កីឡាជាតិ
ជាតិ
គុនខ្មែរពិភពលោក៖ លោក មាម រ៉ា ស្នើចៅក្រមផ្តល់ពិន្ទុសុក្រិត ដើម្បីមុខមាត់គុនបុរាណខ្មែរ
21, Nov 2023 , 2:07 pm        
រូបភាព
លោក មាម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ
លោក មាម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ
១៧ប្រទេសមកពីអឺរ៉ុប អាម៉េរិកឡទីន អាហ្វ្រិក និងអាស៊ី ចូលរួមការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅទឹកដីសៀមរាម។ លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ស្នើគណៈកម្មាការរៀបចំព្រឹត្តិការណ៍នេះឱ្យមានសុក្រិតភាព ឈ្នះដឹងឈ្នះ ចាញ់ដឹងចាញ់។


ក្នុងសន្និសីទសារព័ត៌មានការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី២០ ខែវិច្ឆិកា លោក មាម រ៉ា បានបង្ហាញសមាសភាពកីឡាកកម្ពុជាទាំង២៥រូប ដែលរួមមានកីឡាករល្បីៗដូចជា ផល សោភ័ណ្ឌ រឿង សោភ័ណ្ឌ ខាំ ខ្លានាង និង ឈុត សេរីវ៉ាន់ថង ជាដើម ដើម្បីតតាំងកីឡាបរទេស៣៩រូប មកពី១៦ប្រទេស ដែលជាសមាជិកគុនខ្មែរ លើសង្វៀននៅទឹកដីខេត្តសៀមរាប ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។
 
ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ លើកឡើងថា ការរៀបកម្មវិធីប្រកួតគុនខ្មែរពិភពលោក ក្នុងគោលដៅផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរឱ្យប្រទេសផ្សេងបានស្គាល់ និងឈានទៅបញ្ចូលក្នុងកីឡាអូឡាំពិកនៅឆ្នាំ២០៣២។ ដើម្បីស្របតាមហិច្ឆតានេះ លោក មាម រ៉ា ក៏ដូចជាលោក លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទូចឱ្យកីឡាករកម្ពុជាប្រកួតដោយបច្ចេកទេស ដោយឆ្លាសវៃ ជៀសវាងប្រកួតដោយកំហឹង។



ជៀសវាងប្រកួតដោយកំហឹង និងប្រកបដោយគុណធម៌ក្នុងនាមជាកីឡាករម្ចាស់ក្បាច់គុន ដោយសារការប្រកួតនេះមិនត្រឹមតែជាការប្រកួតឈ្នះចាញ់ ដើម្បីតែខ្សែក្រវាត់ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតដើម្បីធ្វើទីផ្សារគុនខ្មែរ និងបន្សល់ទុកអនុស្សាវរីយ៍ល្អៗដល់កីឡាករបរទេស ដែលមានវត្តមាននៅសង្វៀនលើទឹកដីអង្គរ។
 
លើសពីនេះ លោក មាម រ៉ា ក៏បានស្នើដល់គណៈកម្មាការរៀបចំប្រកួតគុនខ្មែរពិភពលោកលើកទី៤នេះ ធ្វើយ៉ាងណាផ្តល់ពិន្ទុដោយសុក្រិតផងដែរ។ «សូមឱ្យគណៈកម្មាការរៀបចំ ឈរលើគោលការ Fair Play [សុក្រិតភាព] ឈ្នះដឹងឈ្នះ ចាញ់ដឹងចាញ់។ ពិតណាស់នៅលើសង្វៀន កីឡាករដឹងថាខ្លួនឈ្នះ ឬចាញ់បាត់ទៅហើយ ប៉ុន្តែ បើគេឈ្នះហើយ យើងឱ្យគេចាញ់ គេនឹងមើលងាយយើង។ ជាមុខមាត់ប្រទេសយើង គឺស្ថិតលើកីឡាករ និងអ្នករៀបចំរបស់យើង»។ នេះជាការបញ្ជាក់របស់ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ។
  


កីឡាករបរទេសទាំង៣៩ មកពី១៦ប្រទេស ដែលនឹងចូលរួមព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោកលើកទី៤ រួមមាន ម៉ូរីស១នាក់ រុស្ស៊ី៦នាក់ ឥណ្ឌា៦នាក់ កាហ្សាក់ស្ថាន៤នាក់ អ៊ីរ៉ង់៤នាក់ ជប៉ុន៣នាក់ ហ្វីលីពីន៥នាក់ ឥណ្ឌូណេស៊ី៤នាក់ កាមេរ៉ូន១នាក់ អូស្ត្រាលី១នាក់ ថៃ១នាក់ ម៉ាឡេស៊ី១ អាហ្សង់ទីន១នាក់ និងឡាវ១នាក់។ ក្រៅពីនេះកីឡាករម្ចាស់ផ្ទះកម្ពុជាមាន២៥រូប ដោយប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ចំនួន៦ និងប្រកួតមិត្តភាពអន្តរជាតិ ដែលក្នុងនោះក៏មានជំនួបកីឡាករក្មេងៗផងដែរ សរុប៣២គូ។
 
បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ មានសមាជិកជាង ៦០ប្រទេស និងរំពឹងទទួលបានសមាជិកបន្ថែមជាបន្តបន្ទាប់ទៀតក្នុងរយៈពេលខ្លីខាងមុខនេះ ដើម្បីសម្រេចគោលទទួលស្គាល់ពីអូឡាំពិកអាស៊ី រហូតឈានដល់អូឡាំពិក៕



Tag:
 គុខខ្មែរ
  គុនខ្មែរជ្រើសរើសជើងឯកពិភពលោក
  មាម រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com