដកចេញនូវទណ្ឌកម្មដែលរដ្ឋាភិបាលអាមេរិកបានដាក់លើមជ្ឈមណ្ឌលកំណត់ភ័ស្តុតាងរូបវ័ន្តនៃក្រសួងសន្តិសុខសាធារណៈនិងមន្ទីរពិសោធន៍ជាតិថ្នាំញៀនរបស់ប្រទេសចិន។
កាលពីខែឧសភាឆ្នាំ ២០២០ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ទីរពិសោធន៍ជាតិថ្នាំញៀនរបស់ចិនសម្រាប់ការពាក់ព័ន្ធរបស់ក្រសួងនេះនៅក្នុងការរំលោភសិទ្ធិមនុស្សលើជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) និងជាតិសាសន៍ភាគតិចផ្សេងទៀតនៅក្នុងតំបន់ Xinjiang នៃប្រទេសចិន។
ប្រទេសចិន ដែលជាប្រភពនៃសារធាតុដើមរបស់ថ្នាំញៀនហ្វេនតានីលដែលប្រើនៅក្នុងសហរដ្ឋអាមេរិក បានអះអាងថា ការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក «បានប៉ះពាល់ធ្ងន់ធ្ងរ» ដល់ការត្រួតពិនិត្យនិងការធ្វើតេស្តលើសារធាតុដែលពាក់ព័ន្ធនឹងថ្នាំញៀនហ្វេនតានីល និងបង្អាក់ដល់ «ឆន្ទៈល្អ» របស់ខ្លួន «នៅក្នុងការជួយសហរដ្ឋអាមេរិកគ្រប់គ្រងថ្នាំញៀន»។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតចិននៅក្នុងសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com